សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បង្កើន​ការ​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បង្កើន​សកម្មភាព​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។ លោក​ស្នងការ​នគរបាល​ថ្មី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ដាក់​ពង្រាយ​នៅ​តាម​ទី​អារាម ឬ​គោលដៅ​នានា​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កម្សាន្ត និង​តាម​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ជាដើម។

អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មេសា ថា កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល បាន​ពង្រាយ​នៅ​គ្រប់​ទី​អារាម ឬ​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ទូទាំង​ខេត្ត ដើម្បី​រក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។

លោក​បន្ត​ថា ឆ្នាំ​នេះ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​តាម​កោះ​នានា​របស់​ភ្ញៀវ​ទេសចរ គឺ​អាជ្ញាធរ​បាន​រឹត​បន្តឹង​សុវត្ថិភាព និង​តម្រូវ​ឲ្យ​ម្ចាស់​ទូក ឬ​កាណូត​ដឹក​ភ្ញៀវ​ទេសចរ ត្រូវ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ មាន​កងទ័ព​ជើង​ទឹក​ជាដើម ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ក្នុង​នោះ នាវា ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​តែ​បំពាក់​នូវ​សម្ភារៈ​សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​បង្ការ​ពេល​ជួប​គ្រោះថ្នាក់ និង​មិន​ត្រូវ​ដឹក​ភ្ញៀវ​លើស​ចំណុះ​នោះ​ទេ៖ «យើង​បាន​និយាយ​គ្នា​ជាមួយ​បងប្អូន​ដែល​មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ ធ្វើ​ម៉េច​ទូក​ដឹក​អ្នក​ដំណើរ​របស់​ពួក​គាត់ ត្រូវ​តែ​ធានា​សុវត្ថិភាព និង​បំពាក់​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​ដឹក​ឲ្យ​លើស​ចំណុះ​ទេ។ ជាង​នេះ គោលដៅ​ត្រូវ​ធ្វើ​ដំណើរ​ដឹក​ភ្ញៀវ​ទៅ​កាន់​កោះ​ណា? ត្រូវ​តែ​សហការ ឬ​រាយការណ៍​ប្រាប់​កងទ័ព​ជើង​ទឹក​ក្នុង​លំហ​សមុទ្រ ដើម្បី​រួម​គ្នា​ជួយ​ការពារ​ភ្ញៀវ​ទេសចរ​ទាំង​នោះ។ បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​គ្រប់គ្រង គឺ​មាន​ការ​លំបាក​ជាមួយ​ភ្ញៀវ​ទេសចរ​ខ្លះ​ដែរ ដែល​បាន​ទៅ​កម្សាន្ត​នៅ​លើ​កោះ គឺ​ភ្ញៀវ​ទេសចរ​ខ្លះ គឺ​ពួក​គាត់​និយម​យក​អង្រឹង​ទៅ​ចង​ទទួល​ទាន​ដំណេក​នៅ​ក្នុង​ព្រៃ រាយប៉ាយ​នៅ​ក្នុង​ព្រៃ ជាដើម។ ហើយ​ករណី​នេះ អាជ្ញាធរ​មាន​ការ​ពិបាក​ក្នុង​ការ​គ្រប់គ្រង ឬ​ការពារ​សន្តិសុខ​ជូន​ពួក​គាត់​ដែរ ព្រោះ​កម្លាំង​សមត្ថកិច្ច​មាន​មិន​គ្រប់​ចំនួន»

ទាក់ទិន​បញ្ហា​នេះ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ទើប​តែង​តាំង​ថ្មី​មាន​ប្រសាសន៍​ថា កម្លាំង​នគរបាល​ជំនាញ​របស់​លោក​បាន​កំណត់​មុខ​សញ្ញា​ប្រចាំ​ការ​នៅ​តាម​គោលដៅ​សំខាន់ៗ ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កម្សាន្ត ដើម្បី​ការពារ​សន្តិសុខ ឬ​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម។ បន្ថែម​លើ​នេះ កម្លាំង​ជំនាញ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែង​កើត​មាន​ពេល​ពិធី​បុណ្យ​ជាតិ​ម្តងៗ។

លោក ជួន ណារិន បាន​បញ្ជាក់​ថា កម្លាំង​នគរបាល​បាន​បែង​ចែក​មុខ​សញ្ញា ៤​គោលដៅ ដើម្បី​ការពារ​សន្តិសុខ​នៅ​តាម​ផ្លូវ​ជាតិ​តាម​កោះ តាម​ទី​អារាម និង​នៅ​តាម​រមណីយដ្ឋាន​នានា ដែល​ភ្ញៀវ​ទេសចរ​នីមួយៗ​ទៅ​កម្សាន្ត​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ៖ «ខ្ញុំ​បាន​ពង្រាយ​កម្លាំង​នៅ​តាម​គោលដៅ ៤​ស្ថាប័ន ឬ ៤​អង្គភាព​របស់​ខ្ញុំ​នៅ​ក្រោម​ឱវាទ​មាន​ដូចជា ទី​១ បាន​ពង្រាយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​នៅ​តាម​គោលដៅ​នានា។ ទី​២ បាន​ដាក់​កម្លាំង​ជំនាញ​ទេសចរណ៍​ឲ្យ​ការពារ​នៅ​តាម​តំបន់​កម្សាន្ត ឬ​រមណីយដ្ឋាន​នានា។ ទី​៣ ខ្ញុំ​បាន​ពង្រាយ​កម្លាំង​ជំនាញ​ការពារ​សន្តិសុខ​នៅ​គ្រប់​គោលដៅ និង​ទី​៤ បាន​ពង្រាយ​កម្លាំង​ជំនាញ​ការិយាល័យ​បរទេស ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មាន​បញ្ហា ឬ​មាន​ការ​វង្វេង​ផ្លូវ​ជាដើម គឺ​កម្លាំង​នគរបាល​បាន​ដាក់​ពង្រាយ​នូវ​គ្រប់​សមាសភាព​ទាំងអស់ នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ»

ចំណែក លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ក៏​បាន​ឲ្យ​ដឹង​ថា ដើម្បី​រួម​ចំណែក​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឲ្យ​បាន​ប្រសើរ ម្ចាស់​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ ត្រូវ​កត់ត្រា ឬ​កំណត់​អត្តសញ្ញាណ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​រក​សេវា​ស្នាក់នៅ​តាម​ទីតាំង​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជា​ប្រចាំ។

ដោយ​ឡែក​ក្រុម​អាជីវករ​បម្រើ​សេវាកម្ម​ទេសចរណ៍​មួយ​ចំនួន មាន​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន​ជាដើម បាន​ប្ដេជ្ញា​ថា​នឹង​ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ដើម្បី​រួម​ចំណែក​រក្សា​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៥ នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា។ គិត​មក​ដល់​ថ្ងៃ​សុក្រ ទី​១០ ខែ​មេសា នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មិន​ទាន់​ឃើញ​បង្ហាញ​វត្តមាន​ច្រើន​គគ្រឹកគគ្រេង​នៅ​ឡើយ​ទេ​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។