សិស្សានុសិស្សមួយចំនួននៅតាមវិទ្យាល័យ នៅរាជធានី និងបណ្ដាខេត្ត មិនមានសិទ្ធិប្រឡងយកសញ្ញាបត្រទុតិយភូមិ ឬហៅថាបាក់ឌុបទេ នៅក្រោយពេលពួកគាត់បានរៀនថ្នាក់ទី១២ រយៈពេលមួយឆ្នាំកន្លងមក។
បញ្ហាដែលសិស្សមួយចំនួនគ្មានសិទ្ធិប្រឡងនេះ ដោយសារតែពួកគាត់មានពិន្ទុប្រចាំឆ្នាំក្រោមមធ្យមភាគ ដែលជាគោលការណ៍ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមិនអនុញ្ញាតឲ្យប្រឡងយកសញ្ញាបត្រទេ ចំពោះសិស្សណាដែលមានពិន្ទុប្រចាំឆ្នាំក្រោមមធ្យមភាគ។ សិស្សដែលប្រឡងធ្លាក់មធ្យមភាគ លើកឡើងថា ពួកគាត់ប្រឡងប្រចាំឆ្នាំធ្លាក់ ដោយសារតែពួកគាត់គ្មានលុយរៀនគួរ។
ការកែទម្រង់នេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រសួងបានធ្វើកំណែទម្រង់ចាប់ពីឆ្នាំ២០១៤ នេះ ដើម្បីពង្រឹងគុណភាពសិស្ស ជាជាងយកតែបរិមាណ ហើយគ្មានគុណភាព។
ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រួតពិនិត្យលើសំណើរបស់សិស្សដែលមកសុំសិទ្ធិប្រឡងសញ្ញាបត្រទុតិយភូមិ ដូចសិស្សដទៃទៀត ដែលមិនមានបញ្ហាលើពិន្ទុប្រឡងប្រចាំឆ្នាំនោះ។
ការលើកឡើងរបស់ក្រសួងអប់រំ នេះ នៅខណៈដែលសិស្សវិទ្យាល័យ ហ៊ុន សែន តាំងគោក ខេត្តកំពង់ធំ បាននាំគ្នាមកកាន់ក្រសួងអប់រំ ដើម្បីសុំសិទ្ធិប្រឡង ពីព្រោះថា ពិន្ទុប្រចាំឆ្នាំរបស់ពួកគាត់ក្រោមមធ្យមភាគ ដែលជាគោលការណ៍របស់ក្រសួង មិនអនុញ្ញាតឲ្យចូលរួមប្រឡងយកសញ្ញាបត្រទុតិយភូមិបាន។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន មានប្រសាសន៍ថា លោកចាត់មន្ត្រីក្រសួងអប់រំ ចុះទៅត្រួតពិនិត្យនៅតាមសាលាដែលសិស្សធ្លាក់ច្រើននោះ ដើម្បីរកឲ្យឃើញថា តើមកពីមូលហេតុអ្វីពិតប្រាកដ ធ្វើឲ្យសិស្សានុសិស្សប្រឡងប្រចាំឆ្នាំមិនជាប់នោះ?៖ «សំឡេង»។
សិស្សានុសិស្សដែលប្រឡងប្រចាំឆ្នាំធ្លាក់នៅតាមបណ្ដាខេត្តមួយចំនួន មិនបានប្រឡងជាប់ពិន្ទុមធ្យមភាគនោះ លើកពីហេតុផលផ្សេងៗគ្នាថា ក្នុងចំណោមពួកគាត់មានអ្នកខ្លះគ្មានលុយរៀនគួរក្រៅម៉ោងរដ្ឋ ខ្លះទៀតថា គ្រូបន្ទុកថ្នាក់បង្រៀនមិនទៀងទាត់ ខ្លះទៀតថា គ្រូចេញវិញ្ញាសាប្រឡងចំមេរៀនដែលខ្លួនបង្រៀនគួរ និងផ្សេងៗទៀត។
សិស្សវិទ្យាល័យ ហ៊ុន សែន តាំងគោក ខេត្តកំពង់ធំ ជាង ៣០នាក់ បាននាំគ្នាមកកាន់ក្រសួងអប់រំ កាលពីថ្ងៃទី៧ កក្កដា ដើម្បីដាក់សំណើស្នើសុំក្រសួងអប់រំ សុំសិទ្ធិប្រឡងដូចសិស្សដទៃទៀតដែរ។
តំណាងសិស្សជាង ៣០នាក់ ឈ្មោះ ឆេង លី អាយុ ១៧ឆ្នាំ ឲ្យដឹងថា ពួកគាត់ប្រឡងធ្លាក់មធ្យមភាគប្រចាំឆ្នាំ។ ដូច្នេះ ពួកគាត់មិនជាប់ជាបេក្ខភាពប្រឡងថ្នាក់ជាតិនោះទេ។ ឆេង លី លើកហេតុផលថា ក្នុងចំណោមសិស្សជាង ៣០នាក់នោះ ភាគច្រើនជាកូនអ្នកក្រគ្មានលុយរៀនគួរ ដែលជាឧបសគ្គក្នុងការរៀនឲ្យទាន់មិត្តរួមថ្នាក់៖ «សំឡេង»។
