អាជ្ញាធរ​ខេត្ត​ក្រចេះ​គ្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​​ពី​តំបន់​បាក់​ច្រាំង​ទន្លេ​ក្រោយ​បុណ្យ​អុំ​ទូក

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ក្រចេះ គ្រោង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​តំបន់​បាក់​ច្រាំង​ទន្លេ​មេគង្គ ទៅ​រស់​នៅ​តំបន់​ផ្សេង​ក្រោយ​បុណ្យ​អុំ​ទូក។ អាជ្ញាធរ​ជ្រើស​យក​ដំណោះស្រាយ​ដូច​នេះ ដោយ​អះអាង ភូមិសាស្ត្រ​ភូមិ​ថ្ម​គ្រែលើ ក្នុង​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ជា​កន្លែង​ដែល​ដង្ហើម​ទឹក​ហូរ​ពី​ភ្នំ​ចុះ​មក ដូច្នេះ​ដី​នៅ​ទីនោះ​អាច​នឹង​បាក់​បន្ត​ទៀត។

​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​គ្រួសារ​ដែល​អាជ្ញាធរ​ខេត្ត​ក្រចេះ គ្រោង​ជម្លៀស​ក្រោយ​បុណ្យ​អុំ​ទូក​នោះ ជា​ជំហាន​ទី​១ និង​ក្រោយ​មក​ទៀត គឺ​ប្រជាពលរដ្ឋ​ដែល​ន​រស់​ក្បែរ​កន្លែង​បាក់​ច្រាំង​ទន្លេ​ប្រមាណ​ជា ២០០​គ្រួសារ។ ចំណាត់​ការ​នេះ បន្ទាប់​ពី​ច្រាំងទន្លេ​ប្រវែង ៤៣៦​ម៉ែត្រ បាន​បាក់​ធ្លាក់​ចូល​ទន្លេ​ជម្រៅ​ជាង ១០​ម៉ែត្រ កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ក្នុង​រយៈពេល​ជាង ២​ម៉ោង​ប៉ុណ្ណោះ។

​អភិបាល​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ លោក សួន ញ៉ាក់ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មន្ត្រី​ជំនាញ​រក​ឃើញ​ថា ច្រាំង​ទន្លេ​នឹង​បន្ត​បាក់​ទៀត អាជ្ញាធរ​នឹង​ដាក់​តំបន់​នោះ​ជា​តំបន់​ប្រកាស​អាសន្ន និង​មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ទេ។ លោក​អភិបាល​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​រក​ឃើញ​នៃ​ការ​បាក់​ច្រាំងទន្លេ បណ្ដាល​មក​ពី​តំបន់​នោះ គឺ​មាន​ខ្សែទឹក​ហូរ​នៅ​ក្រោម​ដី។

លោក​អភិបាលស្រុក​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ទាំង​ប្រាំពីរ​គ្រួសារ​ដំបូង​នោះ គឺ​អាជ្ញាធរ​ផ្ដល់​ដី​ឲ្យ​ពួកគេ​ទំហំ ១០​ម៉ែត្រ គុណ ៥០​ម៉ែត្រ​ក្នុង​មួយ​គ្រួសារ។ ​ដី​នោះ​ស្ថិត​ក្នុង​ភូមិ​ឃុំ​ដដែល ប៉ុន្តែ​នៅ​ឆ្ងាយ​ពី​កន្លែង​បាក់​ច្រាំង​ទន្លេ​ជាង ២​គីឡូម៉ែត្រ៖ «យើង​មិន​អនុញ្ញាត មិន​អាច​ឲ្យ​ពួក​គាត់​នៅ​បាន​ទេ យើង​ត្រូវ​ប្រកាស​អាសន្ន​ឲ្យ​គាត់​បាន​ដឹង​ពី​ឥឡូវ​ហើយ។ យើង​មិន​អាច​ជួសជុល​បាន​ទៀត​ទេ ព្រោះ​ផ្លូវ​នោះ​គ្រឹះ​ខាង​ក្រោម​អត់​មាន​ទេ វា​ច្រោះ មិន​មែន​មក​ពី​បូម​ខ្សាច់​អី​ទេ ឬ​ធ្វើ​អី​ទេ នេះ​វា​ខ្សែ​ទឹក ប្រឡាយ​ទឹក​វា​កៀក​នឹង​ច្រាំង​តែម្ដង ព្រោះ​ខ្សាច់​វា​ដុះ​ខាង​ត្រើយ​ម្ខាង វា​កៀក​ប្រឡាយ​វា​ច្រោះ​ខាង​ជើង​ក្រោម​ច្រាំង អ៊ីចឹង​អត់​មាន​លទ្ធភាព​ធ្វើ​ផ្លូវ​ឡើង​វិញ​បាន​ទេ កន្លែង​ហ្នឹង​ត្រូវ​តែ​បោះបង់​ចោល»

