អាជីវករ និងពលរដ្ឋដែលមានបំណងទិញត្រីសម្រាប់ធ្វើប្រហុក ឬ ផ្អក បានបោះតង់ស្នាក់នៅ និងត្រៀមកន្លែងដាក់ត្រីប្រហុកនៅមាត់ទន្លេកំពង់ផែផ្សារក្រោម។ ប៉ុន្តែដោយសារត្រីមិនទាន់សំបូរខ្លាំង តម្លៃត្រីស្ថិតនៅចន្លោះពី ១.៤០០រៀល ទៅជាង ២.០០០រៀល ក្នុង១គីឡូក្រាមនៅឡើយ។
ក្រុមអាជីវករ និងពលរដ្ឋត្រៀមកន្លែងដាក់ត្រីប្រហុកដែលខ្លួននឹងទិញយកទៅលក់បន្ត ឬទុកហូបប្រចាំឆ្នាំ កើតមានមួយថ្ងៃក្រោយរដ្ឋបាលជលផលប្រកាសថា ក្នុងរដូវនេសាទឆ្នាំ២០១៥-២០១៦ នៅដងទន្លេសាបអាចរកត្រីបានច្រើនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែធ្នូ បើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។
អាជីវករម្នាក់មកពីខេត្តត្បូងឃ្មុំ ដែលកំពុងរៀបចំកន្លែងដាក់ត្រីដោយក្រាលកៅស៊ូតង់ផ្ទាល់ដី និងជីកបង្គោលប្រក់កៅស៊ូពីលើដើម្បីការពារទឹកភ្លៀង ឬកម្ដៅថ្ងៃ គឺលោក កង វឿន ឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ថា ប្ដីប្រពន្ធលោក និងអ្នកស្រុកពញាក្រែក ៥នាក់ផ្សេងទៀត បានមកដល់ខេត្តកំពង់ឆ្នាំង តាំងពីពីរថ្ងៃមុន ហើយទើបជួលដីរៀបចំកន្លែងដាក់ត្រី និងរង់ចាំទិញត្រីនៅមាត់ច្រាំងតាំងពីព្រឹក។
លោក កង វឿន៖ «គោលបំណងទិញត្រីធ្វើប្រហុកទៅលក់ក្នុងមួយនាក់ ៣តោន ឬ ៤តោន តាមត្រីត្រូវច្រើន ឬត្រូវតិច។ អ្នកនៅក្បែរខេត្តកំពង់ឆ្នាំង អត់ទាន់ឡើងមក ព្រោះត្រីអត់ទាន់ត្រូវ ទាល់តែត្រីត្រូវខ្លាំងបានគេឡើងមកទាំងឡានៗ។ … ព្រោះដឹងខែហ្នឹងខែត្រីត្រូវធ្លាប់មក»។
លោក កង វឿន បញ្ជាក់ថា លោកត្រៀមប្រាក់បីពាន់ដុល្លារទិញត្រីធ្វើប្រហុកនៅឆ្នាំនេះ ប៉ុន្តែលោកមិនដឹងថា ទិញបានប៉ុន្មានគីឡូក្រាមនោះទេ បើត្រីនៅថ្លៃ និងមិនសម្បូរដូចនេះ។ លោកនឹងរង់ចាំទិញត្រីរហូតដល់ថ្ងៃទី២៤ ខែធ្នូ ក្រែងមានត្រីច្រើន ហើយតម្លៃត្រីល្អិតមិនទាន់ធ្វើរួចនៅក្រោម ១ពាន់រៀល និងត្រីប្រហុកប្រភេទលេខ១ ធ្វើរួចអាចចុះនៅត្រឹម ២.៤០០រៀលក្នុង១គីឡូក្រាម លោកនឹងទិញ។
ចំណែកអាជីវករម្នាក់ទៀត គឺលោកស្រី ឈឹម ផល ប្រាប់ថា បើទោះបីជាត្រីឆ្នាំនេះថ្លៃ ឬថោកក៏គាត់នៅតែទិញ ដើម្បីធ្វើប្រហុក និងផ្អកទុកលក់តាមផ្សារនៅឆ្នាំក្រោយ។ លោកស្រីថា រយៈពេល ៦ឆ្នាំហើយដែលលោកស្រីមានមុខរបរលក់ប្រហុក ដោយមកទិញត្រីនៅកំពង់ផែផ្សារក្រោម យកទៅធ្វើ៖ «ដាក់លុយមកប្រុងទិញឲ្យបាន ៣តោន ដល់ត្រីថ្លៃទិញ ២តោនអីទៅ។ លក់តាមហ្នឹងទៅ លៃឲ្យចំណេញ។ ផ្អកជូរលក់បាន ៥ពាន់ ៨ពាន់ បើប្រហុកលក់បាន ៥ពាន់អីដែរ»។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សោម ភិរុណ មិនទាន់ហ៊ានអះអាងថា ត្រីនៅឆ្នាំនេះសម្បូរ ឬមិនសម្បូរកម្រិតណានោះទេ។ ប៉ុន្តែលោកថា បញ្ហាកម្រិតទឹកទន្លេទាបនៅឆ្នាំនេះ ត្រីមិនសូវធំធាត់ច្រើននោះទេ៖ «ខ្ញុំមើលជាក់ស្ដែង គឺថា ត្រីឆ្នាំនេះមិនសូវធំទេ ដោយសារត្រីខ្វះចំណី ខ្វះជម្រក ព្រោះទឹកអត់លិច ព្រៃលិចទឹក អ៊ីចឹងវានៅតែក្នុងទន្លេ វាអត់មានចំណីទេ ដល់អ៊ីចឹងវាធំទៅតាមយថាកម្មរបស់វា ដោយសារកត្តាទឹក»។
យ៉ាងណាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យជលផល និងអ្នកប្រកបមុខរបរនេសាទអះអាងថា ទិន្នផលត្រីសម្រាប់ធ្វើប្រហុក ឬផ្អកនៅឆ្នាំនេះ អាចមានការថយចុះច្រើន ព្រោះប្រជានេសាទដែលធ្លាប់ចាប់ត្រីបានចន្លោះពី ១៥ ទៅ ២០គីឡូក្រាមក្នុងមួយថ្ងៃ ធ្លាក់ចុះមកចន្លោះពី៥ ទៅ៨គីឡូក្រាមប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលនៃថ្ងៃត្រីត្រូវដូចគ្នានោះ។
ប្រជាពលរដ្ឋ ឬអាជីវករដែលមានបំណងធ្វើត្រីប្រហុក ឬផ្អក អាចមករកទិញនៅតាមកំពង់ផែផ្ទាល់។ ទីតាំងទាំងនោះមាននៅកំពង់ផែកំពង់ប្រាសាទ និងនៅកំពង់ផែកំពង់ត្រឡាចក្រោម នៃស្រុកកំពង់ត្រឡាច ឬអាចទៅកំពង់ផែផ្សារក្រោម ក្រុងកំពង់ឆ្នាំង និងនៅកំពង់ផែ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
