ទឹក​ជ្រោះ​ប៊ូស្រា​នៅ​ខេត្ត​មណ្ឌលគិរី​ប្រឈម​នឹង​ការ​បាត់បង់​ភ្ញៀវ​ទេសចរ​ដោយសារ​ខ្វះ​ទឹក

0:00 / 0:00

តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា ក្នុង​ខេត្ត​មណ្ឌលគិរី បាន​ក្លាយ​ជា​តំបន់​គ្មាន​ទឹក​សម្រាប់​អ្នក​ទេសចរ​ងូត​កម្សាន្ត​នៅ​រដូវ​ចូល​ឆ្នាំ​កន្លង​ទៅ​នេះ។ អ្នក​ទេសចរ​ជាច្រើន សម្ដែង​ការ​ខក​ចិត្ត និង​នាំ​ក្រុម​គ្រួសារ​ចាក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​តំបន់​ផ្សេង​វិញ។ អ្នក​ខ្លះ​រិះគន់​ចំពោះ​ការ​គ្មាន​ទឹក​នៅ​តំបន់​កម្សាន្ត​ល្បី​ឈ្មោះ​មួយ​នេះ ដោយសារ​តែ​ពួក​គេ​ធ្វើ​ដំណើរ​មក​ពី​តំបន់​ឆ្ងាយ។

ការ​បិទ​ទឹក​អូរ​ធម្មជាតិ​ចំនួន​ពីរ​ជា​ប្រភព​ទឹក​ដើម​នៃ​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា ដើម្បី​បូម​ស្រោចស្រព​ដី​កសិកម្ម គឺ​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា ឆ្នាំ​នេះ​គ្មាន​ទឹក​សម្រាប់​អ្នក​ទេសចរ​មក​កម្សាន្ត។

តំបន់​អូរ​ប្លាយ និង​អូរ​ប៉ុល ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី បាន​ហូរ​ចាក់​ចូល​មក​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា ច្រើន​ជំនាន់​មក​ហើយ ខណៈ​តំបន់​នោះ​ឋិត​នៅ​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ព្រៃ​ឈើ និង​ការ​អភិរក្ស​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង។

តំណាង​សហគមន៍​ព្នង ឃុំ​ប៊ូស្រា លោក ក្រើង តុលា បន្ទោស​ទៅ​លើ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​ម្ចាស់​ចម្ការ​ម្រេច​ឯកជន ដែល​មាន​ដី​កសិកម្ម​ជាប់​អូរ​ប្លាយ និង​អូរ​ប៉ុល ថា​បាន​រាំង​ខ្ទប់​អូរ​យក​ទឹក​ស្រោចស្រព​ដំណាំ​ក្នុង​កសិដ្ឋាន ដែល​ធ្វើ​ឲ្យ​ប្រភព​ទឹក​អូរ​ដ៏​សំខាន់​គ្មាន​ទឹក​គ្រប់គ្រាន់​ហូរ​ចូល​មក​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍។ លោក​បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត តំបន់​ទឹក​ជ្រោះ​ប៊ូស្រា នឹង​បាត់​ឈ្មោះ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដូច​សម័យ​មុន ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​រាំង​ខ្ទប់​ទឹក ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​មន្ត្រី​ពាក់ព័ន្ធ​តំបន់​រមណីយដ្ឋាន៖ « អូរ​ប្លាយ ជិត​ដាច់​មែន​ទែន​ហើយ ផល​ប៉ះពាល់​ដោយសារ​ក្រុមហ៊ុន​វៀតណាម​ខាង​លើ និង​អ្នក​មាន​ដាំ​ម្រេច។ តាម​ការ​គិត​របស់​សហគមន៍ គាត់​បារម្ភ​ខ្លាច​បាត់បង់​តំបន់​ទេសចរណ៍​ធម្មជាតិ។ គាត់​តែង​បាតុកម្ម​តវ៉ា​ច្រើន​ដង​ពី​មុន »

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​តួលេខ​ជាក់លាក់​នៃ​ចំនួន​អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​មណ្ឌលគិរី រយៈពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា បាន​ទេ ដោយសារ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី បាន​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា។

យ៉ាង​នេះ​ក្តី អ្នក​ទេសចរ​មួយ​ចំនួន​អះអាង​ថា ពួក​គេ​បាន​នាំ​ក្រុម​គ្រួសារ​ចាក​ចេញ​ពី​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា ដោយ​សោកស្ដាយ និង​ខក​ចិត្ត​ដោយសារ​តំបន់​ទឹក​ជ្រោះ​ក្លាយ​ជា​វាល​ផ្ទាំង​ថ្ម។

