អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានចាត់ចំណាត់ថ្នាក់វិស័យអប់រំកម្ពុជា ក្នុងកម្រិតទាបបំផុតក្នុងចំណោមប្រទេស ១៤៤លើពិភពលោក។
របាយការណ៍ស្ទង់ស្ទាបមតិស្ដីពីភាពប្រកួតប្រជែងនៃប្រទេសចំនួន ១៤៤ លើសកលលោក ធ្វើឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីសប្ដាហ៍មុនង្ហាញថា វិស័យអប់រំកម្រិតទាប ឬកម្រិតបឋមរបស់កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី១១៣ និងផ្នែកអប់រំកម្រិតខ្ពស់ខាងមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ ស្ថិតក្នុងចំណាត់ថ្នាក់១១១។
បើប្រៀបធៀបជាមួយប្រទេសជាសមាជិកអាស៊ាន (Asean) មួយចំនួន គឺកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ក្រោមគេទាំងអស់ លើកលែងតែភូមា ឬមីយ៉ាន់ម៉ា (Myanmar) មួយ ដែលបានចំណាត់ថ្នាក់ទី១៣៧។
ប្រទេសជាសមាជិកអាស៊ានមួយចំនួនត្រូវបានអង្គការវេទិកាសេដ្ឋកិច្ចពិភពលោកធ្វើការស្ទង់ស្ទាបមតិប្រចាំឆ្នាំ២០១៤-២០១៥ នេះ។
ប្រទេសទាំងនោះមាន សិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី (Indonesia) ហ្វីលីពីន (Philippine) ថៃ (Thailand) វៀតណាម (Vietnam) ឡាវ (Laos) ភូមា។
ដោយឡែកសិង្ហបុរី បានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមប្រទេសសមាជិកអាស៊ាន គឺស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសបានពិន្ទុខ្ពស់ជាងគេចំនួន ១០ លើពិភពលោក។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានទេ នៅល្ងាចថ្ងៃទី១១ កញ្ញា ដើម្បីសុំការឆ្លើយតបទៅនឹងរបាយការណ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
