សមត្ថកិច្ច៖ ការ​បំផ្ទុះ​គ្រាប់​បែក​ជាប់​របង​តុលាការ​ក្រុង​ជា​អំពើ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម

សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ថា ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ជាប់​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​អំពើ​បង្ក​ចលាចល និង​វឹកវរ​ក្នុង​សង្គម។ គ្រាប់​បែក​នោះ​ជា​ប្រភេទ​គ្រាប់​បែក​ច្នៃ ដែល​ជន​មិន​ស្គាល់​មុខ​ដាក់​បង្កៃ​ក្នុង​ធុង​សំរាម ហើយ​ចុច​ឲ្យ​ផ្ទុះ កាល​ពី​វេលា​ម៉ោង ១ រំលង​អាធ្រាត្រ​ថ្ងៃ​ទី៦ ឈាន​ចូល​ថ្ងៃ​ទី៧ ខែ​សីហា។

0:00 / 0:00

បន្ទាប់​ពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​កើត​ឡើង សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ជួប​ប្រជុំ​គ្នា​បន្ទាន់ នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​សីហា ដើម្បី​កំណត់​មុខ​សញ្ញា និង​គោល​បំណង​នៃ​ការ​បង្ក​ហេតុ​នេះ។ ជា​ជំហាន​ដំបូង សមត្ថកិច្ច​បញ្ជាក់​ថា គោលដៅ​សំខាន់​របស់​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់​បែក​នោះ មិន​មែន​សំដៅ​សម្លាប់​មនុស្ស​ទេ តែ​អាច​ជា​ការ​ព្រមាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ក្នុង​អំឡុង​ពេល​លទ្ធផល​បោះ​ឆ្នោត​មិន​ទាន់​ប្រកាស​ប៉ុណ្ណោះ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្ក​អសន្តិសុខ​សង្គម ព្រោះ​ទីតាំង​ដាក់​គ្រាប់​បែក និង​ពេល​វេលា​នៃ​ការ​បំផ្ទុះ មិន​បង្ហាញ​ពី​ចេតនា​ចង់​ឲ្យ​មនុស្ស​នៅ​ជុំវិញ​នោះ​ស្លាប់​ទេ។

ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បញ្ជាក់​ថា សមត្ថកិច្ច​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា អ្នក​ដាក់​គ្រាប់​បែក​មាន​បំណង​អ្វី​នៅ​ឡើយ។ លោក​បន្ត​ថា កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​នឹង​តវ៉ា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត តែ​គេ​ក៏​មិន​ទាន់​អាច​ចាត់​ទុក​ថា​រឿង​ដាក់​គ្រាប់​បែក​នេះ ទាក់ទង​រឿង​នយោបាយ​ដែរ។ លោក ខៀវ សុភ័គ បញ្ជាក់​ថា សមត្ថកិច្ច​បាន​ទទួល​តម្រុយ​ខ្លះ​រួច​ហើយ ចំពោះ​បញ្ហា​នេះ។

ទោះ​ជា​បែប​ណា​ក្តី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មិន​ចាត់​ទុក​បញ្ហា​នេះ​ជា​រឿង​នយោបាយ​ទេ។ លោក​គិត​ថា អ្នក​បំផ្ទុះ​គ្រាប់​បែក​អាច​មាន​គំនុំ​នឹង​តុលាការ​ក្រុង​ក៏​អាច​ថា​បាន ព្រោះ​តុលាការ​នេះ​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ស្រាប់។ លោក​បន្ត​ថា បើ​សិក្សា​ពី​បញ្ហា​នយោបាយ ការ​ផ្ទុះ​គ្រាប់​បែក​នេះ​នឹង​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ហើយ​ទាំង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង សុទ្ធតែ​ខាត​ទាំង​សង​ខាង។

កាល​ពី​ឆ្នាំ​១៩៩៨ ក៏​មាន​ករណី​ផ្ទុះ​គ្រាប់​បែក​កើត​ឡើង​ដែរ ក្នុង​ពេល​ដែល​ប្រទេស​មាន​វិបត្តិ​នយោបាយ គឺ​សមាជិក​គណបក្ស​ប្រឆាំង​តវ៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត។ ហេតុការណ៍​នោះ កើត​ឡើង​នៅ​បរិវេណ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ បន្ទាប់​មក លោក​នាយក​រដ្ឋមន្ត្រី​ក៏​ចេញ​បញ្ជា​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ហ្វូង​អ្នក​តវ៉ា ដោយ​ចោទ​ថា អ្នក​គប់​គ្រាប់​បែក​ជ្រក​កោន​ក្នុង​ក្រុម​បាតុករ។ មិន​តែ​ប៉ុណ្ណោះ ឃាតក​ដែល​គប់​គ្រាប់​បែក​ចូល​ក្នុង​ហ្វូង​បាតុករ​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់​នោះ ក៏​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ករណី​បង្កប់​គ្រាប់​បែក​នេះ ជា​បញ្ហា​ថ្មី​មួយ​ទៀត​សម្រាប់​មហាជន​អាច​យក​មក​ពិភាក្សា ភ្ជាប់​នឹង​បញ្ហា​នយោបាយ​បច្ចុប្បន្ន ដែល​មិន​ទាន់​ដឹង​ច្បាស់​ថា គណបក្ស​ណា​មួយ​នឹង​ឈ្នះ​ឆ្នោត​នោះ។ លោក​បន្ត​ថា ទោះ​បី​អ្នក​បំផ្ទុះ​មាន​បំណង​អ្វី​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​ត្រូវ​តែ​ស៊ើប​អង្កេត​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​ចាប់​ជន​ល្មើស​មក​ដាក់​ទោស​តាម​ច្បាប់។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ក៏​ត្រូវ​ចេញ​មុខ​បកស្រាយ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ឲ្យ​ពលរដ្ឋ​អស់​ចិត្ត និង​ទប់ស្កាត់​អស្ថិរភាព​សង្គម។

លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​មិន​ត្រូវ​យក​លេស​ណា​មួយ ដើម្បី​ចល័ត​កម្លាំង​ទ័ព​ឡើយ ទោះ​បី​មាន​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​នេះ​ក៏ដោយ ព្រោះ​ការ​ចល័ត​កម្លាំង​ទ័ព ឬ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំងក្លា​ជាង​នេះ នឹង​បង្ក​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។