ក្រសួងការបរទេស ណែនាំឲ្យក្រុមអាជីវករខ្មែរនៅផ្សារផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ បើកលក់ដូរជាធម្មតាឡើងវិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ក៏បានអំពាវឲ្យក្រុមអាជីវករទាំងអស់ជៀសវាងការលក់ទំនិញក្លែងក្លាយ ឬខុសច្បាប់ ដែលនាំអោយមានបញ្ហាជាមួយសមត្ថកិច្ចផ្នែកកម្មសិទ្ធិបញ្ញារបស់ថៃ។
ម្ចាស់តូបលក់ដូររបស់អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ កុម្ភៈ បានបន្តបិទទ្វារដោយសារមានការភ័យខ្លាច អាជ្ញាធរថៃ ចុះចាប់ទំនិញរបស់ពួកគាត់ជាថ្មីម្ដងទៀត ដូចកាលពីថ្ងៃទី៣ ខែកុម្ភៈ។
មន្ត្រីនាំពាក្យនៃក្រសួងការបរទេស លោក ជុំ សុន្ទរី មានប្រសាសន៍ថា មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ បានជួបទាក់ទងជាមួយអាជ្ញាធរថៃ ដើម្បីដោះស្រាយការព្រួយបារម្ភរបស់អាជីវករខ្មែរ និងធានាថា ការប្រកបអាជីវកម្មនៅតែដំណើរការធម្មតា។
លោកបន្តថា ការចុះអង្កេតផ្ទាល់របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ បានអោយដឹងទៀតថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ផ្សាររ៉ុងក្លឿ ពុំបានបិទទ្វារទេ ប៉ុន្តែដោយសារតែអាជីវករមួយចំនួនបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំចិន ចំណែកក្រុមអាជីវករមួយចំនួនទៀតមានការភ័យខ្លាចដោយខ្លួនឯងថា សមត្ថកិច្ចថៃ នឹងចុះចាប់ទំនិញរបស់ពួកគាត់ទៀតទើបមិនទាន់មកបើកតូបលក់ឡើងវិញ។
ស្ត្រីអាជីវករម្នាក់នៅផ្សាររ៉ុងក្លឿ បញ្ជាក់ថា រហូតមកដល់ពេលនេះ តូបលក់ដូរជាង ៩០ភាគរយនៅបិទទ្វារដដែល គឺមិនមែនមកពីពួកគាត់ទៅចូលឆ្នាំចិន នោះទេ ដោយសារពួកគាត់ខ្លាចអាជ្ញាធរថៃ មកចាប់យកទំនិញរបស់ពួកគាត់ទៀត ព្រោះការប្រកាសនេះមិនមែនលើកទីមួយទេ កន្លងមកក្រោយការប្រកាសរួច ពលរដ្ឋចូលទៅលក់វិញបានប្រមាណមួយសប្ដាហ៍ថៃ ក៏ចាប់ផ្ដើមបើកយុទ្ធនាការបោសសម្អាតចាប់ទំនិញពលរដ្ឋខ្មែរម្នាក់ៗ អស់រាប់ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
