វិស័យ​​ឯកជន​ប្រតិកម្ម​ចំពោះ​​ភាព​ជាប់​គាំង​នយោបាយ

សកម្មភាព​សេដ្ឋកិច្ច​បាន​ដើរ​ស្រប​គ្នា​នឹង​​បញ្ហា​នយោបាយ។ ភាព​ជាប់​គាំង​នយោបាយ​បាន​ធ្វើ​ឲ្យ​សកម្មភាព​អ្នក​វិនិយោគ​ធំ​ជា​ច្រើន​នៅ​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ។ បច្ចុប្បន្ន​អ្នក​វិនិយោគ​និង​ពាណិជ្ជករ​​បាន​អះអាង​ថា នឹង​បន្ថយ​សកម្មភាព​របស់​ខ្លួន ប្រសិន​បើ​ស្ថានភាព​នេះ​អូស​បន្លាយ​​ពេល​យូរ ឬ​មិន​អាច​រក​ដំណោះ​ស្រាយ​បាន។

0:00 / 0:00

ស្ថានការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​​នៅ​ប្រទេស​កម្ពុជា បាន​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ជា​បន្ត​បន្ទាប់ ដែល​កើត​ចេញ​ពី​​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត។ បញ្ហា​ធំ​ចំនួន​ពីរ គឺ​ការ​ធ្វើ​បាតុកម្ម​​​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​​ និង​ពាណិជ្ជករ មាន​ការ​រារែក​ក្នុង​ការ​បណ្ដាក់​ទុន​បន្ថែម។

វិស័យ​ឯកជន​ទាំង​នោះ រួម​មាន​អ្នក​វិនិយោគ​លើ​វិស័យ​សំណង់ ពាណិជ្ជកម្ម​នាំ​ចេញ​​នាំ​ចូល​ទំនិញ និង​​សកម្មភាព​របស់​ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ដើម។

ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ ស្ថាប័ន​​ហិរញ្ញវត្ថុ​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​​ទូទាត់​ទៅ​នឹង​​ស្ថានភាព​ដក​ប្រាក់​និង​ដាក់​ប្រាក់​​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ​ប្រសិន​បើ​​វិបត្តិនយោបាយ និង​​​ការ​ទាម​ទា​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ មិន​អូស​បន្លាយ​រយៈ​ពេល​យូរ​នោះ។

លោក​បញ្ជាក់​ទៀត​​ថា​ អតិថិជន​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​​​គឺ​​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ​ និង​អ្នក​ដែល​ពឹង​លើ​វិស័យ​រោងចក្រ​ដើម្បី​​​ចិញ្ចឹម​ជីវិត​។ ការ​ដួល​រំលំ​វិស័យ​នេះ នឹង​ប៉ះពាល់​​​​​ធ្ងន់ធ្ងរ ដល់​ស្ថិរភាព​ស្ថាប័ន​ហិរញ្ញវត្ថុ និង​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​គ្រួសារ​ក្រីក្រ​នៅ​ជនបទ។

លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​ចូល​រួម​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​កំណើន​វិស័យ​​ស្ថាប័ន​ហិរញ្ញវត្ថុ​ គឺ​ការ​​ស្វែង​រក​ប្រភព​កម្ចី​សម្រាប់​ពង្រីក​​​លទ្ធភាព​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ច្រើន។ ផ្ទុយ​ទៅ​វិញ ស្ថានការណ៍​នយោបាយ​​នៅ​ក្រោយ​ការ​បោះ​ឆ្នោត បាន​ធ្វើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​​នៅ​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ​នឹង​លទ្ធភាព​ទទួល​បាន​​ប្រាក់​កម្ចី​ពី​បរទេស។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វាយ​តម្លៃ​អចលនទ្រព្យ​ ប៊ុណ្ណា រៀលធី លោក នួន ឫទ្ធី មាន​ប្រសាសន៍​ថា សកម្មភាព​ជួញ​ដូរ​វិស័យ​អចលនទ្រព្យ​ជា​ទួទៅ មិន​ទាន់​រង​ឥទ្ធិពល​ពី​ភាព​ជាប់​គាំង​នយោបាយ​ឡើយ។ ចំពោះ​​សកម្មភាព​អតិថិជន​ដែល​ទិញ​អចលនទ្រព្យ ហាក់​មាន​សភាព​នៅ​ទ្រឹង ដោយ​រង់ចាំ​ ភាព​ប្រសើរ​ឡើង​នៃ​​ស្ថានការណ៍​នយោបាយ។ លោក​បញ្ជាក់​​ទៀត​ថា វិស័យ​អចលនទ្រព្យ​ជា​វិស័យ​ដែល​ប៉ះពាល់​ក្រោយ​គេ នៅ​ពេល​​ដែល​​មាន​ភាព​វឹកវរ​ណា​មួយ​បាន​កើត​ឡើង។

