សាលារាជធានីភ្នំពេញ នឹងស៊ើបរកមេខ្លោងដែលបង្ខំឲ្យកុមារប្រើល្បិចប្លែកៗសុំទានតាមស្តុប។ ការប្រកាសស៊ើបអង្កេតរកមុខសញ្ញាជនខិលខូច ដែលបង្ខំកុមារឲ្យប្រើល្បិចនេះ ធ្វើឡើងក្រោយពីកុមារភាគច្រើន ត្រូវបានប្ដូរពីការសុំទានត្រង់ៗ មកជាលក់ផ្កាតាមវិធីយកផ្កាទៅថ្ពក់ដៃម៉ូតូអ្នកដំណើរ បង្ខំឲ្យទិញផ្កាក្នុងតម្លៃខ្ពស់។
កុមារខ្លះ យកជើង ឬឱនក្បាលចូលក្រោមកង់ឡាន ក្រោមកង់ម៉ូតូ បង្ហាញពីគ្រោះថ្នាក់ ដើម្បីបង្ខំឲ្យអ្នកធ្វើដំណើរផ្តល់ប្រាក់ទៅពួកគេ។ ចំណែកក្រុមអ្នកសុំទានត្រង់ៗ ជាមនុស្សចាស់ បានប្រើរទេះរុញបង្ហាញពីពិការភាព ធ្វើឲ្យទាក់ទាញអ្នកដំណើរឆ្លងកាត់ ឬឈប់ស្តុប ដើម្បីសុំប្រាក់ដោយវិធីយករទេះបាំងពីមុខយានយន្ត ជាដើម។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងបន្តថា នឹងស៊ើបអង្កេតរកមេកើយនៃក្រុមអ្នកសុំទាន និងគ្រោងប្រមូលកុមារទាំងនោះ យកទៅមណ្ឌលអប់រំ ឲ្យបានរៀនសូត្រ៖ «ពីព្រោះគេគិតថា កុមារមិនអាចអ្នកណាធ្វើអីបានទេ។ អ៊ីចឹងគេបង្ហាត់ឲ្យកុមារទៅធ្វើជាអ៊ីចឹង។ អ៊ីចឹងពួកនេះ គឺជាជនទុច្ចរិត ដែលយើងត្រូវតែមានវិធានការ។ យើងត្រូវរកអ្នកដែលនៅពីក្រោយខ្នងពួកហ្នឹង។ ដូច្នេះ យើងរកឫសគល់ថាជាអ្នកណា? ភាគច្រើន ខ្លះគឺមានឪពុកម្តាយ អាណាព្យាបាល លើកទឹកចិត្តជំរុញ ឬក៏បង្ខំឲ្យកូនគាត់ ឲ្យក្មេងៗទាំងអស់ហ្នឹងទៅធ្វើ។ ដោយឡែកទៀតមានក្រុមជួញដូរកម្លាំងពលកម្មកុមារនេះ ក៏ជាអ្នកបង្ហាត់បង្រៀនឲ្យមានធ្វើបែបនេះដែរ»។
សកម្មភាពប្រើល្បិចសុំទាននៃក្រុមមនុស្សអនាថាទាំងនោះ ត្រូវបានប្រទះឃើញច្រើននៅតាមស្តុបក្នុងខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ៧មករា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
