ពលរដ្ឋ​ថា​សមត្ថកិច្ច​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​បើក​ដៃ​ឲ្យ​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ អះអាង​ថា​ សមត្ថកិច្ច​ការពារ​ព្រំដែន​បើក​ដៃ​ឲ្យ​មេខ្យល់​នាំ​​ពលករ​ជា​ច្រើន​នាក់​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​ដោយ​ខុស​ច្បាប់​ជា​​រៀង​រាល់​ថ្ងៃ និង​ពុំ​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នៅ​ឡើយ។ អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ពលករ​ធ្វើ​ចំណាក​ស្រុក​តាម​ច្រក​របៀង​ប្រថុយប្រថាន​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត។

​​​​​​​​​​​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ លើក​ឡើង​ថា​ ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​តាម​ច្រក​របៀង​នោះ ភាគ​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស មាន​​ដូចជា ខេត្ត​កំពង់ឆ្នាំង​ កំពង់ធំ និង​ខេត្ត​តាកែវ ជាដើម។

​​​ពលរដ្ឋ​ម្នាក់​​រស់​នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ជាប់​ព្រំដែន​ប្រទេស​ថៃ ថ្លែង​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ថា ក្រុម​មេខ្យល់​ដឹក​ពលករ​តាម​រថយន្ត​នៅ​ពេល​ថ្ងៃ​ចន្លោះ​ប្រមាណ​ម៉ោង ១២​ថ្ងៃ ត្រង់​ទៅ​ម៉ោង ៣​រសៀល ប្រមាណ​ពី ៣០ ទៅ ៥០​នាក់ ក្នុង​មួយ​ថ្ងៃ​ ហើយ​​យក​ទៅ​​ទុក​តាម​ព្រំដែន​ចំណុច​ច្រក​របៀង​អូរបីជាន់ និង​ច្រក​ណងចាន់ ក្នុង​ឃុំ​អូរបីជាន់ ជា​រៀង​រាល់​ថ្ងៃ។

ពលរដ្ឋ​រូប​នេះ បន្ថែម​ថា មេខ្យល់​ត្រូវរ៉ូវ​ជា​មួយ​សមត្ថកិច្ច​ព្រំដែន​ប្រចាំ​ការ​តាម​ច្រក​ទាំង​អស់​នោះ​​ នាំ​ពលករ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ប្រមាណ​ម៉ោង ១២​យប់៖ «ហើយ​កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ មេខ្យល់​នាំ​ពលករ​ចេញ​តាម​ច្រក​អូរបីជាន់ ប្រមាណ​ពី​៣០០ ទៅ ៤០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ពលករ​ដែល​ឆ្លង​ដែន​ ខ្ញុំ​ឃើញ​មាន​កាបូប​ដាក់​ខោអាវ​ម្នាក់​មួយ​ជាប់​ខ្លួន​របស់​គាត់»

​​​​​​​​​​​​​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ច្រក​របៀង​ណងចាន់ លោក តុល សារឹម ហៅ ក្លឹង មាន​ប្រសាសន៍​ថា ​ពិត​ជា​មាន​ពលករ​លួច​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រាកដ​មែន ក៏ប៉ុន្តែ​លោក​អះអាង​ថា ពួកគាត់​​ភាគ​ច្រើន​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ ហើយ​វិល​ត្រឡប់​មក​ផ្ទះ​​វិញ​នៅ​ពេល​រសៀល៖ «បាទ! អត់​មាន​ទេ​ ព្រោះ​គោលការណ៍​របស់​រាជរដ្ឋាភិបាល​គេ​ហាម​ដាច់ខាត​មិន​ឲ្យ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់។ វា​តែង​តែ​មាន​ខ្លះ​ហើយ​ចំពោះ​អ្នក​ដែល​ទៅ​​ខាង​ក្នុង​ប្រទេស​ថៃ​ ក្នុង​រូបភាព​ថា​ទៅ​កាប់​ដក​ដំឡូង​ហើយ​ហួស​ទៅ​តែម្ដង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា មេខ្យល់​នាំ​ពលករ​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​ ភាគ​ច្រើន​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់ ដែល​​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពួកគាត់។លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​បញ្ហា​នេះ​ជា​បន្ទាន់៖ «កន្លង​មក​យើង​សង្កេត​ដូច​អត់​មាន​អាជ្ញាធរ​​ទប់ស្កាត់​អី​ទេ​ គឺ​មាន​តែ​ជួយ​សម្រួល​បណ្ដែតបណ្ដោយ​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​នៅ​តាម​ព្រំដែន​សម្រួល​ឲ្យ​អ្នក​ឆ្លងដែន​ខុស​ច្បាប់​ ហាក់​ដូច​ជា​ទទួល​បាន​ផលប្រយោជន៍​អំពី​ការ​ឆ្លងដែន​នេះ»

លោក​បន្ថែម​ថា​ តំបន់​ដែល​ក្រុម​​មេខ្យល់​នាំ​ពលករ​ឆ្លង​ដែន​ញឹកញាប់​ មាន​នៅ​​ច្រក​ព្រំដែន​ក្នុង​ឃុំ​អូរស្រឡៅ ស្រុក​ម៉ាឡៃ និង​នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ ពលរដ្ឋ​នៅ​រស់​នៅ​តាម​ព្រំដែន​ឲ្យ​ដឹង​ថា ពលករ​ដែល​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​អូរបីជាន់​ ភាគី​ច្រើន​ទៅ​ធ្វើ​ការងារ​សំណង់​ និង​ចូល​ទៅ​ស៊ី​ឈ្នួល​​កាប់​ឈើ​នៅ​ខេត្ត​ចាន់បុរី (Chanthaburi) និង​ខេត្ត​រាក់យ៉ង (Rayong) របស់​​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។