លោក នួន ឫទ្ធី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​វិនិយោគ​របស់​​វិស័យ​អចលនទ្រព្យ​​លើ​​​លំនៅឋាន​ជា​​ផ្នែក​ដែល​​រង​ឥទ្ធិពល​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​ផ្នែក​បី​ផ្សេង​ទៀត​ ដូច​ជា រោងចក្រ កសិកម្ម និង​ ពាណិជ្ជកម្ម។

បន្ថែម​លើ​បញ្ហា​នេះ អ្នក​ពាក់ព័ន្ធ​ខាង​វិស័យ​ពាណិជ្ជកម្ម​​នៅ​កម្ពុជា​វិញ ក៏​បាន​អះអាង​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ បាន​ប៉ះពាល់​ដល់​សកម្មភាព​វិនិយោគ​គួរ​ឲ្យ​កត់​សម្គាល់។

អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​បាន​រំខាន​ដល់​ការ​​ធ្វើ​ពាណិជ្ជកម្ម​​នៅ​កម្ពុជា។ អ្នក​វិនិយោគ និង​ពាណិជ្ជករ មាន​វិធានការ​ផ្ទាល់​ខ្លួន​ ដើម្បី​ទប់ទល់​នឹង​ភាព​ចលាចល និង​បញ្ហា​នានា​ដែល​កើត​ចេញ​ពី​ស្ថានការណ៍​ក្រោយ​ការ​បោះ​ឆ្នោត។

លោក​ឧកញ៉ា ងួន ម៉េងតិច មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ហូរ​ចូល​អ្នក​វិនិយោគ​ពី​បរទេស​ហាក់​មាន​សភាព​នៅ​ទ្រឹង ដោយសារ​តែ​បរិយាកាស​ធ្វើ​អាជីវកម្ម និង​​អ្នក​វិនិយោគ​មិន​អំណោយ​ផល។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​នៅ​កម្ពុជា មិន​ដឹង​ច្បាស់​ថា តើ​ផល​ប៉ះពាល់​នៃ​ភាព​​ជាប់​គាំង​​ខាង​នយោបាយ​នៅ​​ក្រោយ​ការ​បោះ​ឆ្នោត មក​លើ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស និង​កំណើន​សេដ្ឋកិច្ច​មាន​ទំហំ​ប៉ុណ្ណា​នោះ​ទេ។

អ្នក​ឯកទេស​វិស័យ​សាធារណៈ និង​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក លី សូដេត បាន​អះអាង​ថា លោក​មិន​អាច​​ប៉ាន់ស្មាន​​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ ​នៅ​​ស្ថានការណ៍​ក្រោយ​ការ​បោះឆ្នោត​​​​មាន​ទំហំ​​ប៉ុណ្ណោះ​នោះ​ទេ។ បច្ចុប្បន្ន​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា សង្កេត​ឃើញ​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​មិន​មាន​សញ្ញា​អវិជ្ជមាន ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឡើយ ប៉ុន្តែ​ធនាគារ​ពិភពលោក​នឹង​សង្កេត​ត​ទៅ​ទៀត។

ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ថា​នៅ​តែ​មាន​​លក្ខណៈ​រឹងមាំ ដែល​មិន​ទាន់​រួម​បញ្ចូល​បញ្ហា​នយោបាយ គឺ​មាន​លទ្ធភាព​សម្រេច​បាន​នូវ​កំណើន​ស្មើ​នឹង ៧% នៅ​ក្នុង​ឆ្នាំ​២០១៤ ។ កម្ពុជា​ជា​ប្រទេស​ដែល​ផ្ដោត​លើ​ការ​នាំ​ចេញ ដែល​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា នាំ​មុខ​ដោយ​វិស័យ​កសិកម្ម ការ​នាំ​ចេញ​សំលៀក​បំពាក់ ព្រម​ទាំង​សកម្មភាព​សំណង់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។