សមត្ថកិច្ចខែត្រក្រចេះ អះអាងថា នគរបាលប្រទះឃើញសាកសពក្មេងប្រុសដែលជាសិស្សសាលាម្នាក់ទៀតក្នុងចំណោម ៣នាក់ ដែលបានបាត់ខ្លួនដោយសង្ស័យថាលង់ទឹកទន្លេមេគង្គ កាលពីថ្ងៃទី២៩ ធ្នូ ខណៈក្មេងប្រុស ២នាក់ទៀត ត្រូវបាននគរបាលរាវរកឃើញក្នុងទន្លេមេគង្គទល់មុខក្រុងក្រចេះ កាលពីថ្ងៃទី៣០ ធ្នូ។ នគរបាលសន្និដ្ឋានជំហានដំបូងថា ការស្លាប់របស់ក្មេងទាំងនោះ ទំនងមានក្មេងប្រុសម្នាក់លង់ទឹក ក្រោយមកក្មេង ២នាក់ទៀតបានចុះជួយបណ្ដាលឲ្យស្លាប់ទាំងអស់គ្នា។
នគរបាលខែត្រក្រចេះ ឲ្យដឹងនៅថ្ងៃទី១ មករា ថា មន្ត្រីជំនាញបានពិនិត្យសាកសពក្មេងទាំង ៣នាក់នោះរួចរាល់ហើយ ពុំមានស្លាកស្នាមអ្វីក្រៅពីលង់ទឹកស្លាប់នៅឆ្នេរខ្សាច់កោះទ្រង់នោះទេ ហើយក្មេងទាំងបីនាក់ជាសិស្សវិទ្យាល័យក្រចេះក្រុង។
អធិការនគរបាលក្រុងក្រចេះ លោក នេត លីន ទទួលស្គាល់ថា ចំណុចដែលយុវសិស្សបីនាក់នោះជួបគ្រោះថ្នាក់ ពិតជាមានអន្លង់បូមខ្សាច់ពីមុនៗ ហើយតំបន់នោះក៏ធ្លាប់មានអ្នកភូមិលង់ទឹកដូចគ្នានេះដែរ។ ចំណែកទីតាំងបូមខ្សាច់បច្ចុប្បន្ន ឋិតនៅឆ្ងាយពីទីតាំងដែលក្មេងជួបគ្រោះថ្នាក់នោះ។
លោកថា សហគមន៍គ្រោងរៀបចំសញ្ញាសម្គាល់នៅតំបន់ហាមឃាត់ និងបម្រាមផ្សេងៗនៅតំបន់មានរណ្ដៅបូមខ្សាច់ច្រើន ដើម្បីឲ្យអ្នកទៅលេងជ្រាប និងកំណត់ពេលវេលាកម្សាន្ត៖ « ក្រុមការងារ យើង ចុះទៅពិនិត្យ សាកសព ដើម្បីត្រួតពិនិត្យ មើលថា តើសាកសពហ្នឹងវាមានពាក់ព័ន្ធករណីអីខ្លះចឹង។ ដល់ពេល យើង ទៅពិនិត្យ មើលពុំ មានអី ទេ »។
ប្រធានសហគមន៍កោះទ្រង់ លោក ប៊ុន បាន ថ្លែងបញ្ជាក់ថា កន្លែងដែលសិស្សទាំងបីនាក់នោះបានមកលេង ពុំមែនជាទីតាំងដែលសហគមន៍កំណត់ឲ្យលេងកម្សាន្តនោះទេ មានន័យថា ពួកគេបានលេងនៅចំណុចផែលើដែលជាកន្លែងហាមឃាត់។ លោកសង្ស័យថា សិស្សទាំងនោះអាចនឹងលង់ទឹករណ្ដៅខ្សាច់ដែលគេបូមខ្សាច់មានជម្រៅចាប់ពី ២ម៉ែត្រទៅជាង ៣ម៉ែត្រជាច្រើនរណ្ដៅ។ លោកបារម្ភថា ស្ថានភាពឆ្នេរខ្សាច់កោះទ្រង់ អាចនឹងប្រែប្រួល ហើយកោះទ្រង់អាចបាក់ស្រុតនៅថ្ងៃអនាគត ប្រសិនបើក្រុមហ៊ុនបូមខ្សាច់នៅតំបន់នោះ នៅតែបន្តប្រតិបត្តិការទាញយករ៉ែធម្មជាតិយ៉ាងគគ្រឹកគគ្រេង។
លោកអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល ពិចារណាបញ្ហានេះឡើងវិញ និងព្យាយាមឲ្យមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ ជុំវិញការទាញយកខ្សាច់ធម្មជាតិបង្កឡើងដោយបុគ្គលឯកជន៖ « ដើម្បី ការអភិវឌ្ឍ ខែត្រ ខ្ញុំ ពុំមាន សិទ្ធិឃាត់ទេ តែសុំឲ្យគាត់ ពិចារណាពី ផលប៉ះពាល់ »។
