បញ្ហានេះរដ្ឋាភិបាលបានចំណាយច្រើនលើស្បៀងអាហារសម្រាប់អ្នករងគ្រោះ ប៉ុន្តែបរិមាណនេះនៅតិចជាងទំហំជាក់ស្ដែងដែលកសិករខូចខាត តាមរយៈរដ្ឋាភិបាលមិនបានរកវិធានការបន្សំនឹងគ្រោះធម្មជាតិទៅលើផលិតភាពកសិកម្ម។
លោក អ៊ុក ជត អាយុ ៥៧ឆ្នាំ រស់នៅភូមិសំប៊ូ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ភាពរាំងស្ងួតជះឥទ្ធិពលអាក្រក់ដល់ការធ្វើកសិកម្មរបស់គាត់ ជាពិសេសធ្វើឲ្យផលិតភាពកសិកម្មទាប។ ម៉្យាងវិញទៀត ប្រព័ន្ធស្រោចស្រពទឹកមិនគ្រប់គ្រាន់ ការចំណាយលើការទិញជី និងពលកម្ម បានក្លាយជាបន្ទុកចំណាយកាន់តែខ្ពស់នៅពេលដែលតម្លៃកសិកម្មកាន់តែមានតម្លៃទាប។
ចំណែកឯកសិករម្នាក់ទៀត លោក សឹម សំណូ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានអះអាងស្រដៀងគ្នានេះដែរថា ក្នុងឆ្នាំ២០១២ កន្លងទៅ ផលិតភាពកសិកម្មបានថយចុះដោយសារគ្រោះរាំងស្ងួត។
បន្ថែមលើនេះ សមាជិកក្រុមប្រឹក្សាឃុំអូរ លោក បាន សំបូរ មានប្រសាសន៍ថា គ្រោះរាំងស្ងួតបានបន្ថយផលិតភាពកសិកម្មប្រមាណជិតពាក់កណ្ដាលនៅក្នុងឃុំ។ ប្រជាជនភាគច្រើនធ្វើកសិកម្មដោយពឹងលើទឹកភ្លៀង ឬធម្មជាតិទាំងស្រុង។ ទោះជាមានប្រព័ន្ធធារាសាស្ត្របានសាងសង់មួយចំនួនក៏ដោយ ប៉ុន្តែមិនបានបម្រើឲ្យវិស័យកសិកម្មបានគ្រប់គ្រាន់ឡើយ។
លោកមានប្រសាសន៍បន្ថែមថា ប្រជាជនភាគច្រើននៅក្នុងឃុំប្រកបរបរធ្វើស្រែតែម្ដងគត់ក្នុងមួយឆ្នាំ ហើយពួកគាត់ប្រឈមនឹងហានិភ័យកាន់តែខ្ពស់ចំពោះការលើកកម្ពស់ផលិតភាពកសិកម្មដោយសារតែផ្ទៃដីជាប្រភេទដីខ្ពស់រាប។
ការសិក្សានានាបានរកឃើញថា ប្រជាជននៅតាមជនបទដែលមានជីវភាពពឹងផ្នែកលើធនធានធម្មជាតិសម្រាប់ការដាំដុះ នឹងត្រូវតស៊ូយ៉ាងលំបាកដើម្បីទប់ទល់នឹងឥទ្ធិពលមិនល្អនៃការប្រែប្រួលផ្លាស់ប្ដូរអាកាសធាតុ។ ប្រជាជននៅជនបទមួយចំនួន ដូចជាស្ត្រី មនុស្សចាស់ និងជនពិការជាដើម កាន់តែងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ ហើយទំនងជាជួបបញ្ហាលំបាកកាន់តែធ្ងន់ធ្ងរ។
ការផ្លាស់ប្ដូរអាកាសធាតុមិនត្រឹមតែប៉ះពាល់ខ្លាំងទៅប្រទេសកំពុងអភិវឌ្ឍន៍ និងប្រជាជនក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ទិដ្ឋភាពសង្គម និងសេដ្ឋកិច្ចនៃការអភិវឌ្ឍប្រកបដោយចិរភាពទៀតផង។ នៅតំបន់អាស៊ី ការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងនៅពេលអនាគត នឹងប៉ះពាល់ខ្លាំងដល់វិស័យកសិកម្ម។ បញ្ហានេះបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នករស់នៅជនបទដែលពឹងលើវិស័យកសិកម្មជាចម្បងសម្រាប់រកចំណូល។
