ចំនួនអ្នកអង្កេតការណ៍ប្រឡងបាក់ឌុបលើកទី២ នឹងមានច្រើនជាងសម័យប្រឡងលើកទី១។ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ចំនួនកើនឡើងនៃអ្នកអង្កេតការណ៍ក្នុងពេលប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី១៣ ខែតុលា ខាងមុខ ជាសញ្ញាដ៏ល្អក្នុងការចូលរួមបោសសម្អាតអំពើពុករលួយ ដើម្បីលើកស្ទួយគុណភាពអប់រំនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា អ្នកចុះឈ្មោះអង្កេតការណ៍ពេលប្រឡងបាក់ឌុបលើកទី២ មានចំនួនជាង ៣ពាន់នាក់ មកពីអង្គការក្រៅរដ្ឋាភិបាលជិត ១០ស្ថាប័ន។ ចំនួននេះ កើនឡើងបើធៀបទៅនឹងការប្រឡងលើកទី១ ដែលមានអ្នកអង្កេតការណ៍ជាង ២.៧០០នាក់។ អ្នកអង្កេតការណ៍ទាំងនោះមានតួនាទីឃ្លាំមើលដំណើរការប្រឡង និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការចាប់ខ្លួនអ្នកសូក និងអ្នកស៊ីសំណូកបញ្ជូនទៅតុលាការ។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាន សេង មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងប្រើបុគ្គលិករបស់ខ្លួនស្ទើរតែទាំងអស់ ដើម្បីសហការជាមួយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៅទូទាំងប្រទេស ក្នុងប្រតិបត្តិការរារាំងអំពើពុករលួយពេលប្រឡងបាក់ឌុប។ លោកបន្តថា បេក្ខជន ឬមេប្រយោគដែលប្រព្រឹត្តខុសច្បាប់ នឹងត្រូវអង្គភាពកោះហៅសួរចម្លើយ ព្រមទាំងបញ្ជូនទៅតុលាការដោយមិនលើកលែងនោះទេ៖ «ក្នុងពេលប្រឡងនោះ យើងនឹងប្រមូលភស្តុតាងជាក់ស្តែង តែយើងមិនរំខានពេលប្រឡងទេ យើងក៏មិនបោះបង់ចោលដែរ»។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះដឹងទូទៅ និងបំពេញវិជ្ជាលើកទី២នេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ខែតុលា និងមានបេក្ខជនចូលរួមជាង ៥ម៉ឺននាក់។ បើធៀបចំនួនបេក្ខជនទៅនឹងចំនួនអ្នកសង្កេតការណ៍បង្ហាញថា អ្នកសង្កេតការណ៍ម្នាក់ ឃ្លាំមើលបេក្ខជនជាង ១០នាក់ ឬមួយបន្ទប់ប្រឡងដែលមានបេក្ខជន ២៥នាក់ អាចមានអ្នកសង្កេតការណ៍ពីរនាក់។
កាលពីប្រឡងបាក់ឌុបលើកទី១នៅថ្ងៃទី៤ ខែសីហា អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនយុវជនយ៉ាងតិចណាស់ ៤នាក់ បញ្ជូនទៅតុលាការ បន្ទាប់ពីយុវជនទាំងនោះចូលប្រឡងជំនួសអ្នកដទៃ។ ក្នុងនោះ យុវជន ៣នាក់ នៅខេត្តស្វាយរៀង និងម្នាក់នៅខេត្តកណ្ដាល។ ក្នុងពេលសង្កេតការណ៍ប្រឡងនោះ អង្គភាពក៏បានរកឃើញថា មានអ្នកសង្កេតការណ៍ ២នាក់ នៅមណ្ឌលវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ និងមណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន កែប ខេត្តកែប បានលួចថតវិញ្ញាសាតាមទូរស័ព្ទ ផ្ញើចេញមកក្រៅ។ អ្នកសង្កេតការណ៍ខ្លះក៏ត្រូវរកឃើញថា និយាយសម្ដីមិនសមរម្យដាក់មេប្រយោគ ព្រមទាំងបញ្ចុះបញ្ចូលមេប្រយោគនៅវិទ្យាល័យមួយនាខេត្តកំពង់ធំ ឲ្យស៊ីសំណូកទៀតផង។ អង្គភាពប្រឆាំងអំពើពុករលួយ មិនបានបញ្ជាក់ពីចំណាត់ការទៅលើអ្នកអង្កេតការណ៍ទាំងនេះឡើយ។
ក្រសួងអប់រំ បានចេញសេចក្តីណែនាំរួចហើយ ដើម្បីឲ្យបេក្ខជនអនុវត្តក្នុងពេលប្រឡង។ សេចក្តីណែនាំនោះ ហាមប្រាមមិនឲ្យលួចចម្លងគ្នា ប្ដូរកិច្ចការគ្នាសរសេរ ដើរផ្លោះពីតុមួយទៅតុមួយ លួចមើលសំណៅវិញ្ញាសា និងយកទូរស័ព្ទចូលប្រឡង ជាដើម។ បើសិនជាមេប្រយោគ ឬមន្ត្រីត្រួតពិនិត្យរកឃើញថា បេក្ខជនណាមួយមានចេតនាលួចចម្លងនោះ បេក្ខជននោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ បើបទល្មើសធ្ងន់ធ្ងរអាចនឹងត្រូវហាមមិនឲ្យប្រឡងនៅឆ្នាំក្រោយទៀតផង។ ការប្រឡងបាក់ឌុបលើកទី២នេះ មិនបានចែងក្នុងច្បាប់ ឬអនុក្រឹត្យរបស់រដ្ឋាភិបាលទេ តែវាជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែលលោកឃើញសិស្សប្រឡងបាក់ឌុបលើកទី១ធ្លាក់ច្រើនពេក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