ឆ្លើយតបរឿងនេះ ប្រធានមន្ទីររ៉ែ និងថាមពល ខែត្រក្រចេះ លោក សុខ គិរីរដ្ឋ ធ្លាប់បញ្ជាក់ថា អាជីវកម្មបូមខ្សាច់នេះ គឺបូមនៅទីតាំងដែលក្រសួងបានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការកន្លងមក។ លោកថា ក្រសួងបានសិក្សាល្អិតល្អន់ មុននឹងផ្តល់អាជ្ញាប័ណ្ណ ហើយមន្ត្រីជំនាញបានចុះតាមដានពីដំណើរការអាជីវកម្មនោះជាហូរហែ៖ « គេបូមហ្នឹងក្នុងអាជ្ញាប័ណ្ណដែលក្រសួង បានកំណត់ ហើយ ហើយអាជ្ញាប័ណ្ណហ្នឹងបានចេញជូនសេវាករបូម »។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ផ្តល់ទស្សនៈថា គណៈកម្មការអេកូទេសចរណ៍កោះទ្រង់ និងអាជ្ញាធរដែនដី ត្រូវសហការជាមួយក្រុមហ៊ុនដាក់ស្លាកសញ្ញាណាមួយ ជាលក្ខណៈសម្គាល់កន្លែងហាមឃាត់ឲ្យច្បាស់លាស់។ លោកយល់ថា រណ្ដៅបូមខ្សាច់ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស អាចជាចំណុចខ្សោយរបស់ក្រុមហ៊ុនបូមខ្សាច់ ហើយអាជ្ញាធរជំនាញត្រូវរកវិធានការដោះស្រាយជាបន្ទាន់។
លោកថា ការបូមខ្សាច់នេះក៏ជាផ្នែកមួយនាំឲ្យស្ដារបាតទន្លេដែរ ខណៈដែលខ្សាច់កើនឡើងច្រើន បណ្ដាលឲ្យទន្លេរាក់ តែអាជ្ញាធរជំនាញត្រូវកំណត់ព្រំដែនអាជីវកម្មបូមខ្សាច់នោះឲ្យជាក់លាក់៖ « មើលហានិភ័យអត់កើតទេ ដូចករណីក្មេង លង់ទឹក ស្លាប់ បើយើងមើលមួយភ្លែត ហាក់ដូច ក្មេង លង់ទឹក ស្លាប់ធម្មតា ដោយសារក្មេងមិនចេះហែលទឹក។ យើងអាចដាក់បន្ទុកលើផ្នែកនោះបាន តែធាតុពិតទៅ ជួនកាលទៅវាអាចជាការធ្វេសប្រហែសមកពីក្រុមគណៈកម្មការអេកូទេសចរណ៍ ក៏ដូចជា អាជីវកម្មរ៉ែបូមខ្សាច់ក៏ថា បានដែរ »។
លោក មៀច មាន បារម្ភថា ការទាញយករ៉ែពីធម្មជាតិយ៉ាងគំហុកនេះ នឹងបង្កផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធធ្វេសប្រហែស ខ្វះការវាយតម្លៃផលប៉ះពាល់ត្រឹមត្រូវ និងពុំមានការតាមដានសកម្មភាពទាញយករ៉ែនោះឲ្យបានហ្មត់ចត់។
សហគមន៍ឲ្យដឹងទៀតថា កាលពីចុងឆ្នាំ២០១៣ មានក្មេងប្រុសពីរនាក់បងប្អូនរស់នៅសង្កាត់កោះទ្រង់ បានលង់ទឹកស្លាប់នៅឆ្នេរខ្សាច់កោះទ្រង់។ ក្រៅពីនេះ អាជីវកម្មបូមខ្សាច់នេះ គឺដើម្បីលុបបឹងមួយចំនួននៅក្រុងក្រចេះ ពុះជាដីឡូត៍ធ្វើអាជីវកម្មរបស់ក្រុមហ៊ុនឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
