នៅ​មណ្ឌល​ប្រឡង​ខេត្ត​មណ្ឌលគិរី​មាន​ការ​រិះគន់​រឿង​ប្រើ​មេក្រូ​បំពង​សំឡេង​ខ្លាំងៗ

0:00 / 0:00

សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​ថា ប្រឡង​បាក់ឌុប បាន​បញ្ចប់​ក្រោម​ការ​រឹត​បន្តឹង​ដើម្បី​ទិសដៅ​ពង្រឹង​គុណភាព​សិក្សា​របស់​សិស្ស។ ដោយ​ឡែក​នៅ​មណ្ឌល​ប្រឡង​ខេត្ត​មណ្ឌលគិរី ក៏​មាន​ការ​រិះគន់​ថា មន្ត្រី​គណៈកម្មការ​ប្រឡង​ប្រើ​ឧគ្ឃោសនស័ព្ទ​បំពង​សំឡេង​ខ្លាំងៗ​ណែនាំ​សិស្ស​និង​គណៈ​មេ​ប្រយោគ​នៅ​ក្នុង​ម៉ោង​ប្រឡង​ធ្វើ​ឲ្យ​រំខាន​ដល់​អារម្មណ៍​បេក្ខជន​កំពុង​ប្រឡង។

ឪពុក​ម្ដាយ អ្នក​អាណាព្យាបាល​និង​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុប​នៅ​ខេត្ត​មណ្ឌលគិរី ឆ្នាំ​នេះ សំណូមពរ​ឲ្យ​គណៈកម្មការ​ប្រឡង​បញ្ឈប់​កុំ​ប្រើ​មេក្រូ​បំពង​សំឡេង​ក្នុង​ម៉ោង​ប្រឡង​របស់​សិស្ស​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ជៀសវាង​រំខាន​ដល់​អារម្មណ៍​សិស្ស​កំពុង​ប្រឡង។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ជា​ថ្ងៃ​ទី​២ នៃ​សម័យ​ប្រឡង​បាក់​ឌុប​ដែល​ប្រព្រឹត្ត​ទៅ​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ហ៊ុន សែន ខេត្ត​មណ្ឌលគិរី។

អាណា​ព្យាបាល​សិស្ស​មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា លោក​បាន​ទៅ​ពិនិត្យ​មើល​ការ​ប្រឡង​របស់​កូន​រយៈពេល​ពីរ​ថ្ងៃ។ អ្វី​ដែល​លោក​ចាប់​អារម្មណ៍​គឺ​សំឡេង​មេក្រូ​បំពង​សំឡេង​របស់​ប្រធាន​មន្ទីរអប់រំ​ខេត្ត​ដែល​ធ្វើការ​ណែនាំ​បេក្ខជន​ប្រឡង​និង​គណៈកម្មការ​ប្រឡង លាន់​ឮ​ខ្លាំង​នៅ​ម៉ោង​សិស្ស​កំពុង​ប្រឡង​ជា​ច្រើន​លើក។

លោក​ហៅ​បញ្ហា​នេះ​ថា បាន​រំខាន​ដល់​អារម្មណ៍​​សិស្ស​កំពុង​ផ្ដោត​ស្មារតី​បំពេញ​វិញ្ញាសា​ប្រឡង៖ «រៀងរាល់​ឆ្នាំ​អ៊ីចឹង។ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ឪពុក​ម្ដាយ​សិស្ស ខ្ញុំ​មក​ស្ដាប់​ធុញ​ដែរ កូន​វា​រអ៊ូ​ប្រាប់។ ក្មេង​ភាគ​ច្រើន​វា​ថា និយាយ​ងោក ងាកៗ ច្រើន​ទៅ​ប៉ះពាល់​អារម្មណ៍​គាត់​ក្នុង​ពេល​កំពុង​សរសេរ។ បើ​សិន​គាត់​និយាយ​មុន​ពេល​ប្រឡង​សិស្ស​អត់​ថា​ស្អី​ទេ»

