ពលរដ្ឋ​សង្ឃឹម​ថា​កីឡា​ប្រដាល់​កម្ពុជា​ល្បី​លើ​ឆាក​អន្តរជាតិ

កីឡា​ប្រដាល់​ខ្មែរ សព្វថ្ងៃ​មាន​សន្ទុះ​រីក​ចម្រើន និង​មាន​ការ​គាំទ្រ​គួរសម​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ គេ​សង្កេត​ឃើញ​ថា រាល់​ការ​ប្រកួត​ម្តងៗ មាន​មនុស្សម្នា​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ ទាំង​ក្មេង ចាស់ ប្រុស ស្រី ស្ទើរ​រក​កន្លែង​អង្គុយ​មើល​មិន​បាន​នៅ​គ្រប់​សង្វៀន​នានា។

0:00 / 0:00

ពលរដ្ឋ​មួយ​ចំនួន ឲ្យ​ដឹង​ថា ពួក​គាត់​សង្ឃឹម​ថា កីឡាករ​សំណព្វ​ចិត្ត​របស់​គាត់​នឹង​មាន​ឈ្មោះ​ល្បី​លើ​ឆាក​អន្តរជាតិ និង​អាច​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ល្បីៗ​លើ​ពិភពលោក​ទៀត​ផង។

ប្រដាល់​បង្ហូរ​ឈាម​យក​លុយ​នេះ​ជា​បំណង​សំខាន់​បំផុត​របស់​កីឡាករ​កម្ពុជា។ កីឡាករ​ភាគ​ច្រើន​ហាក់​មិន​រំពឹង​ថា ពួក​គេ​នឹង​អាច​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ។ ពួក​គេ​អះអាង​ស្រដៀងៗ​គ្នា​ថា មក​ពី​ស្រឡាញ់​ប្រដាល់ និង​មាន​ជីវភាព​ខ្វះខាត ទើប​ពួក​គាត់​ឡើង​វ៉ៃ​លើ​សង្វៀន។

ប៉ុន្តែ អ្នក​គាំទ្រ​វិញ ប្រាថ្នា​ចង់​ឲ្យ​កីឡា​ដ៏​ពេញ​និយម​របស់​កម្ពុជា មួយ​នេះ មាន​សន្ទុះ​រីក​ចម្រើន​លំដាប់​ថ្នាក់​ពិភពលោក។

អ្នក​ចូល​ចិត្ត​មើល​ប្រដាល់ លោក មឿន ធាវី ឲ្យ​ដឹង​ថា លោក​តែង​គាំទ្រ និង​ចង់​លើក​ស្ទួយ​កីឡា​ប្រដាល់​នេះ​ខ្លាំង​ណាស់ ហើយ​លោក​តែង​តែ​ទៅ​មើល​នៅ​សង្វៀន​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ អាទិត្យ មិន​ដែល​ខក​ខាន​នោះ​ទេ។ លោក​បន្ត​ថា លោក​ក៏​តាម​ដាន​មើល​កីឡាករ​បរទេស​វ៉ៃ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ល្បីៗ ដូចជា អេចប៊ីអូ (HBO) ឬ​ហ្វកស្ពត (FOX Sport) ដែរ ដោយ​សង្កេត​ឃើញ​ថា ក្បាច់​ប្រយុទ្ធ​កីឡាករ​ទាំង​នោះ​មិន​ល្អ​ដូច​ខ្មែរ​ទេ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ថា ខ្មែរ​យើង​ច្រើន​តែ​ចាញ់​ហត់។ លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ លោក​ក៏​មាន​បំណង​ចង់​ឲ្យ​កូន​ប្រុស​ដែល​ទើប​មាន​អាយុ​ជាង ៦​ឆ្នាំ ចូល​ហ្វឹកហាត់​ប្រដាល់​ដែរ បើ​សិន​ណា​អាជ្ញាធរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខ​ទុក្ខ​កីឡាករ​បាន​សមរម្យ។

តម្លៃ​ខ្លួន​របស់​អ្នក​ប្រដាល់​ពេល​ឡើង​វ៉ៃ គូ​ធម្មតា មួយ​លើកៗ​អ្នក​ឈ្នះ​បាន​ប្រាក់ ២០​ម៉ឺន​រៀល និង​អ្នក​ចាញ់​បាន ១៥​ម៉ឺន​រៀល។ ចំពោះ​គូ​ពិសេស​វិញ គឺ​ឈ្នះ​បាន ៣០​ម៉ឺន​រៀល និង​ចាញ់​បាន​ប្រាក់ ២៥​ម៉ឺន​រៀល។ ឯ​គូ​ឯក អ្នក​ឈ្នះ​បាន ៤៥​ម៉ឺន​រៀល និង​អ្នក​ចាញ់​បាន ៤០​ម៉ឺន​រៀល។ គូ​ប្រដាល់​អន្តរជាតិ អ្នក​ឈ្នះ​បាន ២៥០​ដុល្លារ និង​អ្នក​ចាញ់​បាន ២០០​ដុល្លារ។ ក្រៅ​ពី​នោះ ក៏​មាន​គូ​ប្រដាល់​ដណ្ដើម​ខ្សែ​ក្រវាត់​ដណ្ដើម​ប្រាក់​លាន និង​កម្មវិធី​ប្រដាល់​លក់​សំបុត្រ​ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេងៗ​ជាដើម។

