មន្ត្រីយោធិនពិការនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អះអាងថា ពួកគាត់ស្វែងរកប្រភពបើកប្រាក់ខែយោធិនពិការជាង ២០ឆ្នាំមកហើយ តែពុំទទួលបានលទ្ធផលនោះទេ។ សព្វថ្ងៃក្រុមគ្រួសាររបស់គាត់កំពុងទន្ទឹងរង់ចាំប្រាក់ខែនោះ ដើម្បីយកទៅដោះទាល់ជីវភាពក្នុងបន្ទុកគ្រួសារ។
មន្ត្រីយោធិនពិការនៅស្រុកអូរជ្រៅ អំពាវនាវឲ្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ត្រីពាក់ព័ន្ធ ជួយពន្លឿនបើកប្រាក់ខែឲ្យបានឆាប់ ពីព្រោះជីវភាពគ្រួសារកំពុងជួបការខ្វះខាត។
មន្ត្រីយោធិនពិការ គឺលោក ឈីន យ៉ុង រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ថ្លែងនៅថ្ងៃទី១២ វិច្ឆិកា ថា តាំងតែពីឆ្នាំ១៩៩៣ មក គឺលោកស្វែងរកប្រភពបើកប្រាក់ខែជាច្រើនកន្លែងមកហើយ មានជាអាទិ៍នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ ជាដើម ប៉ុន្តែពុំមានស្ថាប័នណាបើកប្រាក់ខែឲ្យលោកនោះទេ៖ «ចង់យំចង់ស្រែកហើយមិនដឹងធ្វើយ៉ាងណា គេថាអត់ឃើញៗ អត់ធ្លាក់អ៊ីចេះ ខ្ញុំមិនដឹងធ្វើយ៉ាងណា ខ្ញុំក្រផង ហើយខ្ញុំតូចតាចជាងគេមិនដឹងនិយាយគេយ៉ាងម៉េច។ ខ្ញុំទៅសួរគេថា ឈ្មោះនេះមិនទាន់ធ្លាក់មកទេ រង់ចាំបន្តិចទៅចាំមើលគេសិន បើសិនឈ្មោះធ្លាក់ថ្ងៃណាបានកោះហៅយើងឲ្យទៅយកទទួលប្រាក់ គេបើកលុយមកឲ្យយើង។ ដល់ពេលខ្ញុំទៅសួរមួយសាទៀត ឈ្មោះអ្នកឯងក៏នៅមិនទាន់ឃើញ រហូតដល់រាល់ថ្ងៃនេះ»។
លោក ឈីន យ៉ុង អតីតជាមន្ត្រីយោធានៅកងវរសេនាធំលេខ៤២ ប្រចាំការនៅទិសខេត្តបន្ទាយមានជ័យ។ លោកធ្លាក់ខ្លួនពិការដោយសារផ្ទុះគ្រាប់មីន កាលពីឆ្នាំ១៩៨៩ ខណៈបំពេញភារកិច្ចក្នុងសមរភូមិនៅចំណុចអន្លង់សំណ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពេលនោះមក ធ្វើឲ្យអតីតមន្ត្រីយោធារូបនេះ ពិការដៃឆ្វេងមួយចំហៀង និងជើងទាំងសង្ខាង មិនអាចបំពេញការងារចិញ្ចឹមជីវិតរបស់ខ្លួនដូចពេលមុននោះឡើយ។
ទាក់ទងនឹងបញ្ហានេះ ប្រធានការិយាល័យសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ស្រុកអូរជ្រៅ លោក ទូច ស៊ីហា មានប្រសាសន៍បញ្ជាក់ថា នៅស្រុកអូរជ្រៅ ពុំមានឈ្មោះលោក ឈីន យ៉ុង នៅក្នុងបញ្ជីជាមន្ត្រីយោធិនពិការបើកប្រាក់ខែនោះទេ។ ទោះជាយ៉ាងនេះក្ដីលោកថា ប្រសិនបើលោក យ៉ុង ពិតជាយោធិនពិការមែន គឺលោកអាចទៅទាក់ទងនៅអង្គភាពសាមី ដើម្បីដំណើរការលើរឿងនេះ ហើយបញ្ជូនសំណុំរឿងទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើការងារបន្ត។
លោក ទូច ស៊ីហា៖ «ខាងខ្ញុំលុះត្រាតែក្រសួងគេស៊ីញ៉េមកមានប៉ុន្មាននាក់អ៊ីចឹងទៅគេហៅយើងមកទទួល ហៅសាមីខ្លួនហៅអីមកបើកតែម្ដង។ មកបង្ហាញមុខ មកពិនិត្យមុខគេមានគណៈកម្មការគេមកគ្រប់សព្វអ៊ីចឹងទៅណាស់តាំងពីថ្នាក់ក្រសួងគេមកពិនិត្យមើលអ៊ីចឹង។ ប៉ុន្តែខាងអូរជ្រៅ ខ្ញុំមិនមានទេ បើសិនគាត់នៅម៉ាឡៃ គាត់អាចទំនាក់ទំនងទៅម៉ាឡៃ ឬគាត់មកទំនាក់ទំនងមន្ទីរសង្គមកិច្ច។ ប៉ុន្តែបើសិនជាគាត់ ២០ឆ្នាំហើយគាត់មិនមាន មានន័យថា គាត់ហ្នឹងអត់បានធ្វើរបបគោលនយោបាយផ្ទេរមកសង្គមកិច្ចទេ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការបើកប្រាក់ខែរបស់យោធិនពិការយឺតយ៉ាវជិតពាក់កណ្ដាលអាយុជីវិតមនុស្សបែបនេះ ជាកំហុសរបស់ក្រសួងពាក់ព័ន្ធដែលមិនជួយអន្តរាគមន៍លើការងារនេះ។
លោក ស៊ុំ ច័ន្ទគា៖ «បាទ! ២០ឆ្នាំហើយច្រើនណាស់ អ៊ីចឹងគួរតែរកឲ្យគាត់ឲ្យបាន ថាតើឈ្មោះគាត់នៅកន្លែងណា? ហើយលុយកាក់ប្រាក់កាសរបស់គាត់នៅកន្លែងណា ហេតុអីបានបាត់អ៊ីចឹង? ស្រាវជ្រាវរកឲ្យគាត់ឲ្យឃើញ។ បើរកឃើញហើយ ប៉ុណ្ណាក៏ដោយ តើគាត់មានអីទេ គួរតែស្រាវជ្រាវអតីតកាលគាត់ហ្នឹងរស់នៅកន្លែងណា មូលហេតុអីបានគាត់ហ្នឹងមិនមានឈ្មោះឲ្យច្បាស់ ហើយតបគាត់ឲ្យបានច្បាស់ទៅវិញ ដើម្បីឲ្យគាត់អស់ចិត្តផង»។
ទោះយ៉ាងនេះក្ដី មន្ត្រីយោធិនពិការឲ្យដឹងថា ការទៅបើកប្រាក់ខែកន្លងមកលោកតែងតែបង្ហាញប័ណ្ណសំគាល់ខ្លួនជាយោធិនពិការទៅស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យមើល ប៉ុន្តែក៏នៅតែពុំទទួលបានលទ្ធផលនោះទេ។ អតីតមន្ត្រីយោធាជើងចាស់រូបនេះ សព្វថ្ងៃមានកូនចំនួន ៦នាក់ក្នុងបន្ទុកគ្រួសារ ហើយកំពុងជួបការខ្វះខាតនៅជីវភាពប្រចាំថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