កន្លែង​បាក់​ច្រាំង​ទន្លេ នៅ​ភូមិ​ថ្មគ្រែលើ ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៤។ RFA/Brach Chev
កន្លែង​បាក់​ច្រាំង​ទន្លេ នៅ​ភូមិ​ថ្មគ្រែលើ ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៤។ RFA/Brach Chev (RFA/Brach Chev)

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ថ្មគ្រែលើ ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី មាន​ទាំង​អស់​ជាង ៤០០​គ្រួសារ។ តាម​គម្រោង​នៅ​រយៈពេល ៥​ឆ្នាំ​ខាង​មុខ អាជ្ញាធរ​នឹង​ជម្លៀស​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​បន្ថែម​ទៀត។ ក្រោយ​ពី​បាក់​ដី អាជ្ញាធរ​បាន​យក​ឫស្សី​ធ្វើ​ជា​របង​ព័ទ្ធ​ជុំវិញ​លាប​ពណ៌​ក្រហម​ស និង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទេ។

​ជំទប់​ទី​១ ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី លោក សំ សី ដែល​ចុះ​ទៅ​ដល់​កន្លែង​បាក់​ច្រាំង​ទន្លេ ឲ្យ​ដឹង​ថា នៅ​កន្លែង​បាក់​ដី​នោះ​មាន​ទឹក​ហូរ​បី​កន្លែង​ធំៗ។ លោក​ថា ដី​ដែល​បាក់​ខ្លាំង​មាន​ប្រវែង ១៥០​ម៉ែត្រ​នៃ​ប្រវែង​សរុប​ជាង ៤៣៦​ម៉ែត្រ។ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ ឬ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទេ។

​លោក សំ សី៖ «ប្រឡោះ​ដែល​បាក់​ហ្នឹង​មាន​ទឹក​ហូរ​ពី​ក្រោយ​មក​បី​ប្រឡោះ ទឹក​ហូរ​ក្រោម​ដី​គួរ​សម​ដែរ វា​ច្រោះៗ​មក ហូរ​វ៉ាវៗ​មក។ ប៉ុន្តែ វា​មិនមែន​កើត​ឥឡូវ​ទេ វា​កើត​យូរ​ឆ្នាំ​មក​ហើយ​ទឹក​ហូរ​រិញៗ​ហ្នឹង ប៉ុន្តែ​វា​មិន​ទាន់​ស្រុត ប៉ុន្តែ​ដល់​ពេល​ហ្នឹង​ដូច​ទឹក​វា​ធំ ដី​វា​អាច​រលាយ​វា​ស្រុត​ស្រឹប​តែម្ដង»

​ប្រជាពលរដ្ឋ​ចំនួន​ប្រាំពីរ​គ្រួសារ​ដែល​ត្រូវ​ជម្លៀស​ចេញ​នោះ ជា​អ្នក​រស់​នៅ​តាម​បណ្ដោយ​ទន្លេ​ជាប់​នឹង​កន្លែង​បាក់​ច្រាំង​តែម្ដង អ្នក​ខ្លះ​បាន​រុះរើ​ផ្ទះសំបែង​ចេញ​បណ្តើរៗ​ហើយ។ ពួកគេ​ភាគ​ច្រើន​ប្រកប​របរ​នេសាទ​ត្រី និង​ធ្វើ​ក្រឡាន​លក់។

លោក វ៉ាន សុផល អាយុ ៤២​ឆ្នាំ ដែល​កំពុង​រុះរើ​ផ្ទះសំបែង​ចេញ​ពី​ច្រាំងទន្លេ បាន​ឯកភាព​ចំពោះ​ការ​ជម្លៀស​ចេញ​របស់​អាជ្ញាធរ ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​កន្លែង​ណា​ដែល​លោក​អាច​ប្រកប​របរ​លក់​ក្រឡាន​ដូច​សព្វ​ថ្ងៃ និង​សុំ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ថវិកា​ខ្លះ​ជួន​លោក។

