រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តព្រះសីហនុ បានអះអាងថា នឹងដកហូតយកឆ្នេរដែលក្រុមហ៊ុន និងបុគ្គលមួយចំនួន ហ៊ុមព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង ហើយអភិវឌ្ឍបម្រើវិស័យទេសចរណ៍ចាប់ពីខែមករា ឆ្នាំ២០១៦ តទៅ។
មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គម ស្នើឲ្យរដ្ឋាភិបាលត្រូវអនុវត្តសកម្មភាពដកហូតឆ្នេរ ដើម្បីអភិវឌ្ឍឲ្យបានឆាប់ និងមានប្រសិទ្ធភាព។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា ការងារអភិវឌ្ឍឆ្នេរដែលឯកជន និងក្រុមហ៊ុនមួយចំនួន ហ៊ុមព័ទ្ធរបងទុកចោលនៅតាមខេត្តជាប់មាត់សមុទ្រនានា មានខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង រដ្ឋាភិបាលនឹងចុះអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ។
យ៉ាងនេះក្តី លោក ថោង ខុន មិនបានបញ្ជាក់ច្បាស់ថា ការរឹបអូសយកឆ្នេរពីឯកជនដែលគ្មានការអភិវឌ្ឍនេះ នឹងចាប់ផ្ដើមពីខេត្តជាប់មាត់សមុទ្រណាមួយ ឬមិនទាន់បង្ហាញកាលបរិច្ឆេទជាក់លាក់នៅឡើយទេ ដោយបញ្ជាក់ខ្លីថា នឹងចាប់ផ្ដើមចាប់ពីខែមករា នេះ៖ «ខ្ញុំតែងបាននិយាយជាបន្តបន្ទាប់រួចហើយថា ការដែលទុកឆ្នេរ ៥០ម៉ែត្រពីចិញ្ចើមឆ្នេរសមុទ្រ ដើម្បីទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ គឺមាននៅក្នុងសារាចរលេខ០១ របស់រាជរដ្ឋាភិបាល តាំងពីឆ្នាំ២០១២ មកម្ល៉េះ ប៉ុន្តែដោយសារតែការយល់ដឹង និងការអនុវត្តមិនបានស្មើភាពគ្នា នាំឲ្យតំបន់ឆ្នេរខ្លះធ្វើបានល្អ និងមានកន្លែងខ្លះទៀត ធ្វើមិនបានល្អទេ។ ខ្ញុំគិតថា ដើម្បីឲ្យតំបន់ឆ្នេរសមុទ្ររបស់យើងមានសោភ័ណភាព អនាម័យ ពិសេសឆ្នេរខ្សាច់នៅខេត្តព្រះសីហនុ មានសម្រស់ល្អត្រកាល យើងត្រូវខិតខំពង្រឹងការគ្រប់គ្រងឡើងវិញ។ ខ្ញុំគិតថា កិច្ចការទាំងអស់នេះ យើងអាចអនុវត្តមានប្រសិទ្ធភាព»។
ករណីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានសំណូមពរដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុននានាដែលកំពុងធ្វើអាជីវកម្ម ឬមានចំណែកដីនៅតាមឆ្នេរសមុទ្រទាំង ៤ខេត្ត ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជំរុញអភិវឌ្ឍឆ្នេរឲ្យមានសោភ័ណភាព និងអនាម័យជាមួយរាជរដ្ឋាភិបាល។
ទាក់ទិនបញ្ហានេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម មានប្រសាសន៍ថា ទោះជាមានសេចក្តីប្រកាសរបស់រដ្ឋាភិបាល ដកហូតឆ្នេរចំនួន ៥០ម៉ែត្រពីឯកជន និងឈ្មួញ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងបែបណាក្តី ក៏លោកសង្កេតឃើញថា រាល់ថ្ងៃនេះនៅមានសកម្មភាពការដ្ឋានសំណង់ផ្សេងៗ កំពុងបុកគ្រឹះសាងសង់សំណង់រឹងមាំនៅតាមឆ្នេរសមុទ្រមួយចំនួននាខេត្តព្រះសីហនុ មានដូចជា ឆ្នេរឯករាជ្យ និងឆ្នេរសុខា ជាដើម បានបន្តសកម្មភាពរាល់ថ្ងៃ និងគ្មានអាជ្ញាធរហាមឃាត់ទេ។ ជាងនេះទៀត ដីចំណីមាត់ឆ្នេរសមុទ្រភាគច្រើន ដែលបុគ្គល និងក្រុមហ៊ុនមួយចំនួន បានហ៊ុមព័ទ្ធរបងថ្ម ឬរបងដែកទុកចោលគ្មានការអភិវឌ្ឍ ហើយមិនឲ្យភ្ញៀវទេសចរដើរឆ្លងកាត់ នៅតែបន្តហ៊ុមព័ទ្ធរបងដដែល គិតត្រឹមថ្ងៃទី១៤ ខែមករា។
