បុគ្គលិក​ក្រុមហ៊ុន​ទ្រូថាម​អាស៊ី​ព្រមាន​តវ៉ា​រៀង​រាល់​ថ្ងៃ​និង​ដាក់​ញត្តិ​ជូន​នាយក​រដ្ឋមន្ត្រី

0:00 / 0:00

បុគ្គលិក​ក្រុមហ៊ុន ទ្រូថាម​អាស៊ី (Truetime Asia) ដែល​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ខាង​មុខ​ការិយាល័យ​របស់​ខ្លួន​នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ស្ទើរ​ពេញ​មួយ​ថ្ងៃ​ទី​៣០ ខែ​តុលា មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ។

ស្រប​ពេល​នេះ ពួក​គេ​ព្រមាន​ធ្វើ​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ និង​នាំ​គ្នា​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​តំណាង​សហភាព​អឺរ៉ុប ទៀត ប្រសិន​បើ​ពួក​គេ​តវ៉ា​នៅ​នឹង​កន្លែង​ពុំ​មាន​ការ​ឆ្លើយ​តប ឬ​ដោះស្រាយ​យ៉ាង​ណា​នោះ។

បុគ្គលិក​ផលិត​ផ្ទាំង​រូបភាព​ឱ្យ​ក្រុមហ៊ុន ទ្រូថាម​អាស៊ី ប្រមាណ ១០០​នាក់ ចាប់​ផ្ដើម​តវ៉ា​ជា​ថ្មី​ទៀត​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ចំនួន​បី​នាក់ និង​ទាមទារ​ឲ្យ​ទទួល​យក​តំណាង​បុគ្គលិក​ចំនួន ៩​នាក់​ដែល​បាន​បញ្ឈប់​មក​ចូល​ធ្វើ​ការ​វិញ។

ក្រុម​អ្នក​តវ៉ា​អះអាង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា ក្រសួង​ការងារ និង​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​អស់​លទ្ធភាព​ដោះស្រាយ​វិវាទ​ការងារ​ពួក​គេ ហើយ​ការ​ស្រែក​តវ៉ា​ពេល​នេះ គឺ​ចង់​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូលៗ និង​ប្រមុខ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍។

តំណាង​បុគ្គលិក​ម្នាក់​ក្នុង​ចំណោម ៩​នាក់ ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់ គឺ​លោក ឡា ឈុន មាន​ប្រសាសន៍​ថា រូប​លោក និង​បុគ្គលិក​ជាច្រើន​ទៀត នឹង​បន្ត​ការ​តវ៉ា​រាល់​ថ្ងៃ ឬ​អាច​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី និង​តំណាង​សហភាព​អឺរ៉ុប។ លោក​បន្ត​ថា ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​ជម្នះ​ចង់​ទុក​អ្នក​គ្រប់គ្រង និង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​បី​នាក់ ដែល​ធ្លាប់​ប្រើ​ហិង្សា​លើ​បុគ្គលិក​នោះ គឺ​រូប​លោក និង​បុគ្គលិក​ជាង ១០០​នាក់ នឹង​ឈប់​ធ្វើ​ការ ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​តាម​ផ្លូវ​ច្បាប់៖ «ក្នុង​អំឡុង​ពេល​មាន​រឿង ក្រុមហ៊ុន​បែរ​ជា​យក​បុគ្គលិក​ចូល​ថ្មី​ទាំងអស់ ឥឡូវ​ចេញ​ពេញ​ហើយ សុទ្ធតែ​បុគ្គលិក​ថ្មី​ទាំងអស់ អ៊ីចឹង​សូម​ឲ្យ​ខាង​ភាគី​ពាក់ព័ន្ធ​ណា​មួយ​ជួយ​ពិចារណា​រឿង​ហ្នឹង​ផង។ ធ្វើ​ហ្នឹង​ខុស​ច្បាប់​ទៀត គេ​ហាម​ថា​មាន​បញ្ហា​ហាម​រើស​បុគ្គលិក​ចូល តែ​ក្រុមហ៊ុន​អត់​ស្ដាប់​នរណា​ទាំងអស់ ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ក៏​អត់​ស្ដាប់ ភាគី​ពាក់ព័ន្ធ​ក៏​អត់​ស្ដាប់ មិន​ដឹង​ស្ដាប់​ពី​ណា​គេ អ៊ីចឹង​ក្រុមហ៊ុន​វា​នៅ​លើ​ក្រសួង​ការងារ ទៀត»

