ប្រជាពលរដ្ឋនៅស្រុកបាធាយ ខេត្តកំពង់ចាម អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយស្វែងរកក្របីរបស់ពួកគាត់ជិត ៣០ក្បាល ដែលក្រុមចោរបានលួចកាលពីយប់ថ្ងៃទី២៣ មីនា។ ការអំពាវនាវនេះ ស្របពេលអាជ្ញាធរថាពួកគេកំពុងបើកការស៊ើបអង្កេតជុំវិញបញ្ហានេះយ៉ាងយកចិត្តទុកដាក់។
ពលរដ្ឋរស់នៅឃុំសណ្ដែក ស្រុកបាធាយ ចាប់ផ្តើមបារម្ភចំពោះបញ្ហាសុវត្ថិភាពសន្តិសុខនៅក្នុងភូមិស្រុក ដោយសារមានអំពើចោរកម្មលួចទ្រព្យសម្បត្តិ ដូចជាសត្វពាហនៈ កើតមាននៅក្នុងភូមិជាដើម។
ពលរដ្ឋនៅឃុំសណ្ដែក អ្នកស្រី ហ៊ឹម ញ៉រ ឲ្យដឹងថា អ្នកស្រីតែងយកក្របីទៅឃ្វាលឆ្ងាយពីភូមិជាច្រើនគីឡូម៉ែត្រ រហូតត្រូវសម្រាន្តនៅវាលមួយឈ្មោះថា វាលរមាលភេរ ឋិតនៅក្នុងតំបន់បឹងទន្លេសាប ជាមួយពលរដ្ឋនៅក្នុងភូមិផ្សេងទៀត។ អ្នកស្រីថា គ្រួសារអ្នកស្រីបាត់ក្របីសរុបចំនួន ៧ក្បាលក្នុងចំណោមក្របី ២០ក្បាល។ អ្នកស្រីឲ្យដឹងទៀតថា នៅយប់កើតហេតុ គឺមានមនុស្សចំនួន ៤នាក់ប្រដាប់ដោយអាវុធ សំដៅចូលមកកន្លែងស្នាក់នៅរបស់ពួកគាត់ និងមានជាច្រើននាក់ផ្សេងទៀតនៅចាំរថយន្ត។ ក្រោយមកក៏មានការបាញ់គំរាមពួកគាត់ ព្រមទាំងបិទមុខពួកគាត់ទាំង ៦នាក់ដែលដេកចាំក្របី មិនឲ្យឃើញពីសកម្មភាពរបស់ពួកគេ ហើយក៏កៀងក្របីជាច្រើនក្បាលឡើងរថយន្ត។ អ្នកស្រីបន្តថា ក្រុមចោរ គឺប្រមូលយកក្របីណាដែលធំៗតែប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា គ្រួសារគាត់សំណាងអាក្រក់កើតឡើងស្របគ្នា ពីព្រោះពេលថ្ងៃចោរលួចម៉ូតូនៅខេត្តកណ្ដាល ហើយស្រាប់តែយប់ឡើងចោរលួចក្របីទៀត៖ «ពេលបាត់ក្របីទៀតខ្ញុំវាវង្វេងរង្វាន់អស់ហើយ។ តាំងកូនខ្ញុំវារោគបេះដូងទៀត»។
បន្ថែមពីនេះ មេឃុំសណ្ដែក លោក ហ៊ុល ញ៉ុង មានប្រសាសន៍ថា មានពលរដ្ឋជាង ១០គ្រួសារដែលរងគ្រោះ ហើយមានក្របីបាត់ទាំងអស់ជិត ៣០ក្បាលក្នុងចំណោមក្របីជាង ៧០ក្បាល។ លោកបន្តថា កន្លងមកធ្លាប់បាត់ក្របីដែរ ប៉ុន្តែការបាត់នោះពុំមែនជាលក្ខណៈទ្រង់ទ្រាយធំដូចលើកនេះទេ គឺជាការបាត់ដោយដាច់ហ្វូង ហើយការបាត់លើកនេះលោកហៅថាជាអំពើប្លន់តែម្តង។ លោកថា ពលរដ្ឋដែលចោរប្លន់ក្របីទាំងនោះ ជួបគ្រោះផ្ទួនៗគ្នា ព្រោះកាលពីខែវស្សា ស្រូវស្រែរបស់ពួកគាត់ស្កកស្ទើរតែគ្រប់គ្នា ហើយឥឡូវចោរលួចក្របីទៀត។ លោកបន្ថែមទៀតថា អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំពុងយកចិត្តទុកដាក់លើបញ្ហាមួយនេះ៖ «អាជ្ញាធរភូមិខ្ញុំបញ្ជូនតាមឡាន។ ឥឡូវហ្នឹងមានទៅដល់នៅកុងស៊ីនៅភ្នំពេញម៉ោងបីយប់។ មាននៅត្រពាំងផ្លុង ជិតទៅដល់ខ្លះ។ យើងទៅកាក់មើលនៅហ្នឹង»។
