សមត្ថកិច្ច​ចម្រុះ​ស្រង់​ស្ថិតិ​ព្រះសង្ឃ​សិស្ស​និង​និស្សិត​នៅ​វត្ត​ស្ទឹងមានជ័យ

0:00 / 0:00

សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ និង​ក្រុម​សន្តិសុខ​ប្រមាណ ៧០​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​តាម​កុដិ​នីមួយៗ​ក្នុង​វត្ត​ស្ទឹងមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ។ ការ​ដាក់​ពង្រាយ​កម្លាំង​នោះ គឺ​នៅ​ខណៈ​ដែល​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ចុះ​ស្រង់​ស្ថិតិ​ពី​ចំនួន​ព្រះសង្ឃ សិស្ស និស្សិត ដែល​កំពុង​គង់ និង​ស្នាក់​នៅ​ក្នុង​វត្ត។

អភិបាល​រង​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ដឹក​នាំ​គណៈកម្មការ​ចម្រុះ​មាន​មន្ត្រី​នៃ​ក្រសួង​ធម្មការ និង​សាសនា និង​អភិបាល​រង​ខណ្ឌ​មានជ័យ អម​ដោយ​កង​កម្លាំង​សមត្ថកិច្ច ចុះ​ស្រង់​ស្ថិតិ​នៅ​វត្ថ​ស្ទឹងមានជ័យ។ បន្ទាប់​ពី​ដើរ​ពិនិត្យ​មើល​តាម​កុដិ​នីមួយៗ លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា ការ​ចុះ​ស្រង់​ស្ថិតិ​នេះ គឺ​ធ្វើ​ទៅ​តាម​ការ​ស្នើសុំ​របស់​ព្រះ​ចៅ​អធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ។

លោក​បន្ត​ថា មូលហេតុ​នៃ​ការ​ស្រង់​ស្ថិតិ គឺ​ដើម្បី​ឲ្យ​ដឹង​ចំនួន​ព្រះសង្ឃ សិស្ស និស្សិត​ពិត​ប្រាកដ។ លោក​បញ្ជាក់​ថា ការ​ចុះ​ស្រង់​ស្ថិតិ​នេះ មិន​ធ្វើ​ត្រឹម​តែ​ក្នុង​វត្ត​ស្ទឹងមានជ័យ ទេ សកម្មភាព​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​បន្ត​ធ្វើ​ទៅ​តាម​វត្ត​អារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន។ ចំណែក​ការ​ដាក់​កម្លាំង​សមត្ថកិច្ច​មក​ជាមួយ​នេះ ដោយសារ​តែ​លោក​យល់​ថា អាច​នឹង​មាន​បាតុភាព​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង ខណៈ​អាជ្ញាធរ​ស្រង់​ស្ថិតិ៖ «តាម​ពិត​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​មនុស្ស​ល្អ​ជា​គេ​អត់​ដែល​គេច គេ​អរ​ណាស់​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះ​មក បើ​ជន​ពាក់​ឯកសណ្ធាន​មិន​គួរ​ព្រួយ​បារម្ភ ព្រោះ​អី​មិន​មែន​មក​ប្លន់ គឺ​មក​ដើម្បី​ការពារ​សុវត្ថិភាព»

ទាក់ទង​នឹង​សកម្មភាព​ស្រង់​ស្ថិតិ​ពី​អាជ្ញាធរ​នេះ ព្រះ​ចៅ​អធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ ព្រះតេជព្រះគុណ ថៃ ប៊ុនធឿន មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​ព្រះអង្គ​សហការ​ជាមួយ​នឹង​សាលា​រាជធានី​ភ្នំពេញ និង​គណៈកម្មការ​ចម្រុះ​ពេល​នេះ ដោយសារ​តែ​ព្រះអង្គ​ព្រួយ​បារម្ភ​ពី​ភាព​មិន​ប្រក្រតី​ដែល​ធ្លាប់​កើត​មាន​ក្នុង​វត្ត​កន្លង​មក៖ «មិន​មែន​ទើប​តែ​លើក​ទី​១​ទេ នៅ​កន្លែង​យើង​នេះ ការ​ចុះ​ធ្វើ​រដ្ឋបាល​នៅ​មិន​ទាន់​អស់​ពួក​នៅ​តាម​ចេតិយ​ជក់​ម៉ា​ហិត​កាវ​អី​អ៊ីចឹង»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាម​ដាន​សកម្មភាព​នេះ​យល់​ថា ការ​ចុះ​ស្រង់​ស្ថិតិ​ក្នុង​វត្ត​បែប​នេះ គួរ​ណាស់​តែ​មាន​មន្ត្រី​សង្ឃ​ឲ្យ​បាន​ច្រើន​ជាង​អាជ្ញាធរ។ លោក​បន្ត​ថា ការ​ដាក់​តែ​មន្ត្រី​អាជ្ញាធរ​អម​ដោយ​កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់​ដូច្នេះ អាច​ជា​ទិដ្ឋភាព​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​វត្ត​ទំនង​ជា​យល់​ថា នេះ​អាច​ជា​សកម្មភាព​ចុះ​តាម​ចាប់​ជន​ទុច្ចរិត​ទៅ​វិញ៖ «ការ​ដាក់​រូបភាព​ច្រើន​យ៉ាង​នេះ ប្រជាពលរដ្ឋ​ដែល​គេ​មិន​ដឹង គេ​មិន​គិត​ថា​ធ្វើ​រដ្ឋបាល​ទេ គេ​គិត​ថា​ចូល​មក​ឆែកឆេរ​ចូល​មក​ចាប់​អ៊ីចឹង»

វត្ត​ស្ទឹងមានជ័យ ភាគ​ច្រើន​គេ​ស្គាល់​ថា​ជា​កន្លែង​ដែល​ផ្តល់​ការ​ស្នាក់​អាស្រ័យ​ដល់​អ្នក​តវ៉ា​ដីធ្លី​មក​ពី​តាម​ខេត្ត​នានា ដែល​ស្វែង​រក​ដំណោះស្រាយ​លើ​រឿង​ដីធ្លី​របស់​ពួក​គេ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។