ឆ្លើយ​តប​បញ្ហា​នេះ នាយក​គ្រប់គ្រង​ក្រុមហ៊ុន ទ្រូថាម​អាស៊ី ប្រចាំ​កម្ពុជា លោក ញ៉ែម សុភៈ បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ ប៉ុន្តែ​លោក​បង្ហើប​ថា ការ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​នៅ​លើ​បុគ្គលិក​ចំនួន ១២៨​នាក់ គឺ​ក្រុមហ៊ុន​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ។ តែ​ទោះ​យ៉ាង​ណា លោក​ស្វាគមន៍​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​តាម​ផ្លូវ​ច្បាប់ ហើយ​បើ​បុគ្គលិក​នៅ​តែ​បន្ត​ការ​តវ៉ា​ទៀត លោក​នឹង​សុំ​ឲ្យ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ ដើម្បី​ឱ្យ​ក្រុម​អ្នក​តវ៉ា​ចូល​ធ្វើ​ការងារ​វិញ។

ចំណែក​មន្ត្រី​ខណ្ឌ​ទំនប់ទឹក ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា អាជ្ញាធរ​បាន​ព្យាយាម​សម្រប​សម្រួល​ភាគី​ទាំង​សង​ខាង គឺ​ក្រុម​អ្នក​តវ៉ា និង​តំណាង​ក្រុមហ៊ុន។ អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​បុគ្គលិក​បញ្ឈប់​ការ​តវ៉ា ដោយ​ភាគី​ក្រុមហ៊ុន​សុខ​ចិត្ត​ទទួល​យក​ឲ្យ​ចូល​ធ្វើ​ការងារ​ឡើង​វិញ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​មិន​ព្រម ប្រសិន​បើ​ក្រុមហ៊ុន​មិន​ដក​តួនាទី​អ្នក​គ្រប់គ្រង​ទាំង​បី​នាក់​នោះ​ចេញ​ទេ។

បុគ្គលិក​ក្រុមហ៊ុន ទ្រូថាម​អាស៊ី នាំ​គ្នា​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់ ក្រោយ​ពី​អ្នក​គ្រប់គ្រង​ម្នាក់​ឈ្មោះ ញ៉ែម សុភៈ និង​មន្ត្រី​ជាន់​ខ្ពស់ ២​នាក់​ទៀត គឺ​លោក ញ៉ែម សុភា និង​លោក ទឹម ណារិន បាន​ព្រួត​គ្នា​វាយ​បុគ្គលិក​ឲ្យ​របួស​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។ បន្ទាប់​ពី​ហេតុការណ៍​នោះ ក្រុម​បុគ្គលិក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ ហើយ​បាន​បញ្ជូន​បន្ត​ទៅ​ដល់​ដៃ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

ក្រោយ​មក ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ចេញ​សេចក្ដី​បញ្ជា​មួយ ឲ្យ​អ្នក​តវ៉ា​ទាំងអស់​ត្រឡប់​ចូល​ធ្វើ​ការ​វិញ រង់ចាំ​រហូត​ដល់​នីតិវិធី​នៃ​អាជ្ញា​កណ្ដាល​ត្រូវ​បញ្ចប់​សព្វគ្រប់​តាម​នីតិវិធី​ច្បាប់។ ក្រុម​បុគ្គលិក បាន​ចូល​ធ្វើ​ការ​វិញ​តាម​បញ្ជា ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​នៅ​អំឡុង​ពេល​នៃ​ដំណើរ​ការ​នីតិវិធី​នោះ ទើប​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​និរាករណ៍​ចោល​សេចក្ដី​បញ្ជា​នោះ ហើយ​ក្រុម​បុគ្គលិក​ក៏​ចាប់​ផ្ដើម​តវ៉ា​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។