ពិធីបុណ្យនេះធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មករបួននាក់ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលចេញបង្ក្រាបបាតុកម្មរបស់កម្មករនៅតំបន់ សួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ មករា កន្លងទៅ។
ព្រះសង្ឃប្រជាពលរដ្ឋ និងក្រុមគ្រួសារសពកម្មករទាំងបួននាក់មន្ត្រីសង្គមស៊ីវិល មន្ត្រីសិទ្ធិមនុស្សដែលបានចូលរួមធ្វើបុណ្យនោះ បានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មករបួននាក់ដែលបានស្លាប់ក្នុងបុព្វហេតុទាមទារប្រាក់ខែកម្មករ ១៦០ដុល្លារឲ្យបានទៅដល់សុគតិភព។
ក្នុងពិធីនោះ អ្នកចូលរួមក៏ទាមទារឲ្យមានការស៊ើបអង្កេតរកជនដៃដល់ដែលបាញ់សម្លាប់កម្មករយកមកផ្ដន្ទាទោស និងដាក់ពាក្យប្ដឹងទៅតុលាការទាមទារសំណងមួយចំនួនទៀត។
ម្ដាយសពកម្មករម្នាក់ក្នុងចំណោមសព ៤នាក់នោះ លោកស្រី សំ ថៃ មានស្រុកកំណើតនៅខេត្តតាកែវ។ លោកស្រីបានសម្ដែងការមិនសុខចិត្តដែលរដ្ឋាភិបាលបានប្រើកម្លាំងប្រដាប់អាវុធបាញ់សម្លាប់កម្មករដូចជាកូនគាត់ដែលជាជនស្លូតត្រង់ ហើយបានអំពាវនាវឲ្យសហគមន៍ជាតិ និងអន្តរជាតិជួយរកយុត្តិធម៌ក្នុងរឿងនេះឲ្យបានឆាប់៖ «សុំឲ្យក្នុងប្រទេស ក្រៅប្រទេស អង្គការខាងណាៗ ជួយរកយុត្តិធម៌ឲ្យកូនខ្ញុំផង ព្រោះ ហ៊ុន សែន ធ្វើនេះ ដូចជាអយុត្តិធម៌ពេក អយុត្តិធម៌មាំណាស់ សម្លាប់ប្រជាជនក្រីក្រខ្មែរដែលរស់នៅលំបាកវេទនា អ៊ីចឹងខ្ញុំដូចជាមិនអស់ចិត្តនឹងកូនខ្ញុំទេ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី១៦ មករា ថា រដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយរួចហើយ និងកំពុងចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើករណីផ្ទុះអំពើហិង្សានៅលើដងផ្លូវវ៉េងស្រេង ត្រង់ចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីថ្ងៃទី៣ មករា។
លោក ខៀវ សុភ័គ៖ «តាមខ្ញុំដឹង ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន លោកជាប្រធានគណៈកម្មការហ្នឹង នាយឧត្ដមសេនីយ៍ សៅ សុខា ជាបញ្ជាការរងលើផ្ទៃប្រទេស លោកជាអនុប្រធាន ហើយនិងមានតំណាងក្រសួងយុត្តិធម៌មួយរូប ហើយនិងអភិបាលរងរាជធានីភ្នំពេញ មួយរូប ក្រៅពីហ្នឹងមានគណៈកម្មការសម្រាប់ប្រើប្រាស់មន្ត្រីក្រោមឱវាទមួយចំនួនទៀត ដើម្បីធ្វើការងារស៊ើបអង្កេតករណីនេះ»។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលជាអ្នកផ្ដួចផ្ដើមពិធីបុណ្យ មានថេរដីកាក្នុងពិធីបុណ្យនោះថា ការធ្វើពិធីបុណ្យផ្សាយមេត្តាធម៌នេះ អាចជួយរំលត់ភ្លើងហិង្សាដែលសមត្ថកិច្ចរដ្ឋាភិបាលកំពុងអនុវត្តមកលើកម្មករ ប្រជាពលរដ្ឋ ព្រះសង្ឃ និងអ្នកដទៃទៀតដោយមិនរើសមុខដូចសព្វថ្ងៃនេះ និងជួយឲ្យសង្គមទាំងមូលមានសុខសន្តិភាព។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ៖ «មធ្យោបាយយើងធ្វើបាតុកម្ម គេបង្ក្រាប យើងតវ៉ារកយុត្តិធម៌បានប្រាក់ខែសមរម្យគេសម្លាប់ចោល ដូច្នេះមធ្យោបាយពុទ្ធសាសនាមានតែផ្សាយមេត្តាធម៌ អប់រំផ្លូវចិត្តទេ ហើយពុទ្ធសាសនាមានតែការរួមគ្នាធ្វើបុណ្យទេទើបបានសុខ ដូច្នេះហើយទើបយើងធ្វើបុណ្យថ្ងៃនេះ»។
អ្នកចូលរួមទាំងអស់ក៏អំពាវនាវសុំឲ្យតុលាការដោះលែង លោក វន់ ពៅ សកម្មជនសិទ្ធិមនុស្ស និងមន្ត្រីសង្គមស៊ីវិលផ្សេងទៀត ព្រមទាំងកម្មករសរុប ២៣នាក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធរឿងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែកម្មករនេះដែរឲ្យបានឆាប់ ពីព្រោះពួកគាត់យល់ថា អ្នកទាំង ២៣នាក់នោះ ជាជនរងគ្រោះ មិនត្រូវជាប់ចោទក្នុងរឿងផ្ទុះអំពើហិង្សានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