អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ព្រមាន​ចាត់ការ​អ្នក​ឆ្លងដែន​កាប់​ឈើ​ខុស​ច្បាប់​នៅ​ថៃ

ដោយ ហង្ស សាវយុត
2014.09.08

ប្រភព​ព័ត៌មាន​ពី​តំបន់​ជិត​ព្រំដែន​នៃ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ រាយការណ៍​ថា កាល​ពី​២​ថ្ងៃ​មុន ទាហាន​ឈុត​​ខ្មៅ​ថៃ នៃ​ស្រុក​ណាំយឺន ខេត្ត​អ៊ូប៊ុន រ៉ាតថានី បាន​បាញ់​រះ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់ ​បណ្ដាល​ឱ្យ​ម្នាក់​ស្លាប់ និង​​របួស​ម្នាក់។

ដោយសារ​បញ្ហា​នេះ កងទ័ព​និង​អាជ្ញាធរ​ខ្មែរ​កំពុង​រៀបចំ​ផែនការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ​នោះ ហើយ​ក៏​កំពុង​តាម​រក​មុខ​ក្រុម​ឈ្មួញ​​ឈើ​មួយ​ចំនួន​ដែរ។

អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ព្រមាន​ថា នឹង​រួម​គ្នា​ជាមួយ​កម្លាំង​កងទ័ព​ដែល​ការពារ​ព្រំដែន​ខ្មែរ ​ដើម្បី​ធ្វើ​យុទ្ធនាការ​បោស​សំអាត​ក្រុម​ប្រជាពលរដ្ឋ​​​ចំណាក​ស្រុក​ទាំង​ឡាយ​ណា​ដែល​​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​​​ជិត​តំបន់​ច្រក​របៀង​ព្រំដែន​ក្នុង​បំណង​នាំ​គ្នា​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ឱ្យ​អស់​នៅ​ពេល​ខាង​មុខ​ឆាប់ៗ។

​អភិបាល​ស្រុក​ជាំក្សាន្ត គឺ​លោក ជា គឹមសេង។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កញ្ញា ថា អាជ្ញាធរ​ស្រុក​នឹង​ស្នើ​សុំ​​កម្លាំង​​​​កង​យោធពល​ខេមរភូមិន្ទ​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ នឹង​កម្លាំង​របស់​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ ដើម្បី​សហការ​បោស​សំអាត​ក្រុម​ជន​ចំណាក​ស្រុក​ពី​ខេត្ត​ផ្សេង​ណា​ដែល​ទៅ​ស្នាក់នៅ​តាម​ភូមិ​ជិត​ព្រំដែន​បំណង​ឆ្លង​ដែន​​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ឱ្យ​អស់។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​ក៏​នឹង​បង្ក្រាប​​ជនអនាធិបតេយ្យ​ខ្លះ ដែល​តែង​ដាក់​កុងត្រូល​ជជុះ​នៅ​តាម​ដង​ផ្លូវ ដើម្បី​កាក់​ទារ​លុយ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ដែរ។

លោក ជា គឹមសេ៖ «ប្រហែល​ជា ៣-​៤​ថ្ងៃ​ទៀត​នេះ​ឯង ខ្ញុំ​ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ​សូម​និយាយ​ជា​ចំហរ ខ្ញុំ​ធ្វើ​ឱ្យ​អស់ ​ទាំង​កុងត្រូល​ជជុះ​ទាំង​អី ដក​ចេញ​ឱ្យ​អស់។ យើង​ក៏​ឈឺ​ចាប់​ដែរ ជនរងគ្រោះ​គឺ​ប្រជាជន ផល​ប្រយោជន៍​គឺ​មេខ្យល់ ដែល​ខូចខិល​នៅ​ពី​ក្រោយ​ខ្នង ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្ញុំ​ទៅ»

​ប្រតិកម្ម​របស់​អភិបាល​ស្រុក​ជាំក្សាន្ត កើត​មាន​ឡើង ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ បណ្ដាល​ឱ្យ​ទាហាន​ឈុត​ខ្មៅ​ថៃ នៃ​ស្រុក​ណាំយឺន ខេត្ត​អ៊ូប៊ុន រ៉ាត់ថានី បាញ់​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​ទៀត។

ទោះ​យ៉ាង​ណា មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​ប្រចាំ​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មិន​ទាន់​អាច​ពន្យល់​អំពី​ផែនការ​ទប់ស្កាត់​ជន​ចំណាក​ស្រុក​ទាំង​នោះ យ៉ាង​ណា​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់​ឯ​ទីក្រុង​ភ្នំពេញ នៅ​ឡើយ។

ចំណែក​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ លោក សោម បុប្ផារ័ត្ន បាន​​សំដែង​ការ​ត្រេកអរ​នៅ​ពេល​ដែល​ឭ​ថា អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​​ខ្លះ​ទៀត មាន​គម្រោង​សហការ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ នោះ ពីព្រោះ​វា​ចំ​នឹង​ពេល​ដែល​កម្លាំង​របស់​លោក​កំពុង​ត្រូវ​ការ​​ដៃគូ​ការងារ។

លោក សោម បុប្ផារ័ត្ន៖ «ពួក​យើង​កំពុង​អំពាវនាវ​ឱ្យ​ខាង​សមត្ថកិច្ច ហើយ​និង​អាជ្ញាធរ​ចូល​រួម ពីព្រោះ​យើង​ធ្វើ​តែ​យើង​អត់​ឈ្នះ។ បាន​គេ​រៀបចំ​ហ្នឹង​យើង​អរគុណ​ច្រើន​ណាស់ មាន​ពេល​ខ្លះ​គាត់​ ក៏​សម្ដី​ធំៗ​ដាក់​សមត្ថកិច្ច ហើយ​និង​កម្លាំង​ដែរ គាត់​ថា​គេ​ទៅ​ងាប់​សោះ ក៏​ឃាត់​គេ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ប្រជាជន​យើង​យល់​ដឹង​មិន​ដល់ យើង​ខិតខំ​ប្រឹង​អប់រំ​ទៅ គ្រប់គ្រង​ទៅ ណែនាំ​ទៅ ទប់ស្កាត់​ទៅ វា​ជា​ជាង​យើង​មិន​គិត»

កង​ការពារ​ព្រំដែន​ខ្មែរ និង​អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ឱ្យ​ដឹង​ថា ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ មក​​លក់​ឱ្យ​ក្រុម​​ឈ្មួញ បើ​ទោះ​បី​ជា​មាន​ការ​រឹតត្បិត​យ៉ាង​ណា​ក៏ដោយ។ ពេល​ខ្លះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​​ដី​ថៃ ទាំង​នោះ ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់​និង​របួស ក៏​ប៉ុន្តែ​ពួកគេ​លាក់​ព័ត៌មាន​មិន​ឱ្យ​អាជ្ញាធរ​ខ្មែរ​ដឹង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។