បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ធ្វើ​កូដកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ខែ

0:00 / 0:00

សកម្មភាព​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​កម្មករ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ចេះ​តែ​មាន​ជា​បន្ត​បន្ទាប់ ជា​ពិសេស​កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ និង​ដេរ​ស្បែក​ជើង។ ឥឡូវ​នេះ ការ​ធ្វើ​កូដកម្ម​ដូច​គ្នា បាន​រាលដាល​ដល់​បុគ្គលិក​កម្មករ​ចាក់សាំង នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ទៀត។

បុគ្គលិក​អ្នក​ចាក់សាំង​ឱ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ កាល់តិច (Caltex) គ្រប់​ស្ថានីយ​នៅ​រាជធានី​ភ្នំពេញ ប្រមាណ ២ ទៅ ៣០០​នាក់ ក្នុង​ចំណោម ៥៣៥​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​ថ្ងៃ​ទី​១២ ឧសភា។

បុគ្គលិក​ធ្វើ​កូដកម្ម​មួយ​រូប​នៅ​ស្ថានីយ​បឹង​កេងកង លោក ជូ វណ្ណា ឱ្យ​ដឹង​ថា ការ​ធ្វើ​កូដកម្ម​នេះ គឺ​បន្ទាប់​ពី​ការ​ចរចា​រក​ប្រាក់​អត្ថប្រយោជន៍​របស់​បុគ្គលិក​ជា​មួយ​ក្រុមហ៊ុន​មិន​មាន​ដំណោះស្រាយ​សម​ស្រប៖ «ចរចា​សុំ​តាំង​ពី​ខែ​២។ ខែ​២ ដាក់​ទៅ​ក្រុមហ៊ុន ម្ដង​ឆ្លើយ​ថា​ឯ​ណេះ ម្ដង​ថា​ឯណោះ។ រង់ចាំ​តាំង​ពី​ខែ​២ រហូត​ដល់​ខែ​៣ គេ​ថា ចាំ​មើល​រដ្ឋាភិបាល។ រដ្ឋាភិបាល​ឱ្យ​ប៉ុន្មាន ក្រុមហ៊ុន​នឹង​ដាក់​ទៅ​ប៉ុណ្ណឹង។ ប៉ុន្តែ​ក្រុមហ៊ុន​អត់​បាន​គោរព​តាម​ពាក្យ​សន្យា​ទេ។ រដ្ឋាភិបាល​ដំឡើង​ខែ ១ ក្រុមហ៊ុន​ដំឡើង​ខែ ៤ តែ​ដំឡើង​ហ្នឹង​ខ្ញុំ​អត់​បាន​កំណត់​ថា​ពេញ​ចិត្ត​នឹង​យក​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​ដាក់​មក​ឱ្យ​យើង​ទទួល​យក»

លោក ជូ វណ្ណា បន្ត​ថា ក្រុមហ៊ុន​កាត់​ប្រាក់​ខែ​ទី​១៣ ឬ​ប្រាក់​រង្វាន់ តាំង​ពី​ឆ្នាំ​២០០៨ មក។

បុគ្គលិក​មួយ​រូប​ទៀត គឺ​លោក ឈួន សុភ័ណ្ណារ៉ា ថ្លែង​ថា ពួក​គាត់​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន​ដែល​ក្នុង​ចំណោម​នោះ ទាមទារ ៣​ចំណុច​សំខាន់ គឺ​ទី​មួយ ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ខែ​ដល់ ១៦០​ដុល្លារ ទី​ពីរ​ទាមទារ​ប្រាក់ខែ​បន្ថែម ១​ខែ​ក្នុង​មួយ​ឆ្នាំ និង​ទី​បី ទាមទារ​ប្រាក់​ជប់លៀង​ប្រចាំ​ឆ្នាំ ដែល​ធ្លាប់​មាន ហើយ​ត្រូវ​ក្រុមហ៊ុន​កាត់​វិញ ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក។

លោក សុភ័ណ្ណារ៉ា ឱ្យ​ដឹង​ថា ក្នុង​ពេល​តវ៉ា​នៅ​ពេល​ព្រឹក ប្រធាន​តំបន់​នៃ​ក្រុមហ៊ុន​កាល់តិច បាន​ជួប​ចរចា​ជាមួយ​ពួក​លោក ដើម្បី​ឱ្យ​ចូល​ធ្វើ​ការ​វិញ ក៏​ប៉ុន្តែ​ពួក​លោក​មិន​ព្រម៖ «គាត់​មក​ជួប​ពួក​ខ្ញុំ គាត់​ចង់​ឱ្យ​ពួក​ខ្ញុំ​បើក​លក់​វិញ។ គាត់​ថា ខាង​គេ គេ​ដឹង​ហើយ។ ខាង​ក្រុមហ៊ុន​ថា គេ​នឹង​ចាត់​វិធានការ។ ប៉ុន្តែ​ពួក​ខ្ញុំ​អត់​យល់ស្រប​ទេ ដោយសារ​បើ​សិន​ជា​ក្រុមហ៊ុន​គេ​យល់​ស្រប​គេ​ទទួល​សំណើ​ពួក​ខ្ញុំ គឺ​គួរ​តែ​ទៅ​ជួប​ខាង​តំណាង​របស់​ខ្ញុំ គឺ​ខាង​សហជីព។ មិន​មែន​មក​ជួប​ពួក​ខ្ញុំ​ថា ខាង​នេះ​យល់​ព្រម​ខាង​នោះ​យល់​ព្រម​ទេ។ ដល់​អ៊ីចឹង​ពួក​ខ្ញុំ​អត់​ជឿ​ទេ។ ទាល់​តែ​ខាង​សហជីព​ តំណាង​ពួក​ខ្ញុំ​គេ​ថា អូខេ គេ​ចរចា​ហើយ​ថា យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច បាន​ពួក​ខ្ញុំ​អូខេ​តាម​ហ្នឹង»

