ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ ឲ្យដឹងថា កងទាហានឈុតខ្មៅ និងប៉ារ៉ារបស់ថៃ នៃខេត្តស៊ីសាកេត កំពុងចង់ធ្វើសកម្មភាពដើរល្បាតការពារព្រំដែនរបស់គេនៅលើផ្លូវថ្មីមួយ ដែលភាគីទាំងពីរពុំធ្លាប់ប្រើប្រាស់ទាល់តែសោះ។
អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកជាំសាង៉ាំ នៃស្រុកអន្លង់វែង គឺលោកវរសេនីយ៍ទោ តូច រ៉ា។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី៥ ខែមករា ថា កាលពីថ្ងៃទី៤ ខែមករា គឺទាហានឈុតខ្មៅ និងឈុតប៉ារ៉ារបស់ថៃ បានស្នើសុំមកភាគីកម្ពុជា ឲ្យដើរល្បាតតាមបន្ទាត់ព្រំដែនទ្វេភាគីលើផ្លូវថ្មីមួយដែលពុំធ្លាប់ប្រើសោះ ចាប់ពីតំបន់ជាំសាង៉ាំ ឆ្ពោះទៅចំណុចបង្គោលព្រំដែនលេខ២។ លោក តូច រ៉ា បញ្ជាក់ថា កងការពារព្រំដែនខ្មែរបានច្រានចោលសំណើនោះ ហើយបានជួបប្រជុំគ្នាជាមួយភាគីថៃ ពេញមួយព្រឹកថ្ងៃទី៥ ខែមករា។
លោកវរសេនីយ៍ទោ តូច រ៉ា ថ្លែងថា «យើងមិនឯកភាពព្រោះថា ផ្លូវដើរល្បាតជាច្រើនឆ្នាំមកហើយ គឺមានផ្លូវចាស់រួចហើយ។ អ៊ីចឹងសូមរក្សាការដើរល្បាតលើផ្លូវចាស់ដដែល ប៉ុន្តែថៃ ថាគេមិនព្រម សុំដើរផ្លូវថ្មី»។
កាលពីជាង ៣ឆ្នាំមុន ទាហានថៃ ខេត្តស៊ីសាកេត ដែលប្រចាំការពារព្រំដែនទល់មុខច្រកទ្វារជាំសាង៉ាំ ក៏ធ្លាប់បានចូលមកហាមឃាត់ប្រជាពលរដ្ឋខ្មែរខ្លះ មិនឲ្យសាងសង់នៅក្នុងទឹកដីខ្មែរដែលជិតព្រំដែននៃប្រទេសទាំងពីរដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
