មន្ត្រី៖ ការ​សាកល្បង​ប្រើ​សេវា​រថយន្ត​ក្រុង​​បាន​​ជោគជ័យ

0:00 / 0:00

នៅ​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៤ នេះ គឺ​ជា​ថ្ងៃ​បញ្ចប់​នៃ​គម្រោង​សាកល្បង​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​ក្រុង​រយៈពេល ១​ខែ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​កាល​ពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា គម្រោង​សាកល្បង​នេះ​បាន​ជោគជ័យ។ ក៏ប៉ុន្តែ​នៅ​មិន​ដឹង​ថា មាន​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ចូល​មក​វិនិយោគ​ជំនួស​ការ​សាកល្បង ដែល​ទើប​បញ្ចប់​នេះ​នៅ​ឡើយ​ទេ។

ការ​សាកល្បង​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​ក្រុង​នៅ​លើ​ដង​វិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ បាន​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៤ មីនា ហើយ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​ការ​សាកល្បង​នេះ នៅ​ថ្ងៃ​ទី​៤ មីនា ថា អ្នក​ធ្វើ​ដំណើរ​បាន​ចាប់​អារម្មណ៍​ជិះ​រថយន្ត​ក្រុង​ច្រើន​នៅ​ក្នុង​រយៈពេល ២​សប្ដាហ៍​នៃ​ដើម​ខែ​ដំបូង គឺ​មាន​ចំនួន​ប្រហែល ១.៨០០​នាក់​ក្នុង​១​ថ្ងៃ​គិត​ជា​មធ្យម។ ក៏ប៉ុន្តែ នៅ​២​សប្ដាហ៍​ចុង​ខែ ចំនួន​អ្នក​ជិះ​បាន​ថយ​ចុះ​មក​ត្រឹម​ប្រហែល ១.៥០០​នាក់​វិញ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ។

លោក​ថា ចំនួន​ធ្លាក់​ចុះ​នេះ​ដោយសារ​ផ្លូវ​រត់​សាកល្បង​មាន​តែ​មួយ​ខ្សែ មិន​មាន​ខ្សែ​រត់​ផ្សេង​ទៀត ដើម្បី​ទទួល និង​ផ្ទេរ​អ្នក​ដំណើរ​បន្ត៖ «យើង​យល់​បាតុភាព​នៃ​ការ​ថយ​ចុះ​ពី ១.៨០០​(នាក់) មក ១.៥០០​(នាក់) មួយ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​ថយ​ចុះ​បន្តិច​ដែរ ហើយ​យើង​បាន​ទទួល​អនុសាសន៍ និង​សំណូម​ពរ​ប្រជាពលរដ្ឋ​អ្នក​ជិះ​រថយន្ត​ក្រុង​ហ្នឹង​ដែរ។ គាត់​បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​រថយន្ត​តែ​មួយ​ខ្សែ​នេះ វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​ថយ​ចុះ​បន្តិច​ដែរ។ តែ​បើ​សិន​ជា​សាលា​រាជធានី​ភ្នំពេញ​យើង​រៀប​ចំ​ដាក់​ឲ្យ​មាន​ដំណើរ​ការ​ខ្សែ​រត់​បន្ថែម​ទៀត ដែល​មាន​លក្ខណៈ​ប្រសព្វ​ទៀត រឹត​តែ​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន...»

កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤ សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កម្ពុជា សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា ចៃកា (JICA) បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​រថយន្ត​ក្រុង ១០​គ្រឿង រត់​សាកល្បង​នៅ​តាម​មហាវិថី​ព្រះមុនីវង្ស។ ការ​សាកល្បង​នេះ ធ្វើ​ឡើង​ក្នុង​បំណង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ បាន​បន្ត​ទាំង​មោទនភាព​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ កំពុង​បូក​សរុប​លទ្ធផល​ដែល​បាន​ពី​ការ​សាកល្បង​រយៈពេល​ពេញ​មួយ​ខែ​នេះ ដើម្បី​វិភាគ និង​វាយ​តម្លៃ​លទ្ធផល​យក​ធ្វើ​ជា​អនុសាសន៍ សម្រាប់​ដាក់​ឲ្យ​ដំណើរ​ការ​គម្រោង​នេះ​ពេញលេញ​បន្ត ស្រប​ពេល​ដែល​អ្នក​ជំនាញ​សេដ្ឋកិច្ច​ទស្សន៍ទាយ​ថា គម្រោង​សាកល្បង​រថយន្ត​ក្រុង​នេះ មិន​អាច​ដំណើរ​ការ​បាន​ទេ។

