មន្ត្រីប៉ូលិសនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចោទប្រកាន់អធិការនគរបាលស្រុកនេះថា តម្រូវឲ្យមន្ត្រីក្រោមឱវាទបង់លុយចូលកាកបាទក្រហមកម្ពុជា ប្រចាំនៅខែត្រនេះ ជាលើកដំបូង ដែលដកចេញពីប្រាក់ខែរបស់មន្ត្រីនគរបាលម្នាក់ៗ ដើម្បីយកប្រើប្រាស់ក្នុងការងារសង្គម។ ប៉ុន្តែអធិការនគរបាលស្រុកបដិសេធចំពោះការចោទប្រកាន់នេះថា ជារឿងមិនពិតឡើយ។
មន្ត្រីប៉ូលិសស្រុកភ្នំព្រឹក សម្ដែងការមិនពេញចិត្តទៅនឹងទង្វើថ្នាក់ដឹកនាំរបស់ខ្លួននេះ ថាជាកាយវិការមួយធ្វើឡើងទាំងបង្ខំនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីក្រោមឱវាទដែលមានប្រាក់ចំណូលតិចតួច។
មន្ត្រីប៉ូលិសនៅស្រុកភ្នំព្រឹក ម្នាក់ ថ្លែងក្នុងលក្ខណៈមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃទី២៤ ខែឧសភា ថា មន្ត្រីប៉ូលិសថ្នាក់ក្រោមនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ជាច្រើននាក់ ត្រូវបានលោកអធិការនគរបាលស្រុកភ្នំព្រឹក តម្រូវឲ្យពួកគេបង់ប្រាក់ម្នាក់ ១ម៉ឺនរៀលទៅឲ្យកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលចាប់អនុវត្តពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែឧសភា កន្លងទៅ។
មន្ត្រីប៉ូលិសរូបនេះបន្តថា ការបង់ប្រាក់ទៅកាកបាទក្រហមនេះ ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីប៉ូលិសតូចតាចដែលមានប្រាក់ខែតិចតួចមិនសប្បាយចិត្តឡើយ។ លោកបន្ថែមថា ការដកលុយប្រាក់ខែពួកគាត់នេះជាការគាបសង្កត់ដែលធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលប្រចាំខែ៖ «ជាធម្មតាលុយប្រាក់ខែបើកពីធនាគារទេ ក៏ប៉ុន្តែគេឲ្យយើងរកប្រាក់ ១ម៉ឺនរៀលផ្សេងទៅបង់ឲ្យគេវិញដដែលហ្នឹង ហើយបើយើងមិនឲ្យគេវាអាចប៉ះពាល់ការងាររបស់យើងទៅថ្ងៃអនាគត។ តែបើសិនជាយកលុយនោះទៅជួយអ្នកក្រីក្រពិតប្រាកដមែន ខ្ញុំមិនសោកស្ដាយទេ ប៉ុន្តែកន្លងមកអ្នកក្រពិតប្រាកដមិនបានប្រាក់ជំនួយនោះទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អធិការនគរបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្រ មានប្រសាសន៍បញ្ជាក់ថា លោកពុំបានតម្រូវឲ្យមន្ត្រីប៉ូលិសក្រោមឱវាទណាម្នាក់បង់ប្រាក់ទៅឲ្យកាកបាទក្រហមកម្ពុជា ខេត្តដូចការលើឡើងនោះទេ។
ទោះយ៉ាងនេះលោកទទួលស្គាល់ថា ការបង់ប្រាក់ទៅឲ្យកាកក្រហមនោះ ធ្វើឡើងចំពោះតែរូបលោកម្នាក់ឯងប៉ុណ្ណោះ គឺពុំមានពាក់ព័ន្ធមន្ត្រីក្រោមឱវាទនោះឡើយ៖ «ទើបតែឆ្នាំនេះដែលកាកបាទក្រហមកម្ពុជា ខេត្តឲ្យជួយនោះ កន្លងមកពុំមានទេ។ ប៉ុន្តែការជួយនេះជាការស្ម័គ្រចិត្តរបស់ខ្ញុំទេ»។
ទោះយ៉ាងនេះក្ដីមន្ត្រីប៉ូលិសម្នាក់ទៀតអះអាងថា រូបគេក៏បានបង់ប្រាក់ម្នាក់ ១ម៉ឺនរៀលទៅឲ្យកាកបាទក្រហមខេត្តបាត់ដំបង តាមរយៈថ្នាក់ដឹកនាំរបស់ខ្លួនដូចៗគ្នា។ មន្ត្រីប៉ូលិសរូបនេះបញ្ជាក់ថា ពួកគេមិនសប្បាយចិត្តចំពោះការបង់ប្រាក់ម្នាក់ ១ម៉ឺនរៀលនេះ ប៉ុន្តែដោយសារជាមន្ត្រីតូចតាច នៅក្រោមបញ្ជាគេ មិនហ៊ានជំទាស់នឹងគ្មានជម្រើស៖ «កាលពីថ្ងៃប្រជុំនៅក្នុងអង្គភាពកន្លងទៅគេសុំឲ្យពួកខ្ញុំជួយដល់កាកបាទក្រហមម្នាក់ ១ម៉ឺនរៀល ហើយលុយនោះខ្ញុំក៏បានបង់ឲ្យគេអស់ទៅហើយដែរ»។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ការបង់ប្រាក់ម្នាក់ ១ម៉ឺនរៀលទៅឲ្យកាកបាទក្រហមនេះ ថ្វីត្បិតមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែប្រសិនបើពុំមែនជាការស្ម័គ្រចិត្តទេ បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីប៉ូលិសធ្វើឲ្យពួកគេបាត់ទឹកចិត្តក្នុងការបំពេញការងារ។
កាកបាទក្រហមកម្ពុជា បានប្រភពចំណូលធំពីសប្បុរសជននានា និងឧកញ៉ាធំៗដែលជិតស្និតនឹងគណបក្សប្រជាជនកម្ពុជា។ ការតម្រូវឲ្យមន្ត្រីរាជការបង់វិភាគទានខ្លះដកចេញពីប្រាក់ខែនេះ មិនមែនលេចឮតែពីមន្ត្រីនគរបាលទាំងនេះទេ កន្លងមកក៏មានសកម្មភាពបង់លុយដកចេញពីមន្ត្រីរាជការមួយចំនួនទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