ការផ្លាស់ប្ដូរអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត បានបង្កផលលំបាកខ្លាំងដល់កសិករ និងរុញច្រានឲ្យពួកគាត់ធ្លាក់ចុះក្នុងភាពក្រីក្រ។ នៅចំកណ្ដាលរដូវវស្សាតែងតែមានគ្រោះរាំងស្ងួតរយៈពេលខ្លីដែលធ្វើឲ្យខូចខាតដំណាំស្រូវរបស់កសិករជារឿយៗ។
អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា មានប្រសាសន៍ថា រដ្ឋាភិបាលមានផែនការជួយសង្គ្រោះបន្ទាន់ចំពោះការប្រែប្រួលអាកាសធាតុ ឬគ្រោះថ្នាក់ធម្មជាតិផ្សេងដល់ផលដំណាំរបស់ប្រជាកសិករ ប៉ុន្តែមិនមានតួលេខបញ្ជាក់នឹងចំណាយប៉ុន្មាននោះទេក្នុងមួយឆ្នាំ។ លោក ញឹម វណ្ណដា ទទួលស្គាល់ថា ផលអាក្រក់នៃការកើតឡើងគ្រោះធម្មជាតិ ឬការប្រែប្រួលអាកាសធាតុ នឹងធ្វើឲ្យភាពក្រីក្រកើនឡើង និងបន្ថយកំណើនសេដ្ឋកិច្ចជាតិ។
បន្ថែមលើនេះ តាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលកន្លងទៅ ប្រទេសកម្ពុជា បានខាតបង់លុយប្រមាណ ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីគ្រោះរាំងស្ងួត ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេង។
ទីភ្នាក់ងារអន្តរជាតិដាណាម៉ាក (DANIDA) និងក្រសួងបរិស្ថាន បានបង្ហាញថា នៅប្រទេសកម្ពុជា ភាពងាយរងគ្រោះចំពោះការផ្លាស់ប្ដូរអាកាសធាតុមានកម្រិតខ្ពស់ ហើយភាពបន្សាំនឹងការដោះស្រាយភាពប្រែប្រួលអាកាសធាតុក៏នៅមានកម្រិតដែរ។ បញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ដល់កង្វះខាតទឹក អសន្តិសុខស្បៀង ហើយប៉ះពាល់ដល់ជីវភាពប្រជាជននៅជនបទ។
អ្នកជំនាញវិស័យកសិកម្មយល់ថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ថែមទៀត ព្រោះវិស័យនេះជាធនធានទ្រទ្រង់ជីវភាពចម្បងនៅតាមជនបទ និងចូលរួមកំណើនសេដ្ឋកិច្ចជាតិ។ ទោះបីជាមានការអះអាងដូចនេះ គ្រោះធម្មជាតិបានបង្ខំឲ្យកសិករខិតខំប្រឹងប្រែងតស៊ូរកចំណូលដើម្បីរស់បានមួយថ្ងៃ ហើយនិន្នាការនេះ ធ្វើឲ្យប្រជាជនកាន់តែលំបាក កំណើនសេដ្ឋកិច្ចកាន់ថយចុះ ពីការមិនអើពើរបស់រដ្ឋាភិបាលក្នុងការរកវិធានការទប់ស្កាត់ និងបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ មានន័យថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចរីកដុះដាលយ៉ាងខ្លាំង ប៉ុន្តែអាកាសធាតុបានប្រែប្រួលខ្លាំងផងដែរ ដែល បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយវិសមភាពរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅជនបទ ក៏ដូចជាបានរារាំងដល់កិច្ចខិតខំប្រឹងប្រែង កាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រីក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
