ប្រធានគណៈកម្មការទី៨ រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ ស្នើដល់នាយករដ្ឋមន្ត្រី ជួយសម្រួលនិងពន្លឿនដោះស្រាយការប្រាក់ របស់អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកា ដែលជំពាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ សំណើនោះសំអាងថា អ្នកផ្ទុកជំងឺទាំងនោះ កំពុងបាត់បង់កម្លាំងពលកម្ម និងបាក់ទឹកចិត្តពីការឆ្លងជំងឺ ដោយសារកំហុសគ្រប់គ្រងមិនដិតដល់របស់ក្រសួងសុខាភិបាល។
សំណើរបស់គណៈកម្មការទី៨រដ្ឋសភា ទៅលោកនាយករដ្ឋមន្ត្រីនេះធ្វើឡើងបន្ទាប់ពីសំណើដូចគ្នាត្រូវច្រានចោលដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ប្រធានគណៈកម្មការទី៨ រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា អ្នកស្រីបានដាក់លិខិតទៅប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី១២ ខែ មីនា ដោយស្នើអោយលោក នាយករដ្ឋមន្ត្រី ចាត់វិធានការជួយដល់អ្នកភូមិរកា ដែលកំពុងជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅពេលដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា ពុំមានលទ្ធភាពជួយពួកគេបាន។
អ្នកស្រី កែ សុវណ្ណរតន៍ បានដាក់សំណើមួយទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ កុម្ភៈ សុំអន្តរាគមន៍ដោះស្រាយបញ្ហាការប្រាក់ និងបំណុលដែលពលរដ្ឋឃុំរកា ជំពាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ តែកាលពីថ្ងៃទី៥ មីនា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឆ្លើយតបលិខិតទៅកាន់ប្រធានរដ្ឋសភា ថាបញ្ហាបំណុលរបស់អ្នកឃុំរកានោះ ហួសពីសមត្ថភាពរបស់ក្រសួងលោក។
តែអ្នកស្រី កែ សុវណ្ណរតន៍ បានស្នើដល់ស្ថាប័នរបស់រដ្ឋាភិបាលទាំងអស់ ជាពិសេសក្រសួងសុខាភិបាលតែម្ដង មិនត្រូវយករួចខ្លួនចំពោះស្ថានភាពជីវភាពរបស់ពលរដ្ឋនៅឃុំរកាឡើយ ព្រោះក្នុងសមាជិកគ្រួសារទាំងនោះ កំពុងបាត់បង់កម្លាំងពលកម្ម និងបាក់ទឹកចិត្តមិនអាចរកចំណូលមកផ្គត់ផ្គង់គ្រួសារបានទេ។
ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង២០០នាក់នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មាន៦៦គ្រួសារដែលជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ត្រូវបង់ការប្រាក់ប្រចាំខែ ហើយគ្រួសារដែលជំពាក់បំណុលគេនោះ គឺមានទំហំទឹកប្រាក់ចន្លោះពី៥០០ដុល្លារ ដល់៣ពាន់ដុល្លារ ដែលសរុបទឹកប្រាក់ទាំងអស់ជិត២០ម៉ឺនដុល្លារ។
ក្នុងពិធីបិទសន្និបាតរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការរាលដាលនៃការឆ្លងមេរោគអេដស៍ក្នុងឃុំរកា ជារឿងសោកសៅមួយ ហើយលោកបញ្ជាដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការឲ្យបានល្អិតល្អន់សម្រាប់មួយជំនាន់មនុស្ស ដើម្បីបង្ការកុំឲ្យមានការចម្លងទៅថ្ងៃមុខទៀត៖ «អ៊ីចឹងយើងត្រូវរៀបចំផែនការល្អិតល្អន់សម្រាប់តំបន់ភូមិរកានេះមួយ កុំឲ្យអេដស៍ដែលបានចម្លងនៅក្នុងភូមិរកា វាចម្លងទៅតំបន់ដទៃទៀត ឬក្នុងភូមិខ្លួនឯង។ ហើយរៀបចំឲ្យលម្អិតតែម្ដង មិនមែនគ្រាន់តែរៀបចំ ជាក្របខណ្ឌម៉ាក្រូទេ » ។
ចំណែកអ្នកវិភាគសេដ្ឋកិច្ច លោក ស្រី ចន្ធី បានហៅការស្នើសុំការអន្តរាគមន៍ពីរដ្ឋាភិបាល ជាការត្រឹមត្រូវ ព្រោះបញ្ហានៅឃុំរកា បណ្ដាលមកពីចន្លោះប្រហោងរបស់រដ្ឋាភិបាល នៃការគ្រប់គ្រងវិស័យសុខាភិបាលមិនបានល្អ។ យ៉ាងណាក៏ដោយ លោក ស្រី ចន្ធី បានផ្ដល់ជម្រើសពីរដល់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហានេះ ទី១រដ្ឋាភិបាលត្រូវចំណាយថវិកាជាតិដើម្បីសងទៅស្ថាប័នមីក្រូហិរញ្ញវត្ថុជំនួសពលរដ្ឋ ទី២ រដ្ឋាភិបាលអាចស្នើពន្យារពេលការសងដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬសហការជាមួយម្ចាស់ជំនួយដែលធ្វើការលើវិស័យនេះ សងតែប្រាក់ដើម បើសិនជាទំហំទឹកប្រាក់នោះតិចតួច។
តែលោកបន្តថា បើរដ្ឋាភិបាលមិនបានដោះស្រាយ តាមគោលការណ៍ទាំងពីរនោះ ឬអន្តរាគមន៍ផ្ទុយពីមូលដ្ឋានសង្គមទេ នឹងធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ទីផ្សារសេរីជាពុំខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
