សាលា​រាជធានី​គ្រោង​ពង្រីក​សេវា​រថយន្ត​ក្រុង​បន្ថែម​នៅ​ដើម​ខែ​មីនា

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៤ នឹង​ពង្រីក​សេវា​ដឹក​ជញ្ជូន​​រថយន្ត​ក្រុង ក្នុង​រាជធានី​ឲ្យ​បាន​ច្រើន​ខ្សែ​ថែម​ទៀត នៅ​ក្រោយ​បញ្ចប់​ការ​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​សាកល្បង​ជាមួយ​អង្គការ ចៃកា ជប៉ុន (JICA)។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា គម្រោង​ពង្រីក​សេវា​រថយន្ត​ក្រុង​នៅ​ថ្ងៃ​ខាង​មុខ គឺ​ពង្រីក​ខ្សែ​រត់​ថ្មី​ចាប់​ពី​រង្វង់​មូល​ស្តាត​ចាស់ គល់​ស្ពាន​ជ្រោយចង្វារ ឆ្ពោះ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ ៥ ទៅ​ដល់​ម្តុំ​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ឬ​ស្ថានីយ​ទូរទស្សន៍​ស៊ី.ធី.អិន និង​​ពី​គល់​ស្ពាន​ច្បារ​អំពៅ គល់​ស្ពាន​ព្រះមុនីវង្ស ឆ្ពោះ​ទៅ​កាន់​ក្រុង​តាខ្មៅ​ជាដើម។ ជាង​នេះ​ក៏​នឹង​ពង្រីក​ឲ្យ​មាន​សេវា​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​នៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម និង​ផ្លូវ​ម៉ៅសេទុង ថែម​ទៀត។

លោក ឡុង ឌីម៉ង់ បន្ថែម​ថា គម្រោង​ពង្រីក​សេវា​រថយន្ត​ដឹក​អ្នក​ដំណើរ​ក្នុង​ក្រុង​ពេល​នេះ ថ្នាក់​ដឹកនាំ​សាលា​រាជធានី​បាន​ជ្រើស​យក​ក្រុមហ៊ុន​វិនិយោគ​ដែល​ធ្លាប់​មាន​ពិសោធន៍​ក្នុង​សេវា​ដឹក​ជញ្ជូន​នេះ​នេះ​រួច​ហើយ ដោយ​ធ្វើ​ឡើង​តាម​រយៈ​ការ​ដេញ​ថ្លៃ​ និង​មាន​តម្លៃ​សំបុត្រ​សមរម្យ ហើយ​នឹង​អាច​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ សាលា​រាជធានី​ភ្នំពេញ និង​អង្គការ​ចៃកា ជប៉ុន បាន​បើក​សម្ពោធ​រថយន្ត​ក្រុង​សាកល្បង​មួយ​ខ្សែ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ដោយ​មាន​រថយន្ត​ក្រុង​ចំនួន ១០​គ្រឿង ហើយ​ត្រូវ​បញ្ចប់​ការ​សាក​ល្បង​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៤។

តម្លៃ​សំបុត្រ​រថយន្ត​ក្រុង​ក្នុង​ជំហាន​សាកល្បង​សម្រាប់​មនុស្ស​ម្នាក់​មាន​តថ្លៃ ១.៥០០​រៀល។ រថយន្ត​ក្រុង​សាក​ល្បង​នេះ បាន​ធ្វើ​ដំណើរ​ទៅ​មក​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ចាប់​ពី​រង្វង់​មូល​ស្តាត​ចាស់ គល់​ស្ពាន​ជ្រោយចង្វារ ឆ្ពោះ​ទៅ​គល់​ស្ពាន​ព្រះមុនីវង្ស ឬ​ផ្សារ​ច្បារអំពៅ ដោយ​ចេញ​ដំណើរ​នៅ​ម៉ោង ៥ និង​៣០​នាទី​ព្រឹក ដល់​ម៉ោង ៨ និង​៣០​នាទី​យប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។