ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​បារម្ភ​ពី​ការ​ធ្លាយ​ប្រេង​ម៉ាស៊ូត​ហូរ​ចូល​ស្រែ

0:00 / 0:00

ប្រេង​ម៉ាស៊ូត​ជា​ច្រើន​លីត្រ​បាន​ធ្លាយ​ហូរ​​ចូល​ស្រែ​របស់​កសិករ​តាម​​ប្រឡាយ​មេ ដែល​ត្រូវ​គេ​បង្ហូរ​តាម​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ក្នុង​សង្កាត់​អូរចារ ខេត្ត​បាត់ដំបង។ ប្រជាពលរដ្ឋ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រេង​ម៉ាស៊ូត​នេះ​នឹង​បំផ្លាញ​ស្រូវ​ជា​ច្រើន​ហិកតារ​នៅ​ផ្នែក​ខាង​ក្រោម​ខ្សែ​ទឹក។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​អណ្ដូង​ចេញ បាន​ផ្អើល​មក​ដង​យក​ប្រេង​ម៉ាស៊ូត​គ្រប់​គ្នាៗ ដែល​អណ្ដែត​ត្រៀបត្រា​នៅ​តាម​ទឹក​យក​ទៅ​ប្រើប្រាស់។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​សំដែង​ក្ដី​បារម្ភ​ថា សារធាតុ​ប្រេង​ម៉ាស៊ូត​ដែល​កំពុង​រីកសាយ​ភាយ​ពេញ​ផ្ទៃ​ប្រឡាយ​នេះ ក្រៅ​ពី​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល និង​មាន​ផល​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ហើយ ប្រេងម៉ាស៊ូត​នេះ​ថែម​ទាំង​ធ្វើ​ឲ្យ​ខូចខាត​បរិស្ថាន​ថែម​ទៀត​ផង។

កំពុង​អោន​ងើបៗ ដោយ​ដៃ​មាន​កាន់​កញ្ច្រែង ហើយ​មាន​អេប៉ុង​សម្រាប់​បឺត​ត្រង​យក​ប្រេង​ម៉ាស៊ូត​ផង ប្រជាពលរដ្ឋ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ សីហា ថា ពួកគេ​នៅ​មិន​ទាន់​ប្រាកដ​ថា ប្រេង​ម៉ាស៊ូត​ដែល​បែក​ធ្លាយ​នៅ​ពេល​នេះ មាន​ប្រភព​ចេញ​ពី​ទីណា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

ពួក​គេ​បន្ត​ថា ថ្វី​បើ​នៅ​ពេល​នេះ​ប្រេង​ម៉ាស៊ូត​នេះ នៅ​មិន​ទាន់​ប្រាកដ​ថា ក្រោយ​ពី​ដង​រួច​អាច​យក​ប្រើប្រាស់​បាន​ដែរ​ឬ​យ៉ាង​នោះ។ ប៉ុន្តែ​ពួកគេ​អះអាង​ថា មាន​មនុស្ស​ច្រើន​ណាស់​ដែល​ផ្អើល​មក​ត្រង​យក​ប្រេង​ម៉ាស៊ូត​​យក​ទៅ​ប្រើប្រាស់​ដែរ​នោះ៖ «ខ្ញុំ​ឥត​ដឹង​ដែរ ព្រោះ​ទើប​មក​អម្បាញ់មិញ ប្រហែល​ជា​ច្រើន​ដែរ ព្រោះ​គេ​អ្នក​ត្រង​បាន។ អ្នក​ខ្លះ​បួន ប្រាំ ប្រាំមួយ​ប៊ីដុង​អី​ទៅ​ហើយ។ អ្នក​ខាង​កើត​ដែល​គេ​ដឹង​មុន គេ​ត្រង​បាន​ច្រើន។ អូ! ខូច​អស់​ហើយ មើល​ព្រលឹត ងាប់​អស់​ហើយ វា​ក្ដៅ។ អូ! បើ​មាន​ភ្លៀង​មក​ហូរ​ទៅ​ស្រែ​ខូច​ស្រែ​អស់​ហើយ»

នៅ​ពេល​នេះ ស្មៅ​និង​រុក្ខជាតិ​ដែល​ដុះ​ក្នុង​ប្រឡាយ​មេ បាន​ក្រៀម​ស្វិត​ជា​បណ្ដើរៗ​ហើយ។ក្រៅ​ពី​នេះ​អ្នក​ដែល​កំពុង​ដង​ប្រេងម៉ាស៊ូត​មួយ​ចំនួន​ហើយ​យក​ទៅ​ប្រើប្រាស់ និយាយ​ថា សារធាតុ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រុក្ខជាតិ​ក្នុង​ទឹក​​ត្រូវ​ស្វិត​រលួយ​ទេ តែ​ថែម​ទាំង​បណ្ដាល​ឲ្យ​ជើង​ដៃ​របស់​ពួក​គេ​នៅ​ពេល​​នេះ​ក៏​ក្រៀម​ស្បែក​ដែរ។ រឹត​តែ​ជួប​ផល​លំបាក​ទៅ​ទៀត​នោះ គឺ​ចំហាយ​សារធាតុ​ម៉ាស៊ូត បាន​ជះ​ក្លិន​ភាយ​តាម​ខ្យល់​នៅ​ពេល​ឈរ​ជិត ហើយ​ក្លិន​ឈួល​នៃ​សារធាតុ​ម៉ាស៊ូត​នេះ ស្ទើរ​ទ្រាំ​ពុំ​បាន​​​ទៀត​ផង។