ការ​ប្រកួត​ប្រដាល់​តាម​ស្ថានីយ​ទូរទស្សន៍​នានា សុទ្ធ​តែ​មាន​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ធំ និង​អ្នក​សហការ​ជាច្រើន​ក្រុមហ៊ុន​ទៀត។ ក្រុមហ៊ុន​ឯកជន​ទាំង​នោះ ត្រូវ​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង ១​កម្មវិធីៗ ដើម្បី​បាន​សិទ្ធិ​ចូល​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​កម្មវិធី​ប្រដាល់។

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​គាត់​ទិញ​ម៉ោង​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​កម្មវិធី​ប្រដាល់​តាម​ទូរទស្សន៍ ព្រោះ​ថា កម្មវិធី​នេះ​មាន​អ្នក​ទស្សនា​ច្រើន។ ប៉ុន្តែ លោក​មិន​ដឹង​ថា​កីឡាករ​ដែល​ឡើង​វ៉ៃ​ទាំង​នោះ​បាន​ប្រាក់​តម្លៃ​ខ្លួន ឬ​ប្រាក់​ឧបត្ថម្ភ​ប៉ុន្មាន​ឡើយ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​ក្រុមហ៊ុន​មួយ​ជួល​តួ​កុន​ផ្សាយ​ពាណិជ្ជកម្ម ក្រុមហ៊ុន​នោះ​ត្រូវ​ចំណាយ​លុយ​ជួល​តួ​កុន​ម្នាក់​នោះ​ផង និង​ចំណាយ​ឲ្យ​ទូរទស្សន៍​ផង។ ប៉ុន្តែ បើ​ផ្តល់​សម្លៀកបំពាក់​ឲ្យ​កីឡាករ​ឡើង​វ៉ៃ​លើ​សង្វៀន​វិញ គឺ​ចំណាយ​តែ​ប្រាក់​ឲ្យ​ទូរទស្សន៍​ចប់​សាច់​រឿង​តែ​ម្តង។ មួយ​វិញ​ទៀត កីឡាករ​ម្នាក់ យ៉ាង​តិច​ណាស់​ក៏​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ម្តង​ជាង​ម្ភៃ​នាទី​ដែរ បើ​ធៀប​នឹង​អ្នក​ចម្រៀង​ដែល​ច្រៀង​ម្តង​បាន​យ៉ាង​ច្រើន​ណាស់​ពីរ​បទ​ប៉ុណ្ណោះ។ បើ​ទោះ​ជា​មាន​ក្រុមហ៊ុន​ឯកជន​ធំៗ​ឧបត្ថម្ភ​កម្មវិធី​ប្រដាល់ និង​មាន​ការ​នាំ​យក​កីឡាករ​បរទេស​ជាច្រើន​មក​ប្រកួត​នៅ​ក្នុង​ប្រទេស ឬ​យក​កីឡាករ​ជាតិ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក្តី ប៉ុន្តែ​ការ​ប្រកួត​ទាំង​នោះ​មិន​មែន​ជា​លក្ខណៈ​អន្តរជាតិ​ពិត​ប្រាកដ​នោះ​ទេ។ បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់ គួរ​ប្រើ​ពាក្យ​ថា វ៉ៃ​លក់​សំបុត្រ។

ទោះ​ជា​យ៉ាង​ណា​ក្តី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ស្ម័គ្រចិត្ត លោក ម៉ឹល កាដូ ថ្លែង​ថា កម្ពុជា មាន​គោលដៅ​ច្បាស់​លាស់​ក្នុង​ការ​នាំ​កីឡា​ប្រដាល់​សេរី ឬ​គុន​ខ្មែរ​នេះ​ឲ្យ​ទៅ​ដល់​ឆាក​អន្តរជាតិ។ ចំណែក​ឯ​នៅ​ក្នុង​ស្រុក សហព័ន្ធ​ក៏​បាន​រៀបចំ​ឲ្យ​កីឡាករ​គ្រប់​ក្លឹប​ឡើង​ប្រកួត​ជា​ប្រចាំ រក្សា​លំនឹង​ក្លឹប​ប្រដាល់​ឲ្យ​នៅ​គង់វង្ស មាន​លុយ​កាក់​គ្រប់គ្រាន់ ដើម្បី​ជួយ​ផ្គត់ផ្គង់​កីឡាករ។ លោក​បន្ត​ថា បច្ចុប្បន្ន​មហា​ជន​ទូទាំង​ពិភពលោក អាច​មើល​ការ​ប្រកួត​កីឡា​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​ផ្សាយ​ទៅ​បរទេស ឬ​ក៏​ទស្សនា​តាម​គេហទំព័រ​យូធូប (Youtube) ក៏​បាន។ លោក​បញ្ជាក់​ថា បើ​សិន​ជា​កីឡា​ប្រដាល់​ល្បី​ទូទាំង​ពិភពលោក​ហើយ​នោះ ជីវភាព​កីឡាករ​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។