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ចន្ធី ដែល​ឃ្លាំ​មើល​គម្រោង​សាកល្បង​រថយន្ត​ក្រុង​នេះ យល់​ឃើញ​ថា ទំនង​មិន​មាន​ក្រុមហ៊ុន​ណា​មក​វិនិយោគ​លើ​សេវា​រថយន្ត​ក្រុង​នេះ​បន្ត​ទេ ព្រោះ​របរ​នេះ​មើល​ទៅ​មិន​ឃើញ​មាន​ប្រាក់​ចំណេញ។ ម្យ៉ាង​វិញ​ទៀត ភ្នំពេញ​ឥឡូវ​សម្បូរ​ទៅ​ដោយ​សេវា​ដឹក​ជញ្ជូន​ច្រើន​ប្រភេទ ដែល​អ្នក​ធ្វើ​ដំណើរ​មាន​ជម្រើស​ច្រើន ដូច​ជា​រថយន្ត​តាក់ស៊ី​ទំនើបៗ និង​ផាសុកភាព មាន​ម៉ូតូ​ឌុប ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ជាដើម។

លោក​បាន​គណនា​លើ​ការ​ចំណាយ និង​ប្រាក់​ចំណូល ដោយ​ប្រៀបធៀប​តម្លៃ​ប្រេង​សាំង​ខ្ពស់​លើ​ទីផ្សារ​សព្វថ្ងៃ​ក្នុង​មួយ​លីត្រ​ថ្លៃ​ជាង ៥.០០០​រៀល និង​ថ្លៃ​បម្រុង​សម្រាប់​ចំណាយ​លើ​ការ​ជួសជុល​រថយន្ត ថ្លៃ​ចំណាយ​លើ​បុគ្គលិក​ជាដើម ប្រៀប​ទៅ​ប្រាក់​ចំណូល​តិច​បាន​មក​ពី​អ្នក​ដំណើរ​ម្នាក់​ត្រឹម​តែ ១.៥០០​រៀល​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ។ លោក​ថា គម្រោង​នេះ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​ណា​រដ្ឋាភិបាល​សុខ​ចិត្ត​ចេញ​ថ្លៃ​ខាត​ជំនួស​ក្រុមហ៊ុន៖ «បើ​សិន​ជា​អត់​មាន​បឋម​ទុន​ថ្លៃ​ប្រេង ដើម្បី​ឲ្យ​សេវា​ហ្នឹង​ដំណើរ​ការ ខ្ញុំ​ជឿ​ថា​មាន​ការ​លំបាក។ ធម្មតា អ្នក​រក​ស៊ី​ទាល់​តែ​ចំណេញ​បាន​គាត់​រក​ស៊ី ចុះ​បើ​អត់​បាន​ចំណេញ គាត់​ទៅ​ឈឺ​ក្បាល​វិល​មុខ​អី បើ​គាត់​មាន​លុយ​យក​ទៅ​ដាក់​ធនាគារ​វិញ ក៏​បាន​ការ​ប្រាក់​ដែរ ហើយ​ចុះ​គាត់​ទៅ​ឈឺ​ក្បាល​ធ្វើ​អី ព្រោះ​វា​អត់​បាន​ចំណេញ»

យ៉ាង​ណា លោក ឡុង ឌីម៉ង់ បង្ហើប​ថា គម្រោង​នេះ​នៅ​តែ​បន្ត​ទៅ​ទៀត ព្រោះ​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ទទួល​យក​វិនិយោគ​គម្រោង​នេះ​បន្ត។ ក៏ប៉ុន្តែ លោក​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​នោះ​ឲ្យ​ដឹង​ទេ។ លោក​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​បន្ត​ដំណើរ​ការ​គម្រោង​សេវា​រថយន្ត​ក្រុង​ពីរ​ខ្សែ​បន្ថែម​ទៀត ដែល​ចាប់​ផ្ដើម​ឆាប់ៗ​ក្នុង​ខែ​មីនា នេះ នៅ​តាម​វិថី​ម៉ៅសេទុង និង​វិថី​កម្ពុជា​ក្រោម តែ​លោក​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ចាប់​ផ្ដើម​ច្បាស់​លាស់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។