រស់​នៅ​សង្កាត់​អូរចារ លោក មាន កុសល ជា​តំណាង​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​អណ្ដូងចេញ អះអាង​ថា ប្រេង​ម៉ាស៊ូត​ដែល​បែក​ធ្លាយ​នៅ​ពេល​នេះ គឺ​ចេញ​ពី​ស្ថានីយ​ប្រេង​ឥន្ធនៈ​របស់​លោក ឡេង ស៊្រុន។ លោក​បន្ត​ថា ព្រោះ​ក្រោយ​ពី​ប្រជាពលរដ្ឋ​តវ៉ា​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ ឡេង ស្រ៊ុន បង្ហូរ​ចូល​ក្នុង​ស្រះ​បុរាណ​ក្នុង​សហគមន៍​ហើយ ទើប​បង្វែរ​សារធាតុ​នេះ​បញ្ចូល​តាម​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ក្នុង​ក្រុង រួច​បង្ហូរ​ចូល​ប្រឡាយ​មេ​តែម្ដង។

លោក​បន្ត​ថា៖ «ចេញ​ពី​ហ្ការ៉ាស់​សាំង ឡេង ស្រ៊ុន ហ្នឹង​តែម្ដង។ បាទ! ចេញ​ពី​ហ្នឹង​ព្រោះ​កាល​ពី​មុន​មក លូ​ហ្នឹង​ដែល​មិន​ទាន់​កាយ​ហ្នឹង គឺ​នៅ​កប់​នៅ​ហ្នឹង មិន​អាច​ហូរ​មក​ទេ។ នៅ​ពេល​ដែល​លិចលង់​ប្រជាពលរដ្ឋ​នៅ​ខាង​លើ មាន​ទំនាស់​ទឹក​ស្រះ​ហ្នឹង ក្រោយ​មក​ទៀត ក៏​ពួក​ខ្ញុំ​សំណើ​ទៅ​លោក​អភិបាល​ក្រុង​ដាក់​លូ ក៏​ធ្លាយ​មក​ហ្នឹង​មក​តែម្ដង»

បដិសេធ​នឹង​ការ​លើក​ឡើង​នេះ ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ លោក ឡេង ស៊្រុន អះអាង​ថា សារធាតុ​ប្រេង​ម៉ាស៊ូត​ដែល​បែក​ធ្លាយ​នៅ​ពេល​នេះ គឺ​ពុំ​មែន​ចេញ​ពី​ស្ថានីយ​របស់​លោក​ឡើយ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ទាំង​ក្រុម​ការងារ​របស់​លោក និង​ស្ថាប័ន​ជំនាញ​របស់​ក្រុង​បាត់ដំបង កំពុង​ពិនិត្យ និង​សិក្សា​រក​មូលហេតុ។

លោក ឡេង ស៊្រុន៖ «ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​បូម​ពី​ប្រឡាយ​ហ្នឹង​ចេញ តែ​ក្នុង​ទុយយោ​ខ្ញុំ​ឥត​មាន​ទេ ឥត​មាន​ជ្រាប​អី​ទេ។ ខ្ញុំ​គាស់​មើល​អស់​ហើយ ខ្ញុំ​វ៉ៃ ហើយ​អ្នក​សារព័ត៌មាន​ក៏​គេ​នេះ​ច្រើន​ដែរ គេ​ចុះ​ពិនិត្យ​ឃើញ​កន្លែង​ដែល​ទឹក​ចុះ​តាម​ទុយយោ​តាម​អី​ហ្នឹង។ វា​អត់មាន​ហូរ​មាន​សើម​អី​ទាំង​អស់»

ចំណែក​អភិបាល​ក្រុង​បាត់ដំបង លោក សៀង ឯមប៊ុនស៊ី ថ្លែង​ថា នៅ​ពេល​នេះ ស្ថាប័ន​ជំនាញ​កំពុង​ទប់ស្កាត់ និង​ចាត់​វិធានការ​បន្ទាន់ ដើម្បី​បញ្ចៀស​បញ្ហា។ លោក​សន្និដ្ឋាន​ជា​បឋម​ថា បង្ហាញ​នេះ​ទំនង​ជា​កើត​ឡើង​នៅ​ពេល​អ្នក​ធ្វើ​ការ​ឲ្យ​លោក ឡេង ស្រ៊ុន លួច​បន្លំ​ប្រេង​ម៉ាស៊ូត រួច​លាក់​ទុក​ទើប​បែក​ធ្លាយ​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។