ប្រជាពលរដ្ឋខ្មែររស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង រិះគន់អាជ្ញាធរថាបណ្តោយឲ្យជនជាតិវៀតណាម ចេញចូលទឹកដីខ្មែរដោយសេរី ខុសពីពលរដ្ឋខ្មែរចូលទៅទឹកដីវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម រឹតបន្តឹង។ ទន្ទឹមគ្នានេះ អង្គការសង្គមស៊ីវិល ក៏មើលឃើញថា បញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា ជាច្រើន។ ប៉ុន្តែអាជ្ញាធរឆ្លើយបដិសេធជុំវិញការចោទប្រកាន់នេះ។
បច្ចុប្បន្ន បញ្ហាព្រំដែនកម្ពុជា-វៀតណាម បានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់គណបក្សប្រឆាំង និងប្រជាពលរដ្ឋខ្មែរ ដោយវាយប្រហាររិះគន់រដ្ឋាភិបាលថាធូររលុងក្នុងការអនុវត្តច្បាប់ ប៉ុន្តែទន្ទឹមនឹងនេះ ប្រជាពលរដ្ឋកម្ពុជា ក៏មានការព្រួយបារម្ភចំពោះលំហូរជនជាតិវៀតណាម នៅតាមច្រករបៀងដាច់ស្រយាលមួយចំនួនក្នុងខេត្តស្វាយរៀង។
នៅភូមិទួលស្ដី មានច្រកតូចមួយជាប់បង្គោលព្រំដែនលេខ១៨៩ ស្ថិតក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា ដែលចំណាយពេលធ្វើដំណើរប្រហែល ១ម៉ោងកន្លះពីទីរួមខេត្តស្វាយរៀង។ ច្រកតូចមួយនេះ ប្រជាពលរដ្ឋខ្មែរអះអាងថាមានជនជាតិវៀតណាម ចាប់ពី ២០០នាក់ ទៅ ៣០០នាក់ ធ្វើដំណើរចេញចូលទឹកដីខ្មែរទាំងយប់ទាំងថ្ងៃដោយសេរី ក្រោមភ្នែកច្រមុះរបស់អាជ្ញាធរកម្ពុជា ជារៀងរាល់ថ្ងៃ។
បុរសម្នាក់មានសម្បុរសណ្ដែកបាយ រូបកាយស្តើងល្មម ស្លៀកខោជើងខ្លី សុំមិនបញ្ចេញឈ្មោះ និយាយបង្កប់ដោយការឈឺចាប់ថា ជនជាតិវៀតណាម ចេញចូលដីខ្មែរដោយសេរី ចំណែកពលរដ្ឋខ្មែរវិញ បើចូលទៅទឹកដីវៀតណាម គឺមានការសួរនាំជាច្រើន និងដកហូតអត្តសញ្ញាណប័ណ្ណទុកជាដើម៖ «ពលរដ្ឋវៀតណាម ចូលដឹកស្ករ ឬបារីអ៊ីចឹង គេបង់លុយ ៥០០រៀល ឲ្យគេចេញចូលតាមសេរីចេញចូលម៉ោងប៉ុន្មានក៏ឥតខ្វល់។ ខ្ញុំមិនដែលឃើញសមត្ថកិច្ចខ្មែរចុះមកហាមឃាត់ថា កុំឲ្យចេញចូលពេលយប់ខុសម៉ោងអីទេ។ ពេលចូលទៅវាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខពួកគាត់ ជាក់ស្តែងបាត់ឆ្កែ ឆ្មា មាន់ ទា ជាដើម»។
ដងផ្លូវច្រករបៀងចេញចូលនោះ គឺលូននៅលើភ្លឺស្រែដ៏តូចមួយរបស់ពលរដ្ឋខ្មែរ ដែលនៅក្បែរបង្គោលព្រំដែនខ្មែរលេខ១៨៩។ ភ្លឺស្រែនោះ ត្រូវរងការខូចខាតតាមកន្លែងខ្លះ ដោយសារទ្រទម្ងន់នៃម៉ូតូជនជាតិវៀតណាម ធ្វើដំណើរប្រចាំថ្ងៃដឹកអីវ៉ាន់យកមកលក់ក្នុងទឹកដីខ្មែរ។ ពលរដ្ឋនៅទីនោះបន្តថា នៅពេលពលរដ្ឋខ្មែរយកបន្លារាំងមិនឲ្យពលរដ្ឋវៀតណាម បើកម៉ូតូលើភ្លឺស្រែចូលទឹកដីខ្មែរក្តី ប៉ុន្តែជនជាតិវៀតណាម នៅតែជិះម៉ូតូវាងបន្លានោះកាត់តាមដីស្រែពួកគាត់ធ្វើព្រងើយគ្មានការញញើតច្បាប់របស់កម្ពុជា នោះឡើយ។