សិស្សទាំងនេះឲ្យដឹងថា វិទ្យាល័យ ហ៊ុន សែន តាំងគោក ស្រុកបារាយ ខេត្តកំពង់ធំ ថ្នាក់ទី១២ មានជាង ២០០នាក់ ក្នុងនោះអ្នកដែលប្រឡងមិនជាប់មធ្យមភាគនោះមានជាង ៥០នាក់។
គ្រូផ្នែកគណិតវិទ្យាមួយរូបសុំមិនបញ្ចេញឈ្មោះ នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក មានប្រសាសន៍ថា លោកគាំទ្រចំពោះការធ្វើកំណែទម្រង់ក្រសួងអប់រំ ដើម្បីឲ្យសិស្សមានគុណភាព តែលោកបញ្ជាក់ថា កំណែទម្រង់នេះហាក់បីដូចជាបត់លឿនពេក ដែលសិស្សមកពីថ្នាក់ក្រោមគ្មានគុណភាព ហើយមកដល់ថ្នាក់ទី១២ នេះ មិនអាចរឹតបន្តឹងបានភ្លាមៗចំពោះការប្រឡងនោះទេ។
លោកបញ្ជាក់ថា សិស្សនៅវិទ្យាល័យរបស់លោកមានជាង ២០០នាក់ មានខ្លះបោះបង់ការសិក្សាតាំងពីដើមឆ្នាំមកនៅ ១៩៧នាក់ ហើយក្នុងចំណោមនោះ មាន ៥២នាក់ ប្រឡងឆមាសទី១ និងឆមាសទី២ធ្លាក់ បូកសរុបពិន្ទុប្រចាំឆ្នាំមិនជាប់មធ្យមភាគ ព្រោះគោលការណ៍របស់ក្រសួង លុះត្រាណាសិស្សប្រឡងជាប់មធ្យមភាគពី ២៥ពិន្ទុឡើងទៅ ទើបដាក់ពាក្យប្រឡងថ្នាក់ជាតិយកសញ្ញាបត្រទុតិយភូមិបាន។ គ្រូរួបនេះទទួលស្គាល់ថា សិស្សដែលប្រឡងធ្លាក់នោះ មកពីគាត់គ្មានលុយរៀនគួរបន្ថែមគួបផ្សំ និងពួកគាត់រៀនខ្សោយតាំងពីថ្នាក់ក្រោមមកផង៖ «សំឡេង»។
ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់នេះ ដោយមិនយកពិន្ទុរបស់សិស្សប្រចាំឆ្នាំនោះយកទៅបូកបញ្ចូលជាមួយពិន្ទុប្រឡងថ្នាក់ជាតិរយៈពេលពីរថ្ងៃនោះទេ។ កាលពីមុន ពិន្ទុរបស់សិស្សម្នាក់ៗ ទោះបីជាប្រឡងធ្លាក់មធ្យមភាគក៏ដោយ ក៏គេយកពិន្ទុរបស់ពួកគាត់ទៅបូកបញ្ចូលជាមួយពិន្ទុប្រឡងថ្នាក់ជាតិទៀត។
វិស័យអប់រំនៅកម្ពុជា ត្រូវបានគេរិះគន់ជាទូទៅថា មានតែបរិមាណគ្មានគុណភាព។ វិស័យអប់រំគ្មានគុណភាពនេះ ក៏ជាក្ដីបារម្ភមួយសម្រាប់យុវជនកម្ពុជា ដែលនឹងគ្មានសមត្ថភាពប្រកួតប្រជែងជាមួយយុវជននៅបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ ពិសេសនៅពេលធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ខាងមុខ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោកបណ្ឌិត ហង់ ជួនណារ៉ុន ពន្យល់ថា គោលបំណងសំខាន់របស់ក្រសួងក្នុងការកែទម្រង់នេះ ដើម្បីធ្វើឲ្យគេចផុតពីការរិះគន់ ដែលថា វិស័យអប់រំនៅកម្ពុជា គ្មានគុណភាពមានតែបរិមាណនេះ។ លោកបញ្ជាក់ថា បញ្ហាដែលមិនយកពិន្ទុប្រចាំឆ្នាំទៅបូកបញ្ចូលនឹងពិន្ទុប្រឡងថ្នាក់ជាតិនេះ គឺជាការប្រឡងមួយដែលធ្វើឲ្យមានតម្លាភាព និងគុណភាព ព្រោះសិស្សនឹងមានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនម្នាក់ៗពិតប្រាកដ៖ «សំឡេង»។
