កម្មករ​រោងចក្រ​ប្លូម​ហ្វៀល​នៅ​កំពង់ឆ្នាំង​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ទី​២៦​មិថុនា

កម្មករ​កម្មការិនី​រោងចក្រ ប្លូម ហ្វៀល (Bloom field) នៅ​ខេត្ត​កំពង់ឆ្នាំង យល់​ព្រម​ចូល​ធ្វើ​ការ​ឡើង​វិញ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា បន្ទាប់​ពី​ធ្វើ​បាតុកម្ម​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ និង​សហជីព​ចំនួន ៥​នាក់ ដែល​បាន​បញ្ឈប់​ឲ្យ​ចូល​ធ្វើ​ការ​វិញ។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ លោក អន សាខន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ក្រុម​កម្មករ​សុខ​ចិត្ត​ចូល​ធ្វើ​ការ​តាម​ធម្មតា​ឡើង​វិញ ក្រោយ​ពី​ភាគី​ក្រុមហ៊ុន​យល់​ព្រម​ទទួល​យក​សំណើ​របស់​កម្មករ​ចំនួន ៣​ចំណុច​សំខាន់ៗ ក្នុង​ចំណោម ១៥​ចំណុច ដែល​បាន​ទាមទារ៖ «ចំណុច​ទី​១ ក្រុមហ៊ុន​ឯកភាព​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព​សំឡេង​យុវជន​ខ្មែរ ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ហើយ​ទី​២ ក្រុមហ៊ុន​ឯកភាព​ផ្ដល់​ប្រាក់​ឈ្នួល និង​ប្រាក់​រង្វាន់​ផ្សេងៗ​ជូន​កម្មករ​និយោជិក​នៅ​ក្នុង​រោងចក្រ ក្នុង​អំឡុង​រយៈពេល​ធ្វើ​បាតុកម្ម​ពីរ​ថ្ងៃ​ហ្នឹង។ ហើយ​ទី​៣ ​ទាក់ទង​នឹង​កម្មការិនី​ពីរ​នាក់​ដែល​ក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យា​ក្នុង​ពេល​សាកល្បង ក្រុមហ៊ុន​ឯកភាព​យក​គាត់​ចូល​ធ្វើ​ការ។ ចំណុច​ទាមទារ​ដែល​នៅ​សេសសល់​របស់​បងប្អូន​កម្មករៗ​គាត់​យល់​អំពី​ការ​លំបាក​របស់​ក្រុមហ៊ុន ដោយសារ​តែ​ចំណុច​ដែល​នៅ​សល់​ហ្នឹង គឺ​ទាក់ទង​នឹង​បញ្ហា​អត្ថប្រយោជន៍។ អ៊ីចឹង​គាត់​ទុក​ពេល​ស្នើសុំ​យោបល់​ពី​ថៅកែ​នៅ​តៃវ៉ាន់ ហើយ​គាត់​សន្យា​ថា​នឹង​មក​ជួប​ពិភាក្សា​ជាមួយ​តំណាង​កម្មករ​សហជីព​នៅ​ដើម​សប្ដាហ៍​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤ ត​ទៅ​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋបាល​រោងចក្រ ប្លូម ហ្វៀល កញ្ញា ឡុង ណាវី និង​មន្ត្រី​នៃ​មន្ទីរ​ការងារ ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចុះ​សម្រប​សម្រួល​លើ​វិវាទ​នេះ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

ក្រុម​កម្មករ និង​តំណាង​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ​ប្រចាំ​រោងចក្រ ប្លូម ហ្វៀល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​សូវង្ស ឃុំ​តាជេស នៃ​ស្រុក​កំពង់ត្រឡាច បាន​ដាក់​ឧបករណ៍​បំពង​សំឡេង​ស្រែក​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដើម្បី​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យក​លក្ខខណ្ឌ​ការងារ​ចំនួន ១៥​ចំណុច។ រោងចក្រ​នេះ ធ្លាប់​រង​ការ​រិះគន់​ថា រើសអើង​កម្មករ និង​បណ្ដេញ​កម្មករ​ជាច្រើន​នាក់​ចេញ​ពី​ការងារ ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។