ពលរដ្ឋ​ប្រកប​របរ​ដឹក​ជន្លង់​ម្រេច​នៅ​ស្រុក​មេមត់​ត្អូញត្អែរ​រឿង​សមត្ថកិច្ច​ទារ​ប្រាក់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​ពី​ការ​លំបាក​របស់​ពួក​គាត់ ក្នុង​ការ​ប្រកប​មុខ​របរ​ដឹក​ឈើ​ជន្លង់​ម្រេច​លក់ ពីព្រោះ​ត្រូវ​សមត្ថកិច្ច​នៅ​ស្រុក​មេមត់ ជាច្រើន​កន្លែង តម្រូវ​ឲ្យ​ពួក​គាត់​បង់​ប្រាក់​ច្រើន​ហួស​ហេតុ។ ប៉ុន្តែ សមត្ថកិច្ច​នៅ​ស្រុក​មេមត់ បដិសេធ​ថា​មិន​មាន​រឿង​នេះ​ឡើយ។

ពលរដ្ឋ​ដឹក​ឈើ​ជន្លង់​ម្រេច​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ មក​លក់​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រិះគន់​ចំពោះ​សកម្មភាព​របស់​មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​ស្រុក​ស្នួល និង​ស្រុក​មេមត់ ដែល​ចេះ​តែ​យក​ប្រាក់​ពី​ពួក​គាត់​គ្រប់​ពេល​វេលា។ ពួក​គាត់​ថា របរ​នេះ​ចំណេញ​បាន​តិចតួច​ណាស់ ហើយ​ត្រូវ​បង់​ប្រាក់​ជូន​សមត្ថកិច្ច​ទៀត​នោះ គឺ​ហាក់​បី​ដូចជា​ពួក​គាត់​រក​ប្រាក់ ដើម្បី​តែ​ចិញ្ចឹម​សមត្ថកិច្ច​ទាំង​នោះ​តែ​ប៉ុណ្ណោះ។

ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​មេមត់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា លោក​ទៅ​ទិញ​ឈើ​ជន្លង់​ម្រេច​ទាំង​នោះ​នៅ​ស្រុក​ស្នួល ហើយ​ដឹក​មក​ស្រុក​មេមត់ គឺ​ត្រូវ​ចូល​បង់​ប្រាក់​គ្រប់​បន្ទាយ​កង​រាជ​អាវុធហត្ថ​នៅ​តាម​ផ្លូវ ក្រោម​ហេតុផល​ថា ឈើ​ជន្លង់​ម្រេច​ពួក​គាត់​ដឹក​នោះ គឺ​ខុស​ច្បាប់។ លោក​បន្ត​ថា បន្ទាយ​ស្នាក់​ការ​កង​រាជ​អាវុធហត្ថ​ដែល​បង់​ថ្លៃ​លើស​គេ គឺ​ស្នាក់​ការ​កង​រាជ​អាវុធហត្ថ​៧០២ ដោយ​សមត្ថកិច្ច​តម្រូវ​ឲ្យ​បង់​ប្រមាណ​ជា ១០​ម៉ឺន​រៀល​ក្នុង​មួយ​ជើងៗ ដោយ​មិន​មាន​វិក្កយបត្រ​បញ្ជាក់​ថា​យ៉ាង​ណា​ឡើយ​ចំពោះ​ការ​យក​ប្រាក់​នោះ។ ប្រភព​ដដែល​បន្ថែម​ថា មាន​ស្នាក់​ការ​កង​រាជ​អាវុធហត្ថ​កន្លែង​ផ្សេងៗ​នៅ​ក្បែរ​នោះ តាម​ប្រដេញ​ពួក​គាត់ ឬ​ប្រើប្រាស់​កាំភ្លើង​បាញ់​ទៀត​ផង ប្រសិន​បើ​ពលរដ្ឋ​មិន​បាន​បង់​ប្រាក់​ឲ្យ​ទេ តែ​បើ​ចាប់​បាន​វិញ តម្លៃ​អាច​យក​រហូត​ដល់​ទៅ ៥០​ម៉ឺន​រៀល៖ «អ្នក​ខ្លះ​រត់​ដេញ​គេ​អ៊ីចឹង​ទៅ អ្នក​ខ្លះ​បង្ក​ឲ្យ​គេ​ជួល​កាល​មាន​កង់ឡាន​គេ​ទៀត​ផង។ ហើយ​គេ​ជ្រុល​ទៅ​បុក​ជញ្ជាំង​ផ្ទះ​គេ​ងាប់​ទាំងអស់​ម៉ា​ឡាន​បង។ ហើយ​ខ្លះ​ដេញ​គេ​ដេញៗ​ទៅ​ជ្រុល​បុក​អ្នក​ដំណើរ​ស្លាប់​ពីរ​បី​នាក់​ក៏​មាន​ដែរ មុន​ពីរ​បី​ថ្ងៃ​ហ្នឹង​បង»

ពលរដ្ឋ​ចង់​ឲ្យ​លុប​បំបាត់​រូបភាព​បែប​នេះ ពីព្រោះ​ពួក​គាត់​មិន​បាន​ដឹក​ជញ្ជូន​ឈើ​ដែល​ខុស​ច្បាប់​ឡើយ ប៉ុន្តែ​វា​ជា​ប្រភេទ​ឈើ​ងាប់ៗ​ដែល​ពួក​គាត់​ទិញ​ត​ពី​គេ​តែ​ប៉ុណ្ណោះ។

ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​នៅ​ស្នាក់​ការ​៧០២ ស្រុក​មេមត់ សុំ​មិន​ប្រាប់​ឈ្មោះ​បញ្ជាក់​ថា លោក​ធ្វើ​ការ​ជាប់​នៅ​ទីនោះ ប៉ុន្តែ​មិន​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ។ លើស​ពី​នេះ​ទៀត លោក​ក៏​មិន​ធ្លាប់​ឃើញ​សមត្ថកិច្ច​ណា​ដេញ​តាម​ចាប់​ប្រជាពលរដ្ឋ​ដឹក​ជន្លង់​ម្រេច​ទាំង​នោះ​ដែរ៖ «អា​ហ្នឹង​មិន​ដឹង​ទេ ព្រោះ​មិន​ដឹង​ថា​នរណា​មួយ​ឲ្យ​នេះ​ផង។ ហើយ​ណា​មួយ​មិន​បាន​ថា​អា​រឿង​ទៅ​ដេញ​ទៅ​អ៊ីចឹង​ផង។ មិន​ដែល​ឃើញ​ពី​ណា​ដេញ​គេ​ហ្នឹង​ផង»

យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ថា​សកម្មភាព​យក​ប្រាក់​នេះ​មាន​យូរ​មក​ហើយៗ​វា ស្ទើរ​តែ​ក្លាយ​ជា​ប្រពៃណី​ទៀត​ផង។ ពលរដ្ឋ​មាន​ការ​ងឿងឆ្ងល់​ថា សម្រាប់​ឈើ​ប្រណីត​ដែល​ដឹក​ទាំង​ឡានៗ​ឆ្លង​កាត់​ទៅ​ប្រទេស​វៀតណាម តែ​សមត្ថកិច្ច​មិន​បាន​ចាប់​អារម្មណ៍​ឡើយ។ រីឯ​ពលរដ្ឋ​ដែល​ដឹក​បំណែក​ឈើ​ដែល​គេ​បោះ​បង់​ចោល យក​មក​លក់​គ្រាន់​ចិញ្ចឹម​ជីវិត សមត្ថកិច្ច​មិន​បណ្តោយ​ឲ្យ​រួច​ខ្លួន​ទេ។ ជាក់ស្តែង អ្នក​ដឹក​ជន្លង់​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន គឺ​មាន​ពាក់ព័ន្ធ​នឹង​រឿង​មិន​បង់​ប្រាក់​ជូន​មន្ត្រី​ទាំង​នោះ។

ទាក់ទង​បញ្ហា​នេះ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា ធាតុ​ពិត ច្បាប់​នៃ​ប្រទេស​កម្ពុជា មិន​តម្រូវ​ឲ្យ​មាន​ការ​ចរាចរ​អនុផល​ព្រៃ​ឈើ​ទេ ក៏ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​រក​ស៊ី​របរ​ដឹក​ជន្លង់​ម្រេច​ទាំង​នោះ គប្បី​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អាជ្ញាធរ ពីព្រោះ​ឈើ​ទាំង​នោះ​ពលរដ្ឋ​នាំ​គ្នា​សុំ​ពី​តំបន់​ដី​សម្បទាន។ លោក​បន្ថែម​ថា សមត្ថកិច្ច​ស្រុក​ខ្មែរ​ហាក់​ដក់​ជាប់​នូវ​ទម្លាប់​អាក្រក់​មួយ គឺ​អ្នក​តូច​ធ្វើ​អ្វី​ក៏​ខុស​រហូត ចំណែក​ឈ្មួញ​ឈើ​ធំៗ​ដឹក​ឈើ​ខុស​ច្បាប់​យ៉ាង​កក្រើក ក៏​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ដែរ៖ «ប៉ុន្តែ​ស្រុក​ខ្មែរ​យើង​វា​អត់​អ៊ីចឹង​ទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​តូច​តាច​ធ្វើ​ដឹក​អី​តែ​ម៉ា​បន្តិច ដឹក​តែ​ធ្យូង​ក៏​អាជ្ញាធរ​ចាប់​ដែរ មិន​បាច់​ថា​ដឹក​ជន្លង់​ទេ។ និយាយ​ទៅ​ឲ្យ​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច គឺ​អាជ្ញាធរ​គាប​សង្កត់​អូស​យក​លុយ​យក​កាក់​ចាប់​ចង ដើម្បី​ជំរិត​ទារ​លុយ​ពួក​គេ។ អា​ហ្នឹង​ជា​ទម្លាប់​មួយ​ដែល​អ្នក​តូច​ធ្វើ​អ្វី​ក៏​ខុស អ្នក​ធំ​ធ្វើ​អ្វី​ក៏​ត្រូវ អា​ហ្នឹង​វា​រឿង​ហ្នឹង»

លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​ដឹង​រឿង​យក​ប្រាក់ ក៏​ពួក​គេ​ធ្វើ​មិន​ដឹង​ដែរ ពីព្រោះ​បទល្មើស​ទាំង​នោះ​កើត​ចេញ​ពី​សមត្ថកិច្ច​នោះ​ឯង។ លោក​ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​វប្បធម៌​អ្នក​ធំ​ធ្វើ​អ្វី​ក៏​ត្រូវ អ្នក​តូច​ដែល​រក​ស៊ី​ចិញ្ចឹម​មួយ​ក្រពះ​ធ្វើ​អ្វី​ក៏​ខុស​នោះ វា​នឹង​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សង្គម ហើយ​វា​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះស្រាយ​ជា​បន្ទាន់ ជៀសវាង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធំ​កើត​មាន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។