សាលារាជធានីភ្នំពេញ បានប្រកាសដាក់ឲ្យរថយន្តក្រុងរត់សាកល្បងជាលើកទី២ ក្នុងរយៈពេលមួយខែដូចលើកទីមួយដែរ ដើម្បីទាក់ទាញអតិថិជនឲ្យបានកាត់តែច្រើនឡើងថែមទៀត។ ក៏ប៉ុន្តែលើកនេះ សាលារាជធានីសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ចិន មួយឈ្មោះ គ្លបល (Global)។
ចំណែកគម្រោងសាកល្បងរយៈពេលមួយខែលើកទីមួយ គឺជាគម្រោងរបស់សាលារាជធានីភ្នំពេញ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា ចៃកា (JICA) ដែលចាប់ផ្ដើមកាលពីខែកុម្ភៈ រួចមក។ រដ្ឋាភិបាលរំពឹងថា ក្រុមហ៊ុនវិនិយោគលើរថយន្តក្រុងដឹកអ្នកដំណើរនេះ នឹងមានភាពរឹងមាំទៅអនាគត។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា ការសាកល្បងដាក់ឲ្យប្រើប្រាស់រថយន្តក្រុងដឹកអ្នកដំណើរជាលើកទីពីរនេះ បានចាប់ផ្ដើមពីថ្ងៃទី៥ មីនា នេះទៅហើយ ដែលការសាកល្បងនេះធ្វើលើផ្លូវដដែល និងមានបន្ថែមផ្លូវរត់ច្រើនទៀតចេញពីក្រុង។
ចំពោះសំណួរថា ហេតុអ្វីបានជាសាលារាជធានីមិនដាក់ឲ្យក្រុមហ៊ុនដទៃទៀត ចូលដេញថ្លៃដើម្បីអភិវឌ្ឍន៍លើរថយន្តក្រុងដឹកអ្នកដំណើរនេះ? លោក ឡុង ឌីម៉ង ឆ្លើយថា តាមច្បាប់ហិរញ្ញវត្ថុកម្ពុជា មិនបានតម្រូវឲ្យក្រុមហ៊ុនឯកជនដេញថ្លៃវិនិយោគលើវិស័យសេវាគមនាគមន៍សាធារណៈទេ។ ចំណែកការជ្រើសរើសយកក្រុមហ៊ុនចិន គ្លបល មួយនេះ លោកថា គឺដោយសារក្រុមហ៊ុននេះមិនបានទាមទារឲ្យរដ្ឋាភិបាលឧបត្ថម្ភទុនច្រើនពេក ដូចជាក្រុមហ៊ុន ៩ទៀតដែលកន្លងមកបានព្យាយាមវិនិយោគលើសេវារថយន្តក្រុងតែសុំនាំប្រេង និងទំនិញចូលរួចពន្ធជាដើម ដើម្បីកាត់កងថ្លៃខាតបង់។
កាលពីខែកុម្ភៈ កន្លងទៅ សាលារាជធានីភ្នំពេញ សហការឧបត្ថម្ភដោយចៃកា បានដាក់ឲ្យគម្រោងរថយន្តក្រុងរត់សាកល្បងរយៈពេលមួយខែដូចគ្នា ហើយទើបបញ្ចប់នៅថ្ងៃទី៤ មីនា ដែលសាលារាជធានីប្រកាសថា បានជោគជ័យ។ ការសាកល្បងលើកទីមួយដែលយកថ្លៃអ្នកដំណើរម្នាក់ ១.៥០០រៀល បានទាក់ទាញអ្នកដំណើរជាច្រើន ជាពិសេសសិស្សានុសិស្ស មន្ត្រីរាជការ មន្ត្រីអង្គការ និងប្រជាពលរដ្ឋមួយចំនួន។
មន្ត្រីទីភ្នាក់ងារចៃកា លោក ម៉ាសាតូ កូតូ (Masato KOTO) ឲ្យដឹងថា ចៃកា បានឧបត្ថម្ភផ្នែកទុនលើគម្រោងនេះ ដូចជាជួលរថយន្តក្រុងធុនតូចចំនួន ១០គ្រឿង ដែលរថយន្តក្រុងនីមួយៗបំពាក់ដោយម៉ាស៊ីនត្រជាក់ ចំណុះ ៣៥កៅអី មានទ្វារមួយ។ ទាក់ទងទៅនឹងតម្លៃទឹកប្រាក់ឧបត្ថម្ភគម្រោងរយៈពេលមួយខែកន្លងទៅ លោកបដិសេធ ដោយគ្រាន់តែប្រៀបធៀបប្រាក់ចំណាយនោះទៅនឹងតម្លៃទិញរថយន្តទំនើបមួយគ្រឿងប៉ុណ្ណោះ៖ «ពីព្រោះថា ប្រសិនជាខ្ញុំនិយាយពីតម្លៃប្រជាពលរដ្ឋជាច្រើននឹងយល់ខុស។ អ៊ីចឹងខ្ញុំគ្រាន់តែថា ប្រសិនបើអ្នកទិញរថយន្តម៉ាកឡិកស៊ិស (Lexus) គឺតម្លៃវាថោកជាងនេះ»។
លោក ម៉ាសាតូ កូតូ បញ្ជាក់ថា ចំពោះរឿងក្រុមហ៊ុនដេញថ្លៃ ឬមិនដេញថ្លៃដើម្បីទទួលវិនិយោគសេវាឡានក្រុងនេះបន្តពីចៃកា លោកថា មិនពាក់ព័ន្ធចៃកាទេ ព្រោះជាសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។ ទាក់ទងនឹងការទទួលខុសត្រូវក្នុងការឧបត្ថម្ភក្រុមហ៊ុនចិន ដែលចូលមករកស៊ីលើឡានក្រុងដឹកអ្នកដំណើរបន្តពីគម្រោងចៃកានេះ លោក ឡុង ឌីម៉ង់ អះអាងថា សាលារាជធានីនឹងអនុគ្រោះឲ្យក្រុមហ៊ុន គ្លបល អាចផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលផ្សេងៗ នៅលើតួរថយន្តក្រុងរបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ ដើម្បីប៉ះប៉ូវថ្លៃខាតបង់ទៅអនាគត ជំនួសការឧបត្ថម្ភជាថវិកាសុទ្ធ ឬជំនួសការអនុញ្ញាតឲ្យក្រុមហ៊ុននាំចូលទំនិញរួចពន្ធ មិនដូចដែលក្រុមហ៊ុនផ្សេងៗបានទាមទារកន្លងមកនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