ទោះបីជាយ៉ាងនេះក្ដី មាតាបិតាសិស្សមួយចំនួនលើកឡើងថា ការកែទម្រង់នេះហាក់បីដូចជាក្រសួង ធ្វើការផ្លាស់ប្ដូរលឿនពេក ហើយបញ្ហានេះ ជាឧបសគ្គមួយធ្វើឲ្យសិស្សដែលចំណាយពេលមួយឆ្នាំដូចគ្នា តែគ្មានសិទ្ធិប្រឡងនេះ បាក់ទឹកចិត្ត និងឈប់សិក្សាក៏ថាបាន។ បញ្ហានេះ ក្រសួងគួរតែពង្រឹងតាំងពីថ្នាក់មូលដ្ឋាន និងទុកពេលឲ្យបាន ៣ ឬ ៤ឆ្នាំទៀត ទើបអនុវត្តនៅថ្នាក់ទី១២ ឈប់យកពិន្ទុប្រឡងប្រចាំឆ្នាំយកមកបូកនឹងពិន្ទុប្រឡងថ្នាក់ជាតិនេះ។
អ្នកធ្វើការទាក់ទងនឹងវិស័យអប់រំ លើកឡើងថា ការធ្វើកំណែទម្រង់នេះជារឿងមួយចាំបាច់ ដែលក្រសួងត្រូវតែអនុវត្ត ក៏ប៉ុន្តែក្រសួងក៏ត្រូវគិតគូរពីសម្ភារៈការិយាល័យសិក្សា និងគ្រូមានគ្រប់គ្រាន់ សម្រាប់វិទ្យាល័យនៅដាច់ស្រយាល ជាពិសេសជីវភាពគ្រូឲ្យបានសមរម្យ ដើម្បីកាត់បន្ថយការបង្រៀនគួរ និងបង្រៀនយកចិត្តទុកដាក់នៅក្នុងម៉ោងរដ្ឋ ដែលធ្វើឲ្យសិស្សទទួលបានការអប់រំឲ្យបានស្មើភាព។
ប្រធានគ្រប់គ្រងផ្នែកអប់រំ នៃអង្គការសង្គ្រោះកុមារនៅកម្ពុជា (Save The Children) លោក កែវ សារ៉ាត់ មានប្រសាសន៍ថា ក្រសួងអប់រំ កំពុងតែត្រួតពិនិត្យនាយកដ្ឋានពិនិត្យគុណភាពអប់រំ ដែលនាយកដ្ឋាននេះពាក់ព័ន្ធទាំងអស់ ទាំងមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដើម្បីពង្រឹងគុណភាពនេះ។ លោក កែវ សារ៉ាត់ សង្កត់ធ្ងន់ថា ដើម្បីពង្រឹងគុណភាពនេះទៅបាន លុះត្រាណាកូនសិស្សខ្លួនឯង អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងក្រសួងអប់រំ ចូលរួមទាំងអស់គ្នា។ លើសពីនេះ ដើម្បីពង្រឹងវិស័យអប់រំឲ្យមានគុណភាពនោះ ក្រសួងអប់រំ ត្រូវមើលករណីជាច្រើនទៀត៖ «សំឡេង»។
កំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះរួមមាន ក្រសួងប្រគល់សិទ្ធិការទទួលខុសត្រូវជូនគ្រូបង្រៀនដឹកនាំការប្រឡងឆមាសតាមថ្នាក់ តាមមុខវិជ្ជា ដែលខ្លួនបង្រៀនផ្ទាល់ មធ្យមភាគពិន្ទុប្រចាំឆ្នាំមិនយកមកបូកជាមួយពិន្ទុប្រឡងថ្នាក់ជាតិទៀតទេ មធ្យមភាគពិន្ទុប្រចាំឆ្នាំត្រូវបានកំណត់ជាបេក្ខភាពប្រឡង ពិន្ទុកំណត់ឲ្យជាប់ខុសពីឆ្នាំមុន តែរក្សានិទ្ទេសនៅ៥កម្រិតដដែល ពី អេ (A) ដល់ អ៊ី (E) វិញ្ញាសាប្រឡង ៧មុខក្នុងចំណោម១០មុខវិជ្ជា។
វិញ្ញាសាប្រឡងមានពីរប្រភេទ គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ មណ្ឌលសំណេរទាំងអស់ ត្រូវប្រមូលផ្ដុំនៅទីរួមរាជធានី និងទីរួមខេត្ត ដោយយកគ្រឹះស្ថានសិក្សាគ្រប់ប្រភេទ ចាប់ពីបឋមសិក្សាឡើងទៅ ទាំងសាធារណៈ ទាំងឯកជន ធ្វើជាមណ្ឌលប្រឡង។ ក្នុងករណីខេត្តណាមិនអាចអនុវត្តបាន ត្រូវប្រមូលផ្ដុំនៅទីរួមស្រុកដែលនៅជិតទីរួមខេត្តជាងគេ និងករណីផ្សេងៗទៀ។
សម័យប្រឡងសញ្ញាបត្រទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ ខែសីហា ឆ្នាំ២០១៤ ខាងមុខ។ បេក្ខជនប្រឡងទាំងអស់មានប្រមាណ ១សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
