មន្ត្រី​បក្ស​ប្រឆាំង៖ បង្គោល​ព្រំដែន​កម្ពុជា-ថៃ​ភាគ​ច្រើន​មិន​មែន​ជា​បង្គោល​ចាស់

មន្ត្រី​ជាន់​ខ្ពស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បង្គោល​ឡាក់​ដែល​កំណត់​ព្រំ​សីមា​រវាង​ប្រទេស​កម្ពុជា និង​ថៃ គឺ​ភាគ​ច្រើន​ពុំ​មែន​ជា​បង្គោល​ឡាក់​ចាស់ ដែល​កំណត់​ដោយ​អាណានិគម​និយម​បារាំង នោះ​ឡើយ។

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៦ ឧសភា ថា ផ្អែក​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​របស់​លោក រក​ឃើញ​ថា កម្ពុជា ពិត​ជា​ត្រូវ​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៀត ទៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ដូច​ជា​នៅ​បង្គោល​ឡាក់​លេខ​៦៦ និង​លេខ​៦៧ នៅ​ចំណុច​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន បង្គោល​ឡាក់​ទាំង​នេះ​ពិត​ជា​ត្រូវ​បាន​កែច្នៃ​ក្រោយ ពោល​គឺ​ពុំ​មែន​ជា​បង្គោល​ចាស់​ដែល​កំណត់​ដោយ​រដ្ឋការ​បារាំង នោះ​ទេ។ ពីព្រោះ​បង្គោល​ដែល​លោក​ពិនិត្យ​ដោយ​ផ្ទាល់ រក​ឃើញ​ថា មាន​ស្នាម​ប្រេះ​ដាច់​ដោយ​កង់ និង​អាច​លួច​រំកិល​នៅ​មុន​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ។

លោក សុន ឆ័យ៖ «បាន​រុក​តាម​ចម្ការ​ពោត ហើយ​ចុះ​ទៅ​រហូត​ដល់​ឃើញ​ព្រំដែន បង្គោល​ឃើញ​បង្គោល​នោះ ហើយ​ក៏​ហាក់​ដូច​ជា​មាន​ការ​ពោល​ប្រាប់​ពី​ប្រជារាស្ត្រ​ដែរ​ថា បង្គោល​នោះ​ហាក់​ដូច​ជា​បង្គោល​បង្ខិត​ដោយ​ពួក​ថៃ ប្រហែល​ឆ្នាំ​១៩៧៥។ មាន​ស្នាម​ដែល​គេ​វៃ​ជ្រុង​បង្គោល​នោះ ដើម្បី​គេ​យក​ខ្សែ​ពោ​លើក​អើ​បង្គោល​ហ្នឹង ដើម្បី​យក​មក​វៃ​ដាំ​ជាថ្មី​អី​ជាដើម»

ការ​ថ្លែង​របស់​លោក សុន ឆ័យ នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពេល​រូប​លោក​រួម​ជាមួយ​មន្ត្រី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន បាន​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​ទី១៦ ឧសភា បន្ទាប់​ពី​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង កាល​ពី​ចុង​ខែ​មីនា កន្លង​ទៅ​នេះ។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​គណបក្ស​ប្រឆាំង រិះគន់​ថា ធ្វើ​ឲ្យ​ទឹកដី​កម្ពុជា ត្រូវ​បាត់បង់​បន្ថែម​ទៀត ទាំង​ផ្នែក​ខាង​កើត និង​ខាង​លិច ទៅ​ប្រទេស​ជិត​ខាង។ ទន្ទឹម​នឹង​នេះ អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ក្នុង​រឿង​ព្រំដែន តែង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ។

កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា អតីត​មេ​ប៉ុស្តិ៍​បរថ្មី លោក មួន ទឹម ត្រូវ​បាន​ស្នងការ​ខេត្ត​ប៉ៃលិន បញ្ចប់​ពី​តួនាទី និង​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​ទទួល​កំហុស ៤​ដង​ក្នុង​មួយ​ថ្ងៃ​នៅ​ឡើយ។ មូលហេតុ​នៃ​បញ្ឈប់​ជា​មេ​ប៉ុស្តិ៍​នេះ ព្រោះ​លោក​ត្រូវ​គេ​រក​ឃើញ​ថា បាន​អម​ដំណើរ​ដើម្បី​ការពារ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ៣​នាក់ ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​៦៤ កាល​ពី​ថ្ងៃ​ទី១៩ មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។