ព្រះសង្ឃ និងប្រជាពលរដ្ឋ បានធ្វើធម្មយាត្រាពីមុខព្រះបរមរាជវាំង ឆ្ពោះទៅមុខមន្ទីររដ្ឋសភា និងដាក់ញត្តិតវ៉ាទៅស្ថាប័នទាំងពីរនេះ។ ការតវ៉ានេះ មានបំណងស្នើសុំអន្តរាគមន៍បញ្ឈប់គម្រោងអភិវឌ្ឍន៍ ដែលធ្វើអោយប៉ះពាល់ទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងត្រូវរក្សាទុកជាកន្លែងផ្តល់ចំណេះដឹង និងផ្ទុកឯកសារមានតម្លៃ។
មន្ត្រីស្ថាប័នកំពូលទាំងពីរ បានចេញមកទទួលញត្តិ ដោយបានផ្តល់ត្រឹមការសន្យា។
ក្នុងពេលហែក្បួនធម្មយាត្រានៅព្រឹកថ្ងៃទី៣ ខែតុលា ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជាង ៣០០អង្គនិងនាក់ មកពីបណ្ដាខេត្តនានា និងរាជធានីភ្នំពេញ បានកាន់ទង់ជាតិកម្ពុជា ទង់ជាតិសាសនា និងបដានានា ដែលមានអត្ថន័យស្នើមិនអោយមានការជួលដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ទំហំ ៣០ម៉ែត្រ គុណ ១០០ម៉ែត្រ ទៅឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើល (Nagaworld)។
នៅពេលដែលក្រុមអ្នកទាមទារឈរត្រៀបត្រានៅមុខព្រះបរមរាជវាំង មន្ត្រីព្រះបរមរាជវាំង លោក ឡាំង ចំណាប់ អមដំណើរដោយអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានចេញមកទទួលញត្តិ។ លោក ឡាំង ចំណាប់ និយាយយ៉ាងខ្លីទៅកាន់ក្រុមអ្នកព័ត៌មានថា លោកនឹងយកញត្តិនេះទៅថ្វាយព្រះមហាក្សត្រ៖ «អឺ! មិនអីទេ! ចាំខ្ញុំទទួលយកទៅដាក់ថ្វាយព្រះករុណា»។
ខ្លឹមសារញត្តិរបស់អ្នកទាមទារមានប្រាំចំណុច ក្នុងនោះទូលថ្វាយសុំឲ្យព្រះមហាក្សត្រ ព្រះរាជអន្តរាគមន៍ឲ្យក្រសួងធម្មការ កសាងរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យ រុះរើអគារដែកចេញ និងការបញ្ជាក់ជាលាយលក្ខណ៍អក្សរថា មិនឲ្យបាត់បង់ដីពុទ្ធសាសនបណ្ឌិត្យ ជាដើម។ ក្រោយពីមន្ត្រីព្រះរាជវាំងបានទទួលញត្តិរួចហើយ ក្រុមអ្នកទាមទារ បានបន្តក្បួនឆ្ពោះទៅកាន់មុខមន្ទីររដ្ឋសភា ដោយគ្មានការរំខានពីក្រុមសន្តិសុខសាលាខណ្ឌ។
ប្រធានគណៈកម្មាធិការទី៧នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានចេញមកទទួលញត្តិតាមសំណើ និងបានអញ្ជើញតំណាងព្រះសង្ឃចំនួនប្រាំអង្គ ដើម្បីប្រគល់ញត្តិនៅក្នុងមន្ទីររដ្ឋសភា។ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងនាមជាតំណាងរាស្ត្រ លោកបានតាមដានរាល់ដំណើរការនេះយ៉ាងយកចិត្តទុកដាក់។ ទាក់ទងការព្រួយបារម្ភរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ លោក យ៉ែម បុញ្ញឫទ្ធិ ថា សភាបានកោះហៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មកឆ្លើយបំភ្លឺនៅមន្ទីរសភាជាតិ នៅថ្ងៃទី៩ ខែតុលា ខាងមុខ ហើយលោករដ្ឋមន្ត្រី ក៏យល់ព្រមចូលបំភ្លឺដែរ៖ «ខ្ញុំបានសរសេរលិខិតក្នុងនាមគណៈកម្មាធិការទី៧ ទៅរដ្ឋមន្ត្រីឯកឧត្តម មិន ឃិន ហើយគាត់ត្រូវអញ្ជើញមកនៅថ្ងៃទី៩ ម៉ោង២ ដើម្បីមកបំភ្លឺពាក់ព័ន្ធរឿងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ហើយនិងពាក់ព័ន្ធពីរឿងពុទ្ធិកសិក្សា។ គាត់មកបំភ្លឺដូចរដ្ឋមន្ត្រីក្រសួងអប់រំ ដែរបាទ»។

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣០ ដោយព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ បានមានថេរដីកាក្រោយពីបានដាក់ញត្តិថា ប្រសិនការឆ្លើយបំភ្លឺនៅមន្ទីររដ្ឋសភារបស់រដ្ឋមន្ត្រីក្រសួងធម្មការ មិនបានការពារទីតាំងពុទ្ធសាសនបណ្ឌិត្យ គឺបណ្ដាញព្រះសង្ឃ និងប្រជាពលរដ្ឋ នឹងថ្កោលទោសទាំង លោក មិន ឃិន លោក យ៉ែម បុញ្ញឫទ្ធិ និងជាពិសេស គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការធ្វើធម្មយាត្រាតវ៉ាជាបន្តបន្ទាប់៖ «ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ឆ្លើយប្រគេនមកខាងព្រះសង្ឃជាតំណាងដែលជាព្រះសង្ឃខ្មែរថា សភាជាអ្នកធ្វើការត្រួតពិនិត្យរឿងការសម្រេចចិត្តយ៉ាងណា ចាំហៅរដ្ឋមន្ត្រីមកសួរ ទើបមានចម្លើយ។ ប្រសិនរដ្ឋមន្ត្រីចូលមកបំភ្លឺនៅថ្ងៃទី៩ នៅវិមានរដ្ឋសភា មិនការពារពុទ្ធសាសនបណ្ឌិត្យ មហាបាតុកម្មនឹងកើតឡើងសាជាថ្មីម្តងទៀត»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពី លោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអ្នកនាំពាក្យផ្នែកព្រះពុទ្ធសាសនា ចំពោះការទាមទារនេះបានទេ នៅថ្ងៃទី៣ ខែតុលា។
យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ឆ្លើយបំភ្លឺសាធារណជន ក្រសួងធម្មការ និងសាសនា ថា គោលការណ៍ចំពោះមុខ និងទៅថ្ងៃអនាគត វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅតែរក្សាទុកសម្រាប់ដំណើរការងាររបស់ខ្លួន និងពុំមានគំនិតគិតគូរដល់ការវិនិយោគ ឬលក់ដូរឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