នៅ​ថ្ងៃ​ដដែល​នេះ សហភាព​សហជីព​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​គាំទ្រ​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ចាក់​សាំង​ក្រុមហ៊ុន​កាល់តិច។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា សហភាព​សហជីព​លោក​ចូល​រួម​លើក​ទឹក​ចិត្ត​បុគ្គលិក​ទាំង​នោះ ហើយ​ជំរុញ​ឱ្យ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី និង​បន្ត​រហូត​ដល់​មាន​ដំណោះស្រាយ។

លោក រ៉ុង ឈុន៖ «ខ្ញុំ​មាន​ជំនឿ​ជឿ​ជាក់​ថា នឹង​មាន​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ នេះ ហើយ​សុំ​ឱ្យ​ក្រុមហ៊ុន​កាល់តិច ហ្នឹង​ត្រូវ​ពិនិត្យ​ពិចារណា​ឡើង​វិញ ហើយ​នឹង​ផ្ដល់​ដំណោះស្រាយ ពី​ព្រោះ​ក្រុមហ៊ុន​កាល់តិច ជា​ក្រុមហ៊ុន​មួយ​មក​ពី​សហរដ្ឋ​អាមេរិក។ ដូច្នេះ​ហើយ ត្រូវ​តែ​ពិនិត្យ​មើល​លក្ខខណ្ឌ​ការងារ ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់​ការងារ ហើយ​គិត​គូរ​អំពី​ប្រាក់​ឈ្នួល​ឱ្យ​បាន​សមរម្យ។ យើង​គិត​ថា ការ​ទាមទារ ១៦០​ដុល្លារ​នេះ មិន​ជា​ហួសហេតុ​នោះ​ទេ បើ​គ្រាន់​តែ​ចង់​បាន​ការ​រស់​នៅ​មួយ​សមរម្យ​ថ្លៃថ្នូរ​ជា​មនុស្ស​តែ​ប៉ុណ្ណឹង»

ក្រុម​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​ឱ្យ​ដឹង​ថា ពួក​គាត់​បច្ចុប្បន្ន​បាន​ទទួល​ប្រាក់​ខែ​គោល​ចន្លោះ​ពី ១១០​ដុល្លារ ទៅ ១៣០​ដុល្លារ គឺ​តាម​តួនាទី​ជា​អ្នក​គិត​លុយ និង​អ្នក​ចាក់​សាំង។ ពួក​គាត់​បន្ត​ថា ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​ដូច្នេះ ក៏​ព្រោះ​ទំនិញ​ឡើង​ថ្លៃ។

ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម​នេះ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន​កាល់តិច នៅ​ភ្នំពេញ​មួយ​រូប គឺ​អ្នកស្រី ថាន ចាន់លេក ថ្លែង​ថា អ្នកស្រី​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​១២ ឧសភា។

តំណាង​សហព័ន្ធ​សហជីព​កម្មករ​ផ្នែក​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ក្រុមហ៊ុន​ព្យាយាម​ជួប​ចរចា​ជាមួយ​តំណាង​កម្មករ​ប្រចាំ​ក្រុមហ៊ុន ប៉ុន្តែ​កម្មករ​មិន​ព្រម ព្រោះ​ការ​ចរចា​នោះ​មិន​មានតំណាង​សហព័ន្ធ​​ចូល​រួម។ ក្រុម​បុគ្គលិក​កម្មករ ដែល​ធ្វើ​កូដកម្ម​ថ្លែង​ថា ពួក​គាត់​នឹង​បន្ត​ការ​ទាមទារ​នេះ​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ទើប​ឈប់។

ព័ត៌មាន​ចុង​ក្រោយ​ដែល​យើង​ទើប​ទទួល​បាន​តាម​រយៈ​​អ៊ីម៉េល​ឆ្លើយ​តប​របស់​អ្នក​ជំនាញ​ទំនាក់ទំនង​និង​សាខា​ក្រុមហ៊ុន ឈេហ្វរ៉ុន កម្ពុជា (Chevron Cambodia) ដែល​គ្រប់គ្រង​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច គឺ​អ្នកស្រី ថាន ចាន់លេក បាន​សរសេរ​ថា ក្រុមហ៊ុន ឈេហ្វរ៉ុន កំពុង​ធ្វើ​ការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​សហជីព ដើម្បី​ដោះស្រាយ​វិវាទ​ការងារ ដែល​បណ្ដាល​ឱ្យ​បិទ​សេវា កាល់តិច មួយ​ចំនួន​ជា​បណ្ដោះអាសន្ន។

អ៊ីម៉េល​សរសេរ​បន្ត​ថា ក្រុមហ៊ុន​ខក​ចិត្ត ពេល​ដែល​សហការី​សហជីព​នៅ​តាម​ស្ថានីយ ធ្វើ​សកម្មភាព​នាំ​គ្នា​ឈប់​ភ្លាមៗ យ៉ាង​គំហុក ជា​ជាង​ការ​ដោះស្រាយ​តាម​នីតិវិធី ដើម្បី​ឱ្យ​ក្រុមហ៊ុន​អាច​បន្ត​ផ្ដល់​ប្រេង​ឥន្ធនៈ និង​កាត់​បន្ថយ​ការ​លំបាក​ដល់​សាធារណជន។

ក្រុមហ៊ុន​រក្សា​អាទិភាព​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់ ដោយ​សុវត្ថិភាព និង​ប្រកប​ដោយ​ភាព​ស្រុះស្រួល​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។