ឆ្លើយ​តប​សំណូមពរ​នេះ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​មណ្ឌលគិរី លោក ទឹម សង្វាត ទទួល​ស្គាល់​ថា លោក​បាន​ប្រើប្រាស់​ឧគ្ឃោសនស័ព្ទ​ណែនាំ​សិស្ស​តែ​មុន​ពេល​សិស្ស​ចូល​ប្រឡង និង​ពេល​សម្រាក​តែប៉ុណ្ណោះ។ ក្រៅ​ពី​នេះ លោក​ក៏​បាន​ហាម​មិន​ឲ្យ​ប្រើ​សំឡេង​រំខាន​ពេល​សិស្ស​កំពុង​ប្រឡង​ទៀត​ផង៖ «សូម​បញ្ជាក់​ថា អត់​មាន​ទេ គឺ​ហាម​មិន​ឲ្យ​ប្រើ​មេក្រូ​ទៀត​ពេល​សិស្ស​កំពុង​ប្រឡង​ទៀត។ មាន​ការ​អ្វី​យើង​ទៅ​ខ្សឹប​គ្នា សិស្ស​សម្រាក​ចេញ​លេង​បាន ពេល​សិស្ស​កំពុង​សរសេរ​យើង​អត់​ដែល​​ប្រកាស​ទេ»

មណ្ឌល​ប្រឡង​វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី មាន​បេក្ខជន​បេក្ខនារី​ចូល​រួម​ប្រឡង ១៩១​នាក់ និង​មាន​បន្ទប់​ប្រឡង​ចំនួន​៨។

ចូល​រួម​សង្កេតការណ៍​នៅ​មណ្ឌល​ប្រឡង​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ទទួល​ស្គាល់​ថា ការ​បញ្ជាក់​របស់​អាណាព្យាបាល​សិស្ស​គឺ​ជា​ការ​ពិត ពីព្រោះ​មនុស្ស​​មួយ​ចំនួន​ដែល​សង្កេត​មើល​ការ​ប្រឡង​បាន​ឮ​សូរ​មេក្រូ​បំពង​សំឡេង​នៅ​ម៉ោង​សិស្ស​កំពុង​ប្រឡង។

ករណី​នេះ លោក​ថា មន្ត្រី​គណៈកម្មការ​ប្រឡង​គួរ​ទុក​ជា​បទពិសោធន៍​សម្រាប់​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​​បញ្ហា​នេះ​នៅ​សម័យ​ប្រឡង​ឆ្នាំ​ក្រោយ​ទៀត៖ «សកម្មភាព​ដែល​គាត់​ធ្វើ​គឺ​ប្រធាន​មន្ទីរ​ជា​អ្នក​ប្រកាស។ មុន​ចែក​វិញ្ញាសា​ក៏​ប្រកាស​មេក្រូ នៅ​ពេល​ដែល​សិស្ស​ធ្វើ​ក្នុង​ម៉ោង​ខ្វះ ១៥​នាទី​ទៀត​ដល់​ម៉ោង​ហ្នឹង ក៏​គាត់​ប្រកាស​មេក្រូ​ដែរ ប្រកាស​ដើម្បី​ឲ្យ​មន្ត្រី​អនុរក្ស​ណែ​នាំទៅ​បេក្ខជន​ដែល​ប្រឡង​ឲ្យ​គាត់​បំពេញ​ក្បាល​ទំព័រ​ក្រែង​មាន​ការ​ច្រឡំ​លេខ​តុ»។

​យ៉ាង​នេះ​ក្តី ការ​កត់​សំគាល់​ជា​ទូទៅ​របស់​ឪពុក​ម្ដាយ​សិស្ស​បេក្ខជន​ប្រឡង​និង​អ្នក​សង្កេតការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចាត់​ទុក​ការ​ប្រឡង​នៅ​ខេត្ត​មណ្ឌលគិរី​ឆ្នាំ​នេះ មាន​វិន័យ​សណ្ដាប់ធ្នាប់​ល្អ មិន​មាន​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង គ្មាន​លួច​យក​ឯកសារ ឬ​លួច​មើល​ឯកសារ​ក្នុង​បន្ទប់​ប្រឡង និង​គ្មាន​សូក​ប៉ាន់ ឬ​រ៉ៃ​ប្រាក់​សិស្ស​ក្នុង​ពេល​ប្រឡង ជា​ពិសេស​មាន​អ្នកសង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ១៧​នាក់​ចូល​រួម​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។