សាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយចំនួនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ស្ដីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ បានណែនាំឲ្យមន្ទីរ អង្គភាព សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនដោយហាមដាច់ខាតដូចជា មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទ មិនឲ្យលេងល្បែងស៊ីសង រាល់ការហែក្បួនផ្សេងៗបែបសាសនា និងប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
ចំណែកឯសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការកុំឲ្យនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចេញចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនោះ ដែលមានទីតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងដដែលបានសរសេរទៀតថា នៅទីកន្លែងកម្សាន្តសប្បាយនានា ទាំងនៅតាមស្ថាប័ន និងអង្គភាពត្រូវរក្សាសន្តិសុខ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នអគ្គិសនី និងចរន្តអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្ដាសមាគមចិន វៀតណាម ដើម្បីផ្សព្វផ្សាយខ្លឹមសារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