ស្ត្រីខ្មែរម្នាក់ទៀតសុំលាក់ឈ្មោះព្រោះដើម្បីសុវត្ថិភាព ត្អូញត្អែរថា ពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលយប់ឡើង ព្រោះអាជ្ញាធរខ្មែរពុំបានកំណត់ពេលវេលាចេញចូលនៅពេលយប់ និងគ្រប់គ្រងជនជាតិវៀតណាម ដែលមកទឹកដីខ្មែរឲ្យបានត្រឹមត្រូវឡើយ៖ «មួយយប់ៗពលរដ្ឋខ្មែរនៅទីនេះដេកមិនដែលលក់ទេ ព្រោះជនជាតិវៀតណាម ជិះម៉ូតូចេញចូលមួយយប់ទល់ភ្លឺ»។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីកងអនុសេនាតូចលេខ៣ ការពារព្រំដែនដែលមានទីបញ្ជាការនៅក្នុងឃុំទួលស្ដី បានទេ ដោយមន្ត្រីនៅទីនោះដើរគេចចេញមិននិយាយស្តីអ្វីទាំងអស់។ ប៉ុន្តែនៅពេលអ្នកយកព័ត៌មានថតខ្លោងទ្វារទីបញ្ជាការនោះ ស្រាប់តែមានប៉ូលិសការពារព្រំដែនម្នាក់ហាមិនឲ្យថត និងលោតតោងដណ្ដើមទាមទារដកកាមេរ៉ាថតរូបពីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដោយគ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។
យ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន លើកឡើងថា តាមពិតស្ទើរគ្រប់ច្រកដែលជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ទាំងអស់ គឺអាជ្ញាធរខ្មែរមានការអនុវត្តធូររលុងចំពោះការចេញចូលរបស់ជនជាតិវៀតណាម ក្នុងស្រុកខ្មែរ។ បញ្ហានេះ លោករិះគន់ថា ពិបាកគ្រប់គ្រងតួលេខ និងការចេញចូលឲ្យបានច្បាស់លាស់។ លោកលើកឡើងដែរថា បើអាជ្ញាធរកម្ពុជា នៅតែបណ្តែតបណ្តោយឲ្យជនជាតិវៀតណាម ចូលទឹកដីខ្មែរតាមទំនើងចិត្តបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍កម្ពុជា ជាច្រើន៖ «ធ្វើឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែរ ជាពិសេសបាត់ចំណូលរបស់អាជីវករខ្មែរ ព្រោះសព្វថ្ងៃជនជាតិវៀតណាម ដឹកអីវ៉ាន់មកលក់ក្នុងទឹកដីខ្មែរ»។
ឆ្លើយតបជុំវិញបញ្ហានេះ អភិបាលស្រុកចន្ទ្រា លោក នួង រាំ បដិសេធចំពោះការលើកឡើងរបស់ពលរដ្ឋ ដោយលើកហេតុផលថា ពុំមានពលរដ្ឋវៀតណាម ចេញចូលទឹកដីខ្មែរពេលយប់នោះឡើយ។ ប៉ុន្តែពេលថ្ងៃវិញ មិនមានអ្វីប្លែកឡើយ ព្រោះពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ឆ្លងចេញចូលដែនដីគ្នាទៅវិញទៅមក៖ «អ្នករកស៊ីនៅជាប់ព្រំដែនហ្នឹង គឺថាយើងចូលគេ គេចូលយើងដូចតែគ្នាទេ ប៉ុន្តែប៉ូលិសខ្មែរយើងមិនឲ្យចូលយប់ឡើយ បើដឹងគឺចាប់ហើយ»។