អ្នក​ទេសចរ​មក​ពី​ខេត្ត​រតនគិរី លោក ប្រុង សុផាន់ណា កត់​សម្គាល់​ថា មាន​អ្នក​ទេសចរ​រាប់​រយ​នាក់​បាន​មក​ដល់​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា នា​ថ្ងៃ​ចូល​ឆ្នាំ ដោយ​រំពឹង​ថា តំបន់​ទឹក​ជ្រោះ​អាច​ងូត​លេង​ត្រជាក់​កាយ ខណៈ​ធាតុ​អាកាស​ឆ្នាំ​នេះ​ឡើង​កម្តៅ​រហូត​ជាង ៤០​អង្សា។ ជាក់ស្តែង​នៅ​បាត​ជ្រោះ​ធ្លាប់​មាន​ទឹក​ហូរ​ត្របាញ់ បែរ​ជា​នៅ​សល់​តែ​កូន​ប្រឡាយ​មាន​ទឹក​ហូរ​រឹមៗ​តែ​ប៉ុណ្ណោះ៖ « បំណង​ទៅ​លេង​ហ្នឹង គឺ​មើល​ទឹក​ជ្រោះ​ធ្លាក់​សប្បាយ​ត្រជាក់ ប៉ុន្តែ​សម្រាប់​ការ​ខក​ចិត្ត​វិញ គឺ​ខក​ចិត្ត​ទាំង​ស្រុង។ អនាគត​នឹង​បាត់បង់​ហើយ ដោយសារ​ទឹក​ជ្រោះ​ហ្នឹង​ពី​មុន​មក​ល្បីល្បាញ។ ឥឡូវ​បាត់បង់​ទេសភាព​អ៊ីចឹង »

ដូច​គ្នា​នេះ​ដែរ អ្នក​ទេសចរ​មក​ពី​ខេត្ត​បាត់ដំបង លោក គង់ យុទ្ធរិទ្ធ កត់​សម្គាល់​ដែរ​ថា ព្រៃ​ឈើ​នៅ​តាម​ដង​ផ្លូវ​ទៅ​កាន់​ទឹក​ជ្រោះ​ប៊ូស្រា ក៏​កំពុង​រង​ការ​កាប់​រាន​អស់​ស្ទើរ​គ្មាន​សល់។ ហេតុ​នេះ តំបន់​ទឹក​ជ្រោះ​ប៊ូស្រា អស់​មាន​សម្រស់​ព្រៃ​ឈើ​ត្រជាក់ត្រជុំ​ដូច​មុន​ហើយ។ លោក​ថា អ្នក​ទេសចរ​មួយ​ចំនួន​បាន​សម្រេច​ចាក​ចេញ​ទៅ​កម្សាន្ត​នៅ​តំបន់​ទឹក​ជ្រោះ​នា​ខេត្ត​រតនគិរី ឬ​ខេត្ត​ស្ទឹងត្រែង ដែល​នៅ​មាន​ប្រភព​ទឹក​ងូត​លេង​សប្បាយ៖ « និយាយ​តាម​ត្រង់​មាន​អារម្មណ៍​ដូច​ចាញ់​បោក​គេ​អត់​មាន​ទឹក​ជា​សំខាន់ ដី​ក៏​ហុយ ព្រៃ​កាប់​អស់​សង​ខាង​ផ្លូវ។​ធ្លាប់​ឃើញ​តាម​ឌីវីឌី អ៊ីនធឺណិត​មាន​ទឹក​ហូរ​មាន​ព្រៃ ដល់​ទៅ​ដល់​វា​ខុស។ មាន​អារម្មណ៍​ថា​ខក​ចិត្ត​ខំ​ជិះ​ពី​បាត់ដំបង ទៅ​ដល់​ហ្នឹង បែរ​ជា​អត់​អ្វី​មើល។ ទេសចរ​ប្រហែល​ពីរ​បី​រយ​នាក់​ទៅ​ដល់​ហើយ​មក​វិញ »

ទឹក​ជ្រោះ​ប៊ូស្រា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន ម្យូរ៉ា (Moyoura) តាំង​ពី​ឆ្នាំ​២០០៨។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​លក់​សំបុត្រ​ចូល​កម្សាន្ត​រមណីយដ្ឋាន​នេះ​តម្លៃ ១​ពាន់​រៀល​សម្រាប់​អ្នក​ទេសចរ​ក្នុង​ស្រុក​ម្នាក់ និង ៤​ពាន់​រៀល​សម្រាប់​អ្នក​ទេសចរ​បរទេស​ម្នាក់។ ដោយឡែក​រថយន្ត​ទេសចរណ៍​មួយ​គ្រឿង ត្រូវ​ទិញ​សំបុត្រ​តម្លៃ ៥​ពាន់​រៀល​ផ្សេង​ទៀត។

