ពលរដ្ឋ​សង្កាត់​ព្រែកលៀប​តវ៉ា​ឲ្យ​អាជ្ញាធរ​បើក​របាំង​ចែក​ផ្លូវ​៦អារ​ចំ​ច្រក​ផ្លូវ​ចូល​ភូមិ

តំណាង​អ្នក​ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារប្រមាណ​ជាង​៤០នាក់ បានចេញ​តវ៉ា​នៅ​ចំ​កណ្ដាល​ទ្រូង​ផ្លូវជាតិ​លេខ​៦អា ខាង​ជើង​សាលា​ខណ្ឌ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ មេសា។

ការ​តវ៉ា​នេះ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​សាធារណការបើក​របាំង​ចែក​ផ្លូវ៦អារ ចំ​ច្រក​ផ្លូវ​ចេញ​ចូល​ភូមិ​ពួក​គាត់។

តំណាង​អ្នក​ភូមិ​លោក រិទ្ធី ណា បាន​ថ្លែង​ក្នុង​ពេល​កំពុង​តវ៉ា​នោះ​ថាការ​បើកឬ​ទុក​ច្រក​ឆ្លង​កាត់​ផ្លូវ​ ជាតិ​៦អា មិន​ស្មើ​ភាព​គ្នា រវាង​ច្រក​ចូល​ភូមិនិង​ច្រក​ចូល​ក្រុមហ៊ុន ឬ​ភោជនីយដ្ឋាន​នោះ​ទេ៖ « អ៊ីចឹង​ខ្ញុំ​មិន​យល់​ថា​ផ្លូវ​អ្នក​ភូមិ​កើត​មាន​តាំង​ពី​ឆ្នាំ​១៩៦៥ ម៉េច​មិន​ទុក​ច្រក​ ចេញចូល​ឲ្យ​បាន ចុះ​ត្រង់​ក្រុមហ៊ុន​ដែល​គេ​ទើប​នឹង​ធ្វើ​ថ្មី​នេះ ប្រហែល​២ ទៅ​៣ឆ្នាំ​ នេះ ម៉េច​គេ​បើក​ផ្លូវ​ ឲ្យ​ឆ្លង​កាត់​បាន ..? ចុះ​សម្រាប់​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ សិស្ស អាជីវករ​ពិបាក​ក្នុង​ការ​ឆ្លង​កាត់​ណាស់ »

តែ​ទោះ​យ៉ាង​ណា​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នោះ បាន​រំសាយ​ទៅ​វិញ​ក្នុង​រយៈពេល​ប្រមាណ​ជា​ពីរ​ម៉ោង​បន្ទាប់​ពីអាជ្ញាធរ​សង្កាត់​ព្រែកលៀប ចេញ​មក​សម្របសម្រួល​ទទួល​យក​ពាក្យ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ទៅ​ដោះស្រាយ​នៅ​សាលា​ខណ្ឌ​ជ្រោយចង្វារ និង​មន្ទីរឬ​ក្រសួង​សាធារណការ។

ក្រុម​ប្រជាពលរដ្ឋ​ព្រមាន​ថា បើ​ពុំ​មាន​ការ​ដោះស្រាយ​នោះ​ទេពួក​គាត់​នឹង​ប្រមូល​ផ្តុំ​គ្នា​ទាំង​៣​សង្កាត់​តវ៉ា ដោយ​បិទ​ផ្លូវ​ជាតិ​៦អា នោះ​តែ​ម្ដង​ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។