ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នៅថ្ងៃទី១១ ខែមេសា បានប្រកាសសុំឲ្យប្រជាពលរដ្ឋ និងយោធាកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រក្សាភាពស្ងប់ស្ងាត់ នៅគ្រាដែលតុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ (ICJ = International Court of Justice) បកស្រាយសាលក្រមសំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងឱកាសសម្ពោធសមិទ្ធផលនៅវត្តដ៏ចំណាស់មួយ នៅស្រុកពារំាង ខេត្តព្រៃវែង ថា នេះជាដំណាក់កាលតទល់ក្តីនៅតុលាការនោះ មិនមែនជាដំណាក់កាលប្រកាសសាលក្រមទេ។ លោកបានសុំឲ្យយោធាកម្ពុជា រក្សាភាពអត់ធ្មត់ចំពោះការញុះញង់ដោយក្រុមជ្រុលនិយមថៃ មួយចំនួននៅតាមព្រំដែនកម្ពុជា-ថៃ៖ «សូមឲ្យប្រជាពលរដ្ឋមានការស្ងប់ចិត្តជាមួយនិងការតស៊ូក្តី នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ (La Hague)ដែលយើងបានឈ្នះក្តីនៅឆ្នាំ១៩៦២ តាមរយៈការដឹកនាំរបស់សម្ដេចឪ សម្ដេចតា ព្រះបរមរតនកោដ្ឋ គឺសម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានឈ្នះក្តី។ ក៏ប៉ុន្តែ ដោយសារតែមានការបំពានគូសយកធ្វើជាតំបន់ ៤,៦គីឡូម៉ែត្រក្រឡានោះ យើងត្រូវតែឲ្យតុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២»។
ការប្រកាសនេះ គឺក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ឆ្ពោះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នៅប្រទេសហុឡង់ដ៍ (Netherlands) កាលពីថ្ងៃទី១០ ខែមេសា ថ្មីៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
