ក្រុមហ៊ុនទាំងនោះ បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធធានាសុវត្ថិភាពកម្មករ ហើយរដ្ឋាភិបាលរោងចក្រ និងតំណាងសហជីព ត្រូវស្វែងរកដំណោះស្រាយបញ្ហាប្រាក់ខែគោលឲ្យបានឆាប់។
ក្រុមហ៊ុនល្បីៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដូចជា ហ្គេប (Gap) អាឌីដាស់ (Adidas) ភូម៉ា (Puma) និង អេច្ឆ អែន អឹម (H&M) បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងរោងចក្រនិងសហជីព ត្រូវបន្តចរចាដោយស្មោះត្រង់ ដើម្បីដោះស្រាយបញ្ហាប្រាក់ខែគោល និងបញ្ឈប់ជាបន្ទាន់នៅរាល់អំពើហិង្សា ដើម្បីឲ្យកម្មករអាចចូលធ្វើការងារវិញ បានដោយគ្មានការភ័យខ្លាច។
ក្រុមហ៊ុនទាំងនោះក៏បានបង្ហាញការគាំទ្រចំពោះយន្តការស្វែងរកដំណោះស្រាយ កំណត់ប្រាក់ខែគោល គោរពទៅតាមលក្ខខណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយជម្លោះការងារ។ សេចក្ដីថ្លែងការណ៍ក៏បានប្រកាសប្រឆាំង ការប្រើប្រាស់អំពើហិង្សាទៅលើកម្មករ និងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធបង្ក្រាបលើកម្មករ។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា រដ្ឋាភិបាលនឹងអាចស្ដាប់សម្ពាធរបស់ក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ ដោយសារតែវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងអាចរកចំណូលបានច្រើនឲ្យប្រទេសកម្ពុជា។ លោកបន្តទៀតថា ការបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករនឹងអាចប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់នៅលើផ្សារអន្តរជាតិ ហើយប្រសិនបើអំពើហិង្សានៅតែបន្តកើតឡើងទៅលើកម្មករ ក្រុមហ៊ុនទាំងនោះនឹងអាចឈប់ធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារកម្ពុជា។
កាលពីថ្ងៃទី៣ មករា មន្ត្រីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលត្រូវគេជឿថា បានប្រើប្រាស់អាវុធគ្រាប់ពិតបាញ់ប្រហារទៅលើក្រុមកម្មករ បាតុកម្មទាមទារដំឡើងប្រាក់ខែគោលនៅលើផ្លូវវ៉េងស្រេង។ កម្មករ ៤នាក់ ប្រភពខ្លះថា ៥នាក់ បានស្លាប់ និងរងរបួសប្រមាណ ៤០នាក់ ព្រមទាំងចាប់ខ្លួនមួយចំនួនទៀត។
មន្ត្រីនាំពាក្យក្រុមហ៊ុនសំលៀកបំពាក់ អេច្ឆ អែន អឹម លោក អែនឌ្រា រូស (Andrea Roos) ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមហ៊ុនប្រឆាំងទៅនឹងការប្រើប្រាស់អំពើហិង្សាដោះស្រាយវិវាទការងារ ហើយសង្ឃឹមថា ជម្លោះការងារនឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗខាងមុខ តាមរយៈការចរចាដោយស្មោះត្រង់។
លោកបន្តថា ក្រុមហ៊ុនសំលៀកបំពាក់ អេច្ឆ អែន អឹម នឹងបន្តធ្វើពាណិជ្ជកម្មនៅកម្ពុជា។ ក្រុមហ៊ុននេះ ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចាប់ផ្តើមការចរចាឡើងវិញ ដើម្បីឈានទៅដល់ការព្រមព្រៀងគ្នាទៅវិញទៅមកមួយចំពោះជម្លោះការងារ។ លោកបន្តទៀតថា ភ្នាក់ងារក្រុមហ៊ុននៅកម្ពុជា កំពុងទាក់ទងមន្ត្រីសហជីព និងតំណាងរោងចក្រ ដើម្បីតាមដានស្ថានការណ៍ ជារៀងរាល់ថ្ងៃ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ការពារការបង្ក្រាបក្រុមកម្មករថា កងកម្លាំងប្រដាប់អាវុធបង្ក្រាបកុបករមិនមែនកម្មករទេ។
លោកបន្តថា ក្រោយការបង្ក្រាបកាលពីថ្ងៃទី២ និង ៣ មករា កម្មករបានត្រឡប់ទៅធ្វើការងារនៅតាមរោងចក្រវិញហើយ។ កាលពីថ្ងៃអង្ការ តំណាងរោងចក្រឲ្យដឹងថា កម្មករប្រមាណ ៦៥ ទៅ ៧០ភាគរយ បានចូលធ្វើការងារវិញ ក្រោយពេលកម្មករប្រមាណជិត ៤សែននាក់ បានគ្នាធ្វើបាតុកម្ម។ លោក ផៃ ស៊ីផាន បន្តថា រដ្ឋាភិបាលនឹងបន្តសម្របសម្រួលការពិភាក្សាការដំឡើងប្រាក់ខែគោលរវាងតំណាងរោងចក្រ និងសហជីពកម្មករ។
ទោះជាយ៉ាងណាក៏ដោយ សហព័ន្ធសហជីពអន្តរជាតិ (ITUC) ដែលមានមូលដ្ឋាននៅទីក្រុង ប៊្រូហ្សែល (Brussels) ក៏ស្នើឲ្យរដ្ឋាភិបាលដោះលែងកម្មករដែលត្រូវបានចាប់ខ្លួនជាបន្ទាន់ និងត្រូវនាំខ្លួនបុគ្គលដែលបានបាញ់សម្លាប់កម្មករមកផ្ដន្ទាទោស។ សេចក្ដីថ្លែងការណ៍សហព័ន្ធសហជីពអន្តរជាតិបន្តថា ភាគីរោងចក្របានផ្តល់ប្រាក់ខែគោលឲ្យកម្មករទាបជាងតម្រូវការ ដើម្បីអាចរស់នៅប្រចាំថ្ងៃបាននៅពេលដែលរោងចក្ររកបានប្រាក់ចំណូលរហូតទៅដល់ ៥ពាន់លានដុល្លារប្រចាំឆ្នាំពីក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ និងស្បែកជើង។ សេចក្ដីថ្លែងការណ៍ក៏បានថ្កោលទោសរោងចក្រដែលបានគំរាមកំហែងកម្មករ ដោយការគំរាមនឹងប្ដូរទីតាំងរោងចក្រទៅប្រទេសផ្សេង ហើយបានគាំទ្រសមត្ថកិច្ចប្រើប្រាស់អំពើហិង្សាបាញ់សម្លាប់កម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