ត្រង់ចំណុចនេះ ពលរដ្ឋរស់នៅទីនោះក៏ទទូចឲ្យអាជ្ញាធរចុះទៅពិនិត្យដោយផ្ទាល់ភ្នែកដែរ ប្រសិនបើគិតថា ពួកគាត់និយាយកុហកមួលបង្កាច់ការពិតនោះ។ ពលរដ្ឋអះអាងថា ការហ៊ាននិយាយយ៉ាងដូច្នេះ បន្ទាប់ពីពួកគាត់ទ្រាំមើលតទៅទៀតលែងបាន ដោយសារតែអាជ្ញាធរកម្ពុជា ហាក់មិនខ្វល់ពីសុខទុក្ខពួកគាត់រស់នៅជាប់ខ្សែបន្ទាប់ព្រំដែនសោះ ដោយនៅតែបន្តប្រព្រឹត្តអំពើពុករលួយយកលុយតិចតួច ហើយក៏បើកដៃឲ្យជនជាតិបរទេសចេញចូលតាមចិត្ត។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ លើកឡើងថា រដ្ឋាភិបាលកម្ពុជា ត្រូវតែបង្កើនកងកម្លាំងការពារព្រំដែនឲ្យស្មើនឹងប្រទេសវៀតណាម ក្នុងន័យគ្រប់គ្រងចំនួនជនជាតិវៀតណាម ចេញចូល ពោលគឺមិនមែនដាក់ដើម្បីច្បាំងតទល់គ្នាឡើយ។ ម្យ៉ាងទៀត ប្រសិនបើខ្មែរយើងមិនអាចគ្រប់គ្រង ឬក្ដោបក្ដាប់ស្ថានការណ៍ចេញចូលរបស់អន្តោប្រវេសន៍ខុសច្បាប់បានទេនោះ វាអាចនឹងបង្កឲ្យមានអសន្តិសុខសង្គមនៅពេលខាងមុខ។
យ៉ាងណាក៏ដោយ មួយរយៈពេលចុងក្រោយនេះ ជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បានជាបន្តបន្ទាប់ដែរ គ្រាដែលពួកគេឆ្លងចូលក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់តាមច្រករបៀងនានាតាមខ្សែបន្ទាត់ព្រំដែនបែងចែកប្រទេសទាំងពីរ។
មាត្រា២៩ នៃច្បាប់ស្ដីពីអន្តោប្រវេសន៍ចែងថា ជនបរទេសរូបណាដែលគ្មានការអនុញ្ញាត ហើយចូលមកព្រះរាជាណាចក្រកម្ពុជា ដោយលបលាក់ បន្លំ ឬដោយល្បិចផ្សេងទៀតដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី ៣ខែដល់ ៦ខែ មុននឹងត្រូវបណ្ដេញចេញ ត្រូវផ្ដន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្ដល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ជូនជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា។ មន្ត្រី ឬភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ៦ខែដល់ ១ឆ្នាំ។ មន្ត្រី ឬភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពបទបញ្ជា ត្រូវទទួលការផ្ដន្ទាទោសផ្នែករដ្ឋបាល។
ប្រជាពលរដ្ឋនៅភូមិទួលស្ដី អំពាវនាវឲ្យអាជ្ញាធរដែនដី និងប៉ូលិសការពារព្រំដែនកម្ពុជា ហាមឃាត់ចំពោះជនជាតិវៀតណាម ដែលចេញចូលទឹកដីខ្មែរដោយខុសច្បាប់ទាំងកណ្ដាលអាធ្រាត្រ ក្នុងបំណងការពារសុខសុវត្ថិភាពរបស់ពួកគាត់ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
