ប្រជាពលរដ្ឋដែលនាំអំណោយមូលនិធិសប្បុរសជនរស់នៅក្រៅប្រទេសមកចែកជូនជនទាល់ក្រនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចោទប្រកាន់ប៉ូលិសមូលដ្ឋានស្រុកនេះថា រារាំងពួកគាត់មិនឲ្យនាំអំណោយចែកពលរដ្ឋ។ ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា ការហាមឃាត់នេះធ្វើឡើងទៅតាមបញ្ជាពីមន្ត្រីថ្នាក់លើ។
ពលរដ្ឋដែលនាំអំណោយចែកជនក្រីក្រនៅឃុំកោះជីវាំង សម្ដែងការមិនពេញចិត្តនឹងសមត្ថកិច្ចឃុំនេះ ថាបានបង្កការរំខានដល់សកម្មភាពរបស់ប្រជាពលរដ្ឋដែលជួយជនអត់ឃ្លាននៅក្នុងសង្គមជាតិ។
តំណាងពលរដ្ឋម្នាក់រស់នៅក្រុងបាត់ដំបង កញ្ញា ឈឿន ដារ៉ាវី ឲ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ថា ពួកគាត់បាននាំអំណោយសប្បុរសជនខ្មែររស់នៅក្រៅប្រទេស ដែលមានថវិកាប្រហែល ៤ពាន់ដុល្លារអាមេរិក ដើម្បីចែកជូនដល់ពលរដ្ឋក្រីក្ររស់នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
កញ្ញាអះអាងថា កាលពីថ្ងៃទី២៥ កក្កដា ដែលពួកគាត់ចែកអំណោយថ្ងៃដំបូងដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋនៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រាប់តែមន្ត្រីនគរបាលឃុំនេះបានហាមឃាត់មិនឲ្យពួកគាត់ចែកអំណោយជូនប្រជាពលរដ្ឋបន្តទៀតឡើយ៖ «ខ្ញុំគិតថា វាជារឿងមិនត្រឹមត្រូវឡើយដែលសមត្ថកិច្ចធ្វើបែបនេះ ព្រោះពួកយើងពុំបានធ្វើអ្វីខុសច្បាប់នោះទេ»។
ឆ្លើយតបនឹងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះជីវាំង លោក ញ៉ុក សុខុម មានប្រសាសន៍ថា មូលហេតុដែលសមត្ថកិច្ចហាមឃាត់អ្នកចែកអំណោយដោយសារពួកគាត់ពុំបានសុំច្បាប់ពីអាជ្ញាធរចុះចែកអំណោយដល់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។
លោកបញ្ជាក់ទៀតថា ការងារនេះលោកធ្វើទៅតាមបទបញ្ជាពីអាជ្ញាធរស្រុកឯកភ្នំទេ៖ «អភិបាលស្រុកគាត់ប្រាប់ខ្ញុំឲ្យទៅប្រាប់ពួកគាត់ទៅធ្វើលិខិតស្នាមសិន ទើបអនុញ្ញាតឲ្យចែកអំណោយបន្តទៀតបាន»។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការចែកអំណោយមនុស្សធម៌ដល់ជនក្រីក្រ ពុំចាំបាច់សុំច្បាប់អនុញ្ញាតពីអាជ្ញាធរនោះទេ។ លោក យិន ម៉េងលី ហៅការរារាំងពីសំណាក់សមត្ថកិច្ចមូលដ្ឋាននេះ ថាជាការព្រួយបារម្ភខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពផ្នែកនយោបាយរបស់គណបក្សខ្លួន៖ «បើនិយាយការងាររដ្ឋបាលមិនមែនជាការសុំច្បាប់ គឺគ្រាន់តែជូនដំណឹងទៅអាជ្ញាធរបានដឹងអំពីសកម្មភាពយើងធ្វើតែប៉ុណ្ណឹងទេ។ ព្រោះការចែកអំណោយអត់មានចែងក្នុងច្បាប់ទេ»។
ក្រុមការងារចែកអំណោយមនុស្សធម៌នេះ មានគ្នាចំនួន ២៥នាក់ នាំអំណោយចែកពលរដ្ឋជាង ១ពាន់នាក់ នៅឃុំកោះជីវាំង ចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ កក្កដា។ អំណោយដែលចែករួមមានថ្នាំពេទ្យ សៀវភៅ ប៊ិច ខ្មៅដៃ នំចំណី សំលៀកបំពាក់ និងថវិកាមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
