មន្ត្រីអាជ្ញាធរខេត្តរតនគិរី ប្ដេជ្ញាបង្ក្រាបកាស៊ីណូ គ្មានច្បាប់មួយកន្លែងនៅជិតច្រកទ្វារព្រំដែនអន្តរជាតិឋិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលបើកលេងជាង ៥ឆ្នាំកន្លងទៅដោយគ្មានបង់ពន្ធចូលថវិកាជាតិ។ មន្ត្រីសិទ្ធិមនុស្សស្វាគមន៍ចំពោះការសម្រេចចិត្តនេះថា ជាការរួមចំណែកលើកស្ទួយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងកាត់បន្ថយអំពើរំលោភច្បាប់។
ការសម្រេចនេះ ធ្វើឡើងតាមបទបញ្ជារបស់គណៈអភិបាលខេត្តរតនគិរី ដែលបានកំណត់ឲ្យសមត្ថកិច្ចស្រុកអូរយ៉ាដាវ បង្ក្រាបកន្លែងបើកលេងល្បែងស៊ីសងនេះឲ្យមានប្រសិទ្ធភាព។
អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ នៅថ្ងៃទី១២ ខែវិច្ឆិកា បញ្ជាក់ថា វិធានការនេះនឹងចាប់អនុវត្តនៅចុងខែវិច្ឆិកា ដោយសារតែបច្ចុប្បន្នអាជ្ញាធរស្រុកជាប់ភារៈមិនទាន់អាចរៀបចំកងកម្លាំងចុះអនុវត្តបទបញ្ជានេះបាន។
លោកទទួលស្គាល់ថា កាស៊ីណូដែលបើកលេងល្បែងស៊ីសងនេះមិនមានលិខិតបទដ្ឋានជាក់លាក់ទាក់ទិនច្បាប់ធ្វើអាជីវកម្មកាស៊ីណូ។ រីឯប្រជាពលរដ្ឋនៅមូលដ្ឋានបានប្តឹងពីបនល្បែងដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងបង្កជម្លោះក្នុងគ្រួសារ និងកើតមានអំពើលួច ប្លន់ ក្នុងមូលដ្ឋាន៖ «ប្រពន្ធក្រុមគ្រួសារជាច្រើនប្តឹងមកខ្ញុំ ទាំងនៅក្រុងបានលុង ទាំងអ្នកនៅស្ទឹងត្រែង ទាំងក្នុងស្រុក និងមូលដ្ឋាន ក៏គេសំណូមពរឲ្យខ្ញុំធ្វើកិច្ចការហ្នឹងដែរ ដោយសារប្តីខ្មែរៗ ចូលលេងល្បែងគ្រប់ប្រភេទនៅហ្នឹង។ ក្នុងនាមមន្ត្រីអាជ្ញាធរ ខ្ញុំអនុវត្តបទបញ្ជាអភិបាលខេត្តឲ្យចប់កម្មវិធីល្បែងស៊ីសងនេះ»។
បនល្បែងដែលកំពុងបើកលេងនោះមានឈ្មោះថា កាស៊ីណូក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង ហ្គ្រុប (AHS King Group) ជាកម្មសិទ្ធិរបស់ឧកញ៉ា សុខ គឹមសាន្ត។ កាលពីឆ្នាំ២០១១ បានបើកលេងរហូតមក និងឃើញមានតែលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីខែកញ្ញា ឆ្នាំ២០១០ ដែលបានយល់ព្រមជាគោលការណ៍លើលិខិតស្នើសុំរបស់ក្រុមហ៊ុនបើកមជ្ឈមណ្ឌលកម្សាន្តទេសចរណ៍ រួមមាន សណ្ឋាគារ ម៉ូតែល ភោជនីយដ្ឋាន និងក្លិបល្បែងកម្សាន្តកាស៊ីណូ ក៏ប៉ុន្តែក្រុមហ៊ុនត្រូវរៀបចំបែបបទសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមេសា ឆ្នាំ២០១១ បានធ្វើលិខិតជូនដំណឹងឲ្យក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង ហ្គ្រុប បញ្ឈប់សកម្មភាពបើកលេងល្បែងខុសច្បាប់ និងឲ្យចូលខ្លួនទៅបំពេញបែបបទស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម និងបង់ពន្ធនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ប៉ុន្តែរហូតពេលនេះ ក្រុមហ៊ុននេះមិនបានអនុវត្តតាមការជូនដំណឹងនេះទេ។
ទាក់ទិនទៅនឹងការបើកលេងល្បែងស៊ីសងនេះ ប្រធានក្រុមហ៊ុន អេ.អេច្ឆ.អេស ឃីង ហ្គ្រូប របស់ឧកញ៉ា សុខ គឹមសាន្ត បានបញ្ឈប់ការអធិប្បាយនៅថ្ងៃទី១២ ខែវិច្ឆិកា នៅពេលអ្នកយកព័ត៌មានសុំបំភ្លឺជំវិញការបើកក្លឹបល្បែងនេះ។
មន្ត្រីសម្របសម្រួលអង្គការអាដហុក (Adhoc) លោក ឆាយ ធី កត់សំគាល់ថា កាស៊ីណូខុសច្បាប់នេះធ្វើឲ្យខាតចំណូលប្រាក់ពន្ធរដ្ឋរាប់សិបម៉ឺនដុល្លារក្នុងមួយឆ្នាំៗ និងធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពច្រើនឆ្នាំមកហើយ។
កាលពីខែកក្កដា លោកបានអំពាវនាវឲ្យអាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតពីការបើកកាស៊ីណូគ្មានច្បាប់នេះ៖ «នៅមិនទាន់បិទនៅឡើយទេ ហើយមិនទាន់មានការចុះត្រួតពិនិត្យពីសមត្ថកិច្ច ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក។ ការលេងនេះក៏មានពលរដ្ឋខ្មែរមួយចំនួនផងដែរ។ គ្រាន់តែមាន ស.ជ.ណ នាំគ្នាបើកលេងមិនបានបំពេញទម្រង់បែបបទច្បាប់យូរហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យ និងមន្ត្រីទំនាក់ទំនងសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំការបញ្ជាក់ពីបញ្ហានេះបានទេ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
