អាជ្ញាធរខេត្តបាត់ដំបង ត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានការសម្ដែងរបាំបូរាណខ្មែរ និងប្រគំតន្ត្រីផង នៅក្រុងនិងតាមរមណីយដ្ឋានសំខាន់ៗក្នុងខេត្តចំនួន ៣យប់ ៣ថ្ងៃ។ អភិបាលខេត្តបញ្ជាក់ថា នេះជាការរៀបចំពិធីបុណ្យជាតិដ៏ធំមួយ និងជាលើកដំបូងក្នុងគោលបំណងរក្សាប្រពៃណីវប្បធម៌របស់ជាតិផង និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅកម្សាន្តខេត្តបាត់ដំបង ផង។
ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ភាគច្រើនស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់សមត្ថកិច្ចខេត្តនេះថា ជាសកម្មភាពមួយល្អ ដែលបង្កបរិយាកាសឲ្យមានភាពអធិកអធមនៅក្នុងទឹកដីខេត្តបាត់ដំបង។
ក្រុមប្រជាពលរដ្ឋនៅក្រុងបាត់ដំបង ថ្លែងនៅថ្ងៃទី៩ មេសា ថា ពួកគេមានអារម្មណ៍រំភើបនៅពេលដែលទទួលដំណឹងថា ថ្នាក់ដឹកនាំខេត្តរបស់ខ្លួនរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដ៏ធំនៅខេត្តបាត់ដំបង។ អ្នកស្រុកបន្តថា កម្មវិធីនេះនឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋបានទៅលេងកម្សាន្តសប្បាយនៅក្នុងខេត្ត ហើយចំណាយថវិកាតិចតួច ដោយមិនបាច់ទៅទស្សនានៅខេត្តឆ្ងាយៗទៀតទេ៖ «ការរៀបចំនេះជារឿងមួយល្អ ព្រោះជាការងារមួយជួយលើកកម្ពស់ដល់វប្បធម៌របស់ជាតិ ហើយប្រជាពលរដ្ឋមានឱកាសទៅលេងសប្បាយរីករាយនៅថ្ងៃបុណ្យចូលឆ្នាំ។ ជារឿងមួយល្អធ្វើឲ្យប្រជាពលរដ្ឋបានជួបជុំគ្នានៅក្នុងខេត្ត ហើយសំណូមពរឲ្យលោកអភិបាលខេត្តបាត់ដំបង បន្តរៀបចំពិធីបុណ្យរបស់ជាតិនេះឲ្យបានរៀងរាល់ឆ្នាំទៅមុខទៀត»។

អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល មានប្រសាសន៍នៅថ្ងៃទី៩ មេសា ថា អាជ្ញាធរខេត្តព្រមទាំងមន្ទីរនានានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដ៏ធំមួយចំនួន ៣យប់បីថ្ងៃ ជាលើកដំបូងគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ។
លោកបញ្ជាក់ថា នៅក្នុងកម្មវិធីនោះ នឹងមានការប្រគំតន្ត្រីរៀងរាល់យប់នៅខាងមុនផ្សារណាត់ជាប់ម៉ាត់ស្ទឹងសង្កែកណ្ដាលក្រុងបាត់ដំបង។ រីឯនៅពេលថ្ងៃវិញ ក៏មានសម្ដែងរបាំនិងល្បែងប្រពៃណីខ្មែរនៅតាមរមណីយដ្ឋានសំខាន់ៗមួយចំនួននៅក្នុងខេត្ត មានជាអាទិនៅប្រសាទឯកភ្នំ ប្រសាទបាណន់ និងនៅរមណីយដ្ឋានភ្នំសំពៅជាដើម៖ «បាទ! គោលបំណងទីមួយដើម្បីចូលរួមបុណ្យប្រពៃណីរបស់ជាតិយើងផង និងជួយឲ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបានលេងកម្សាន្តសប្បាយរីករាយផង។ម្យ៉ាងទៀត ពិធីនេះធ្វើឡើងដើម្បីជួយឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្តនៅក្នុងខេត្តបាត់ដំបង បានកម្សាន្តសប្បាយផង»។
លោក ចាន់ សុផល បន្តថា ក្រៅអំពីរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរដ៏ធំហើយ ឆ្នាំនេះខេត្តបាត់ដំបង ក៏ទទួលភារកិច្ចរៀបចំកម្មវិធីបុណ្យជាតិសំខាន់មួយទៀត គឺព្រះរាជពិធីច្រត់ព្រះនង្គ័លដែលនឹងប្រារព្ធនៅថ្ងៃទី៦ ឧសភា ខាងមុខ។
អាជ្ញាធរខេត្តបាត់ដំបង រំពឹងថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើននាក់ នឹងមកចូលរួមលេងកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខាងមុខនេះយ៉ាងច្រើនកុះករជាពុំខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