មន្ត្រីសិទ្ធិមនុស្ស លោក សុខ សុខុម បានស្នើដល់រដ្ឋាភិបាល និងអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ត្រូវជួយពន្លឿនបើករបងហ៊ុមព័ទ្ធឆ្នេរទុកចោល មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិវឌ្ឍឲ្យបានឆាប់ និងមានប្រសិទ្ធភាព៖ «សូមឲ្យអាជ្ញាធរខេត្តព្រះសីហនុ ពិសេសរដ្ឋាភិបាល ជួយជំរុញពន្លឿនការងារដកហូតឆ្នេរដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ពីឯកជន និងក្រុមហ៊ុនហ៊ុមព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ យកមកដាក់ជាសម្បត្តិរដ្ឋ និងបម្រើឲ្យប្រយោជន៍រួមដល់សាធារណជន សម្រាប់បម្រើឲ្យវិស័យទេសចរណ៍ឡើងវិញ ដោយកុំបណ្តោយឲ្យបុគ្គល និងក្រុមហ៊ុនមួយចំនួន នៅបន្តធ្វើសកម្មភាពបុកគ្រឹះធ្វើជាកម្មសិទ្ធិដូចសព្វថ្ងៃនេះតទៅទៀត។ បច្ចុប្បន្ននេះ មានដូចជា គម្រោងអភិវឌ្ឍន៍កោះរ៉ុង របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បានបន្តសង់ផ្ទះនៅលើចំណីឆ្នេរសមុទ្រតែម្តង ហើយសំណង់នៅតាមឆ្នេរឯករាជ្យ ឬហៅថាឆ្នេរសណ្ឋាគារ ៧ជាន់ ក៏កំពុងសាងសង់សំណង់រឹងមាំ ដោយអាជ្ញាធរខេត្តនេះមិនបានទប់ស្កាត់នោះទេ»។
បញ្ហានេះដែរ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលនឹងចាប់ផ្ដើមអភិវឌ្ឍឆ្នេរដែលគ្មានអនាម័យ ឬដកហូតឆ្នេរហ៊ុមព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ ចាប់ពីខែមករា តទៅ។ លោកអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ឲ្យចូលរួមសហការក្នុងការងារអភិវឌ្ឍន៍ឆ្នេរជាមួយរដ្ឋាភិបាលឲ្យបានទាំងអស់គ្នា៖ «ដីដែលជាចំណីតំបន់ឆ្នេរ ត្រូវតែគ្រប់គ្រងឲ្យបានគង់វង្ស ដើម្បីរក្សាឆ្នេររបស់យើងឲ្យបានស្រស់ស្អាតឲ្យសមជាឆ្នេរដែលជាប់ជាចំណាត់ថ្នាក់ស្អាតបំផុតនៅលើពិភពលោក។ កន្លងមកនេះ ការគ្រប់គ្រងឆ្នេរនៅមានចំណុចខ្វះខាតខ្លះៗ ដោយសារមានបងប្អូនបានចូលទៅរស់នៅអនាធិបតេយ្យ និងសង់សំណង់ផ្សេងៗខ្វះក្បួនខ្នាតទៅតាមការចង់បាន តាមនឹកឃើញ និងតាមការឃុបឃិតជាដើម ដោយមិនបានគិតគូរពីបញ្ហាបរិស្ថាន និងអនាម័យនោះទេ។ ប៉ុន្តែពេលនេះ អាជ្ញាធរកំពុងតែគិតគូរកែលំអឆ្នេរទាំងនោះឲ្យមានអនាម័យ និងសោភ័ណភាពឡើងវិញ»។
ទោះយ៉ាងនេះក្តី ក្រុមអាជីវករ និងប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ឬមានតូបលក់ដូរនៅឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើម បានស្នើឲ្យរដ្ឋាភិបាល ត្រូវអភិវឌ្ឍឆ្នេរដែលឈ្មួញ និងក្រុមហ៊ុនឯកជនហ៊ុមព័ទ្ធរបងទុកចោលគ្មានការអភិវឌ្ឍ ឲ្យបានស្មើភាពគ្នាជាមួយមន្ត្រីមានអំណាច និងក្រុមហ៊ុនឯកជន ប្រសើរជាងមកផ្អាកសកម្មភាពលក់ដូររបស់ក្រុមអាជីវករនៅតាមឆ្នេរនានា ដែលមានតូបលក់ដូរមានអនាម័យ និងបរិស្ថានល្អស្រាប់។
ឆ្នេរសមុទ្រប្រទេសកម្ពុជា មានប្រវែងសរុប ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្រ រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤ នេះ បានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្រស់ស្អាតបំផុតនៅលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