មេ​ឃុំ​ប៊ូស្រា លោក យើត សារីន ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​មិន​មាន​សិទ្ធិ​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​ដូច​មុន​ទេ។ ហេតុ​នេះ ទាក់ទិន​ទៅ​នឹង​បញ្ហា​ជ្រោះ​ខ្វះ​ទឹក អាជ្ញាធរ​មិន​បាន​ដឹង​មូលហេតុ​យ៉ាង​ណា​នោះ​ឡើយ។ លោក​ទទួល​ស្គាល់​ថា ការ​ប្រែប្រួល​អាកាសធាតុ​គ្មាន​ភ្លៀង​កក់​ខែ​នៅ​រដូវ​ប្រាំង ធ្វើ​ឲ្យ​តំបន់​អូរ​ប្លាយ និង​អូរ​ប៉ុល កាន់​តែ​រីង​អស់​ទឹក។ លើស​ពី​នេះ ការ​បូម​ទឹក​ស្រោចស្រព​ដំណាំ​របស់​កសិករ ក៏​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​ប្រភព​ទឹក​នៅ​តំបន់​ខាង​លើ​ទឹក​ជ្រោះ​ប៊ូស្រា កាន់​តែ​ខ្សត់​ទឹក។ ហេតុ​នេះ ទើប​ទឹក​ជ្រោះ​ប៊ូស្រា គ្មាន​ទឹក​ដូច​សម័យ​មុន។

ទឹក​ជ្រោះ​ប៊ូស្រា មាន​កម្ពស់​ពី​មាត់​ជ្រោះ​ខាង​លើ​ទៅ​ដល់​បាត​ជ្រោះ​ជាង ៤០​ម៉ែត្រ ទទឹង​មាត់​ជ្រោះ​ខាង​លើ​ប្រវែង ៣០​ម៉ែត្រ និង​ទទឹង​ផ្ទៃ​ខាង​ក្រោម​ជាង ១០​ម៉ែត្រ និង​មាន​ជម្រៅ​ទឹក​ជាង ២​ម៉ែត្រ​នៅ​រដូវ​ប្រាំង។

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ថ្លែង​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ គឺ​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ ដូចជា​ការ​កើន​ឡើង​កម្តៅ និង​គ្រោះ​រាំង​ស្ងួត។ លោក​ប៉ាន់​ប្រមាណ​ថា ប្រសិន​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​អភិរក្ស​ប្រភព​ទឹក​អូរ​ធម្មជាតិ​នៅ​តំបន់​ប៊ូស្រា បាន​ទេ​នោះ តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា នឹង​ក្លាយ​ជា​តំបន់​រហោឋាន មាន​តែ​ផ្ទាំង​ថ្ម​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ទេសចរ​បោះបង់​ឈប់​មក​កម្សាន្ត​នៅ​តំបន់​នោះ​នៅ​ថ្ងៃ​អនាគត៖ « អាជ្ញាធរ​ខេត្ត​ស្រុក​ហ្នឹង​ដែល​គាត់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កុំ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ​ឈើ បិទ​តំបន់​ផ្លូវ​ទឹក​ខាង​លើ​ទៅ​តំបន់​ទេសចរណ៍​នៅ​មាន​ទឹក។ បើ​សិន​អូរ​ប្លាយ​គ្មាន​ទឹក តំបន់​ទឹក​ជ្រោះ​ក៏​គ្មាន​ទឹក »

កាល​ពី​ទសវត្ស​ឆ្នាំ​១៩៧០ ទឹក​ជ្រោះ​ប៊ូស្រា ត្រូវ​បាន​កវី​និពន្ធ​ជា​បទ​ចម្រៀង​រៀបរាប់​សម្រស់​ព្រៃ​ភ្នំ​ធម្មជាតិ​ស្រស់​ត្រកាល មាន​ទឹក​ជ្រោះ​ថ្លាឈ្វេង និង​សំឡេង​ទឹក​ហូរ​ដូច​តន្ត្រី​ធម្មជាតិ។ បច្ចុប្បន្ន សម្រស់​ព្រៃ​ឈើ​នៃ​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា លែង​មាន​អត្ថន័យ​ដូច​បទ​ចម្រៀង​ទៀត​ហើយ ពីព្រោះ​តំបន់​នោះ​នៅ​សល់​តែ​ផ្ទាំង​ថ្ម និង​ប្រឡាយ​ទឹក​តូច​មួយ​ហូរ​កាត់​គួរ​ឲ្យ​សោកស្ដាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។