លោក​បន្ត​ថា កម្ពុជា ត្រូវ​ការ​ធនធាន​មនុស្ស​ផ្នែក​កីឡា លិខិត​បទដ្ឋាន​គតិយុត្តិ ធនធាន​ផ្នែក​ហិរញ្ញ​វត្ថុ ព្រម​ទាំង​គោល​នយោបាយ​ច្បាស់​លាស់​មួយ​ទើប​អាច​នាំ​ឲ្យ​វិស័យ​កីឡា​រីក​ចម្រើន ល្បីល្បាញ​លើ​សកលលោក​បាន។

ទន្ទឹម​នឹង​នេះ គ្រូ​ប្រដាល់​តាម​ក្លឹប​មួយ​ចំនួន​លើក​ឡើង​ស្រដៀង​គ្នា​ថា ដើម្បី​ឲ្យ​ប្រដាល់​រីក​ចម្រើន គឺ​ត្រូវ​ពឹងផ្អែក​លើ​ការ​ជំរុញ​ទឹក​ចិត្ត និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ជា​ចម្បង។ ក្លឹប​ប្រដាល់​សព្វថ្ងៃ មិន​មាន​លទ្ធភាព​ស្វែង​រក​ម្ចាស់​ឧបត្ថម្ភ​ដោយ​ខ្លួន​ឯង​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​ឯកជន គឺ​គេ​សំដៅ​តែ​ទូរទស្សន៍​ប៉ុណ្ណោះ។ ផ្ទុយ​ពី​អន្តរជាតិ ក្លឹប​មាន​ការ​គាំទ្រ​ផ្ទាល់​ពី​ក្រុមហ៊ុន​ឯកជន។ ក្លឹប​ប្រដាល់​កម្ពុជា រក​ចំណូល​បាន​ចំនួន ១៥​ដុល្លារ បើ​សិន​មាន​កីឡាករ​ក្នុង​ក្លឹប​ឡើង​ប្រដាល់​មួយ​គូ។

សារព័ត៌មាន​កីឡា​នៅ​កម្ពុជា បាន​បិទ​ទ្វារ​ជា​បណ្ដើរៗ ដោយសារ​មូលហេតុ​ហិរញ្ញ​វត្ថុ និង​ខ្វះ​ការ​គាំទ្រ។ សូម្បី​តែ​គេហទំព័រ​របស់​សហព័ន្ធ​កីឡា​អូឡាំពិក ក៏​មិន​សូវ​សម្បូរ​ព័ត៌មាន​ផ្សព្វផ្សាយ​សម្បូរ​បែប​ឡើយ។ ឆ្នោត​កីឡា​ជាតិ​ដែល​បង្កើត​ឡើង​ដើម្បី​ស្វែង​រក​មូលនិធិ​អភិវឌ្ឍន៍​កីឡា​នោះ ក៏​ត្រូវ​ដួល​រលំ ដោយសារ​តែ​មិន​មាន​អ្នក​លេង។

កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​សាធារណរដ្ឋ​ខ្មែរ លន់ នល់ វិស័យ​កីឡា​ប្រដាល់​កម្ពុជា និង​កីឡា​ផ្សេងៗ មាន​ការ​រីក​ចម្រើន​ខ្លាំង​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី។ កីឡាករ​ប្រដាល់​កម្ពុជា សម័យ​នោះ ដែល​មាន​ឈ្មោះ​ល្បី ដូច​ជា កីឡាករ ជា សារ៉ាក់ កីឡាករ យឹម យឿន ជាដើម។ ពលរដ្ឋ​វ័យ​ចំណាស់ រំឭក​ថា កាល​ពី​ឆ្នាំ​៧០ កីឡាករ ជា សារ៉ាក់ វ៉ៃ​កីឡាករ​ថៃ ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់ និង​ជា​ម្ចាស់​មេដាយ​មាស​ឲ្យ​សន្លប់​នៅ​ទឹក​ទី១ ទៀត​ផង។ កាល​ពី​ជំនាន់​នោះ កីឡាករ​ជម្រើស​ជាតិ មាន​ជីវភាព​ធូរធារ​គួរសម។ រដ្ឋាភិបាល​ជា​អ្នក​ធានា​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព ហើយ​ពួក​គេ​ត្រូវ​រស់នៅ​ប្រមូល​ផ្តុំ​ក្នុង​បុរីកីឡា​សព្វថ្ងៃ។ ប៉ុន្តែ​បច្ចុប្បន្ន កីឡាករ​ជម្រើស​ជាតិ​ខ្មែរ មិន​ថា​វិញ្ញាសា​ណា​មួយ​ទេ ពួក​គេ​ត្រូវ​ប្រកប​មុខ​របរ​មួយ​ផ្សេង​ទៀត ដើម្បី​ផ្គត់ផ្គង់​ជីវភាព ហើយ​មិន​មាន​បុរី​ឯណា​ឲ្យ​កីឡាករ​ស្នាក់​នៅ​ដូច​មុន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។