លោក​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​លោក​រស់​នៅ​ទី​នេះ នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ជួប​ប្រទះ​ករណី​បាក់​ច្រាំង​ទន្លេ​ខ្លាំង​ដូច​នេះ៖ «ចេះ​តែ​ចេញ​ទៅ បើ​មិន​ដឹង​ធ្វើ​ម៉េច បើ​គេ​ឲ្យ​ចេញ​ហើយ យើង​មិន​ហ៊ាន​ប្រឆាំង​ទេ មិន​ហ៊ាន​ប្រឆាំង​នឹង​អាជ្ញាធរ​គេ​ទេ គ្រាន់តែ​ថា​វា​ឆ្ងាយ​ពេក ដូច​ថា​ខ្ញុំ​អត់​មាន​សម្ភារៈ​អី ជិះ​ចុះ​ជិះ​ឡើង​ណា យើង​វា​អត់​មាន​លុយ​កាក់​អី​នឹង​ដំណើរ កាល​ណា​ទៅ​ឆ្ងាយ​ពេក​ផុត​ពី​កន្លែង​ការងារ​រក​ស៊ី»

​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នេះ ពួកគេ​បាន​ចោទ​ប្រកាន់​ហេតុការណ៍​នេះ​ថា បណ្ដាល​មក​ពី​មាន​ឈ្មួញ​បូម​ខ្សាច់ ព្រោះ​ចាប់​តាំង​ពី​មាន​ការ​បូម​ខ្សាច់​ក៏​មាន​ហេតុការណ៍​បាក់​ច្រាំងទន្លេ​ខ្លាំង​ដូច​នេះ​ទៅ។

​លោកស្រី នួន គឹមឆូយ ជា​អ្នក​ប្រកប​របរ​លក់​ដូរ ហើយ​ដែល​មាន​ផ្ទះ​ទល់​មុខ​នឹង​កន្លែង​បាក់​ច្រាំង​ទន្លេ​ចម្ងាយ​ជាង ៣០​ម៉ែត្រ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ចាក់​គ្រឹះ​ច្រាំង​ទន្លេ​ឲ្យ​រឹង​មាំ និង​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​ជា​ជាង​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​នេះ។

លោកស្រី នួន គឹមឆូយ ឲ្យ​ដឹង​ថា ទីកន្លែង​នេះ​ជា​ផ្លូវ​ទៅ​តំបន់​ទេសចរណ៍ ដូច្នេះ​គឺ​ងាយ​ស្រួល​ឲ្យ​អ្នកស្រី​ប្រកប​របរ​ចិញ្ចឹម​ជីវិត៖ «ចង់​សំណូមពរ​ថា ឲ្យ​គេ ដូច​ថា​រាជរដ្ឋាភិបាល​ជួយ​សម្រួល​ផ្លូវ​ហ្នឹង​អ៊ីចឹង​ទៅ ព្រោះ​ផ្លូវ​ហ្នឹង​បាក់​តិច​ដែរ វា​អត់​មាន​បាក់​ច្រើន​ទេ។ យើង​តាំង​ពី​ក្បាល​ភូមិ កន្ទុយ​ភូមិ​វា​ស្រួល​មក ផ្លូវ​ស្រួល​រហូត​ខូច​តែ​ហ្នឹង​តិច។ ចិត្ត​ខ្ញុំ ខ្ញុំ​មិន​ដឹង​ថា ជម្លៀស​ទៅ​នៅ​កន្លែង​ទៀត អូន​មើល​ផ្ទះ​ទៅ! មិន​ងាយ​រុះរើ​ទេ​ណា​អូន!»

​ភូមិសាស្ត្រ​បាក់​ច្រាំង​ទន្លេ​ខាងលើ ជា​ផ្លូវ​ដែល​ទៅ​កាន់​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត កាំពី វត្ត​សសរ​១០០ និង​ភ្នំ​សំបុក។ ក្រុមហ៊ុន​បូម​ខ្សាច់​បាន​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​នៅ​ចម្ងាយ​ពី​កន្លែង​បាក់​ដី​ប្រមាណ​ជា ៣​គីឡូម៉ែត្រ​ជាង ៦​ឆ្នាំ​មក​ហើយ។ ក្រោយ​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​រឿង​បូម​ខ្សាច់ អភិបាល​ស្រុក​ចិត្របុរី ថា​នឹង​ដាក់​សំណើ​ទៅ​ថ្នាក់​ខេត្ត​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​នេះ​ទៅ​បូម​ខ្សាច់​នៅ​កន្លែង​ផ្សេង​ដែល​ឆ្ងាយ​ពី​កន្លែង​ប្រជាពលរដ្ឋ​រស់​នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។