មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ត្រៀមចេញផ្សាយព្រឹត្តិបត្រព័ត៌មាន ឬសៀវភៅមគ្គទេសក៍ទេសចរណ៍ប្រមាណ ២ម៉ឺនក្បាល នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខ។ ប្រតិបត្ដិករទេសចរណ៍ សណ្ឋាគារ និងផលិតករក្អមឆ្នាំង ស្វាគមន៍ចំពោះគម្រោងចេញផ្សាយសៀវភៅមគ្គទេសក៍នេះ។
គម្រោង ជី.អាយ.ហ្សិត (GIZ) របស់ប្រទេសអាល្លឺម៉ង់ និងប្រតិបត្ដិករទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង នឹងគាំទ្រថវិកាបោះពុម្ពសៀវភៅនេះចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនក្បាល ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍។ គេសង្ឃឹមថា តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តដូចជា ភ្នំនាងកង្រី តំបន់ទឹកធ្លាក់ និងទីតាំងផលិតក្អមឆ្នាំង ឬកុលាលភាជន៍ជាដើម នឹងដឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈសៀវភៅនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី ថ្លែងនៅថ្ងៃទី៦ ខែកញ្ញា ថា ក្រុមការងារជំនាញនៃគម្រោង ជី.អាយ.ហ្សិត បានបោះពុម្ពគំរូសៀវភៅជូនលោកពិនិត្យ និងឆ្លងយោបល់ចំនួនបីដងរួចមកហើយ។
លោកថា តំបន់ទេសចរសំខាន់ៗ និងលេខទូរស័ព្ទផ្ដល់សេវាកម្មទេសចរដូចជាសណ្ឋាគារក្នុងខេត្តបានដាក់បញ្ចូលក្នុងសៀវភៅ ដោយបរិយាយជាភាសាអង់គ្លេស៖ «នៅក្នុងខែ៩ និងខែ ១០ នេះ អ្នកសម្របសម្រួលអន្តរជាតិហៅថា ជី.អាយ.ហ្សិត របស់អាល្លឺម៉ង់ គាត់ទៅវ៉ាកងពីរខែនៅប្រទេសគាត់ ដល់អ៊ីចឹងពេលគាត់មកវិញបានដំណើរការបន្ត។ បើសិនមើលឃើញមានការជោគជ័យហើយ យើងនឹងជួបជី.អាយ.ហ្សិត ទៀតដើម្បីរាយការណ៍លទ្ធផលជូនគាត់ ហើយគាត់ជួយយើងកម្រិតណាទៀតចាំមើលជាក់ស្ដែង»។
ម្ចាស់អាហារដ្ឋាន និងសណ្ឋាគារសុវណ្ណភូមិខេត្តកំពង់ឆ្នាំង អ្នកស្រី មួង មុន្នី ថ្លែងគាំទ្រចំពោះគម្រោងបោះពុម្ពផ្សាយសៀវភៅនេះ ហើយអ្នកស្រីសង្ឃឹមថា ការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងសណ្ឋាគារបែបនេះអាចធ្វើឲ្យភ្ញៀវដឹង និងចូលមកលេងច្រើនជាងមុន។ យ៉ាងណាអ្នកស្រីមិនសង្ឃឹមថា មានភ្ញៀវទេសចរចូលសម្រាកនៅក្នុងសណ្ឋាគារគាត់ច្រើនដូចបណ្ដាខេត្តទេសចរដទៃទេ៖ «ខ្ញុំមិនទាន់ប្រាកដដែរ ដោយសារសេដ្ឋកិច្ចក្នុងខេត្តរបស់យើងមិនទាន់មានស្ថិរភាពល្អប៉ុន្មានដែរ ព្រោះដោយសារខេត្តយើងអត់មានតំបន់ទេសចរណ៍ណាទាក់ទាញភ្ញៀវមកដូចខេត្តគេ។ អ្នកមកចូលស្នាក់នៅហ្នឹង វាសម្រាប់តែ អិន.ជី.អូ (NGO) គាត់មកធ្វើក្នុងខេត្តរបស់យើង»។
ចំណែកជំនួយការភូមិអណ្ដូងឫស្សី និងជាអ្នកផលិតកុលាលភាជន៍ ឬវត្ថុអនុស្សាវរីយ៍អំពីដី គឺអ្នកស្រី កែវ ចន្ធា មានប្រសាសន៍ថា រូបគាត់និងអ្នកភូមិត្រេកអរចំពោះការផ្សព្វផ្សាយដែលបង្កលក្ខណៈឲ្យផលិតផលរបស់ពួកគាត់មានទីផ្សារ និងភ្ញៀវមកទស្សនាច្រើន។ ប៉ុន្តែអ្នកស្រីថា បច្ចុប្បន្នភ្ញៀវទេសចរបរទេសមិននិយមទិញវត្ថុអនុស្សាវរីយ៍ ឬកុលាលភាជន៍របស់អ្នកភូមិទេ ព្រោះលំបាកដាក់តាមយន្តហោះ៖ «ខ្ញុំគិតថា បើមានសៀវភៅផ្សព្វផ្សាយពីផលិតផលហ្នឹងទៀត ក៏សង្ឃឹមភ្ញៀវទេសចរកាន់តែច្រើនជាងមុន។ ប៉ុន្តែភ្ញៀវគាត់និយាយទេណា! គាត់ថា ពេលទិញយកទៅដាក់តាមយន្តហោះ ធម្មតាមានគេបោះទីណាត់ទីណែងបែក ដល់អ៊ីចឹងគាត់អត់សូវទិញដូចមុនទេ តែបច្ចុប្បន្នបោះម៉ូយកាន់តែរីកចម្រើន»។
ទន្ទឹមនឹងការបោះពុម្ពសៀវភៅផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរទេសចរណ៍ លោក សេង សាលី ក៏ត្អូញត្អែរពីបញ្ហាពុំទាន់មានផែនទីភូមិសាស្ត្របង្ហាញតំបន់ទេសចរនីមួយៗ និងបញ្ហាមួយចំនួនទៀតដូចបញ្ហាសំរាមនៅកំពង់ផែផ្សារក្រោម ព្រោះថា បញ្ហាកង្វះអនាម័យ និងបរិស្ថានមិនស្អាតនេះ អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