យ៉ាងណា ស្នងការនគរបាលខេត្តកំពង់ចាម លោក ប៉ែន រ័ត្ន មានប្រសាសន៍ថា បញ្ហានេះអាជ្ញាធរមានសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែមទៀត ពីព្រោះបញ្ហាកើតឡើងហាក់នៅមានភាពមន្ទិលសង្ស័យនៅឡើយ៖ «តាមបច្ចេកទេសយើងត្រូវប្រតិកម្ម ត្រូវបើកការស៊ើបអង្កេតហើយ ប៉ុន្តែករណីនេះវាចម្លែកពេកលួចម្តងហាហុកសិបក្បាល វាពិបាកជឿណាស់។ ហើយលួចឡើងឡានទៀត ហើយមានគ្នាដល់ ៦នាក់ គេមកចង តើអ្នកមកចងនោះមានគ្នាប៉ុន្មាននាក់»។
ភូមិស្វាយព្រៃ ឋិតនៅក្នុងឃុំសណ្ដែក គឺជាភូមិមួយនៅចុងកាត់មាត់ញក ហើយករណីប្លន់គោក្របីរបស់ពលរដ្ឋពេលនេះ ធ្វើឲ្យពួកគាត់មួយចំនួននៅក្នុងភូមិបារម្ភចំពោះបញ្ហាសន្តិសុខសុវត្ថិភាព។
បន្ថែមលើការព្រួយបារម្ភរបស់ពលរដ្ឋ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នាង សុវ៉ាត មានប្រសាសន៍ថា ពលរដ្ឋច្បាស់ជាបារម្ភហើយ ពីព្រោះបញ្ហានេះបញ្ជាក់ពីកម្សោយរបស់សមត្ថកិច្ចក្នុងការការពារសន្តិសុខសុវត្ថិភាពជូនពួកគាត់ និងម្យ៉ាងទៀត វាប្រាសចាកពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទៀតផង។ លោកបន្តថា ករណីប្លន់ធំៗបែបនេះ ក្រុមជនល្មើសគឺបានវាយតម្លៃពីសមត្ថភាពរបស់សមត្ថកិច្ចរួចទៅហើយ ហើយលោកយល់ថា វាអាចមានពាក់ព័ន្ធជាមួយសមត្ថកិច្ចខ្លះផងក៏មិនដឹង៖ «បើនិយាយថាប្រសិនបើគាត់រកបាន គាត់ធ្វើបានដោយសារចិញ្ចឹមក្របីមុខជាគាត់លែងហ៊ានហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រនៅក្នុងស្រុកនាពេលថ្មីៗនេះ បានចុះផ្សាយអំពីការព្រមានរបស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ដល់គ្រប់ស្នងការ អធិការ និងសមត្ថកិច្ចតាមមូលដ្ឋានទាំងអស់ ថានឹងអាចប្រឈមការត្រួតពិនិត្យ ឬដកចេញពីតំណែងតែម្តង ប្រសិនបើធ្វេសប្រហែសចេះតែបណ្ដោយឲ្យមានករណីប្លន់ប្រដាប់អាវុធកើតឡើងដោយគ្មានការទទួលខុសត្រូវនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
