បុគ្គលិកអង្គការសង្គមស៊ីវិល បុគ្គលិកក្រុមហ៊ុន និងយុវជនស្ម័គ្រចិត្ត បានរួមគ្នាបង្កើតព្រឹត្តិការណ៍មួយឈ្មោះថា បារខែម (Barcamp) ដែលគេទទួលស្គាល់ថា ជាព្រឹត្តិការណ៍ពិភពលោក ដោយផ្ដោតលើប្រធានបទធំ គឺការត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន។ ព្រឹត្តិការណ៍នេះធ្វើឡើងរយៈពេល ២ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ។
មនុស្សជាង ៤ពាន់នាក់ ភាគច្រើនជាយុវជនមកពីអង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន បានចាប់អារម្មណ៍ និងចូលរួមក្នុងកម្មវិធីបារខែម ដើម្បីត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន។
អ្នករៀបចំព្រឹត្តិការណ៍បារខែម លោក ជី សុផាត ថ្លែងនៅថ្ងៃទី២៤ តុលា ថា គោលបំណងនៃព្រឹត្តិការណ៍នេះ ចង់ឲ្យសាស្ត្រាចារ្យបុគ្គលិកអង្គការក្រុមហ៊ុនឯកជន យុវជន សិស្សនិស្សិតទាំងអស់ដែលធ្វើការ និងសិក្សាក្នុងវិស័យផ្សេងៗគ្នា បានមកជួបជុំគ្នា ហើយចែករំលែកនូវជំនាញ និងបទពិសោធន៍រៀងៗខ្លួន។
លោកថា សម្រាប់កម្មវិធីនៅឆ្នាំនេះ បញ្ហាបច្ចេកវិទ្យាអាជីពការងារ រចនាច្នៃប្រឌិត និងសហគ្រិនភាព គឺជាប្រធានបទតូចៗ ក្រោមប្រធានបទធំ គឺការត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន៖ «ការពិតទៅយើងព្យាយាមយកជំនាញផ្សេងទៀត ដែលយើងបានដាក់មានប្រហែលជា៤ ក្នុងនោះ ៥ទាំងវប្បធម៌ មានន័យថា យើងយកបច្ចេកវិទ្យា សហគ្រិនភាព អាជីពការងារនិងការច្នៃប្រឌិត។ យើងអញ្ជើញវាគ្មិនទាំង៤ ដែលមានជំនាញទាំងអស់នេះ ដើម្បីឲ្យអ្នកចូលរួមបានទទួលនូវចំណេះជំនាញទាំង ៤ ឬបទពិសោធន៍ទាំង៤ ដើម្បីពង្រឹងគាត់ឲ្យជំនាញគាត់កាន់តែល្អឡើង ដើម្បីធ្វើការប្រកួតប្រជែងជាមួយសមាហរណកម្មអាស៊ានខាងមុខហ្នឹង»។
និស្សិតម្នាក់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺយុវជន លោក លី ម៉េងគីម អាយុ ១៩ឆ្នាំ ជានិស្សិតផ្នែកព័ត៌មានវិទ្យានៃវិទ្យាស្ថានស៊ីតិច បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីនេះ។ យុវជនដដែលថ្លែងថា បន្ទាប់ពីគាត់បានស្ដាប់បទបង្ហាញរបស់អ្នកជំនាញគាត់បានអភិវឌ្ឍខ្លួនឯងច្រើនក្នុងមុខវិជ្ជាដែលខ្លួនកំពុងរៀន៖ «ខ្ញុំស្ដាប់បានត្រង់ចំណុចមួយដែលគាត់លើកឡើងថា យើងអ្នក I.T (អាយ.អី) ហ្នឹង ប៉ុន្តែនៅពេលយើងចេញធ្វើការមិនមែនយើងចេញធ្វើការតែ អាយ.ធី មួយមុខទេ យើងត្រូវចេះធ្វើការនៅច្រើនមុខវិជ្ជាទៀត។ ឧទាហរណ៍ ទំនាក់ទំនងសាធារណៈ យើងត្រូវចេះទំនាក់ទំនងគ្នាជាដើម។ ខាងផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីផ្គួបគ្នាជាមួយមុខវិជ្ជាយើង»។
ព្រឹត្តិការណ៍ បារខែម បានចាប់ផ្ដើមធ្វើឡើងតាំងពីឆ្នាំ២០០៨។ ព្រឹត្តិការណ៍នេះគេតែងធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភ និងសហការរួមគ្នាពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ជាភាសាអង់គ្លេសថា យូ.អេស.អេ.អាយ.ឌី (USAID) ក្រសួងអប់រំ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជនមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
