ពលរដ្ឋ​នៅ​កំពត​ចោទ​អ្នក​នេសាទ​វៀតណាម​ថា​​ប៉ុនប៉ង​​ធ្វើ​ឃាត

ការ​បន្ត​ហូរ​ចូល​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នៅ​កម្ពុជា បាន​ក្លាយ​ជា​បន្ទុក​បន្ត​ចាក់ស្រេះ និង​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​សម្រាប់​គណបក្ស​នយោបាយ​យក​ទៅ​ប្រើប្រាស់​ដើម្បី​ទាញ​ការ​គាំទ្រ។

0:00 / 0:00

យ៉ាង​ណា​ក៏ដោយ និន្នាការ​នេះ​ត្រូវ​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ខ្លះ​ថា ប្រទេស​កម្ពុជា ហាក់​មាន​ការ​រើសអើង​ជាតិ​សាសន៍​ជាមួយ​ពលរដ្ឋ​វៀតណាម។ ប៉ុន្តែ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ និង​ទិដ្ឋភាព​នយោបាយ​បច្ចុប្បន្ន​វិញ ហាក់​ផ្ទុយ​ពី​នេះ ដោយ​ហេតុ​ថា ការ​តាំង​ទីលំនៅ​របស់​ជនអន្តោប្រវេសន៍​វៀតណាម ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​កំពុង​ដណ្ដើម​ទីផ្សារ​ការងារ រួម​ទាំង​ការងារ​នៅ​លើ​គោក និង​នៅ​ក្នុង​ការ​នេសាទ​នៅ​ក្នុង​សមុទ្រ​របស់​ពលរដ្ឋ​កម្ពុជា។

ពលរដ្ឋ៖ «ឥត​មាន​សិទ្ធិ​​អ្វី​រលីង​ខ្មែរ​យើង​រាល់​ថ្ងៃ​ហ្នឹង។ អ៊ីចឹង​បាន​ថា ខ្ញុំ​ឥតមាន​ស្រែ​មាន​ភ្លឺ​ទេ មាន​តែ​សមុទ្រ​ហ្នឹង​ហើយ​រក​ស៊ី។ ៣០​ឆ្នាំ​ជាង​ហើយ តាំង​ពី ១៩៧៩​មក​ជាង​ឆ្នាំ​ហើយ ខ្ញុំ​ឥត​មាន​ស្រែ​មាន​ភ្លឺ​ទេ មាន​តែ​សមុទ្រ ហើយ​ដល់​សមុទ្រ​អស់​លោក​អ្នក​ធំៗ​មិន​ជួយ​ការពារ...»

នេះ​ជា​ការ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ពលរដ្ឋ​កម្ពុជា ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​បាន​កើត​ឡើង​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មិន​បាន​សម្រេច​របស់​ជនជាតិ​វៀតណាម ចំពោះ​អ្វី​ដែល​អ្នក​នេសាទ​ខ្មែរ​ចាត់​ទុក​ថា វៀតណាម​បាន​រំលោភ​ចូល​ដែន​សមុទ្រ​របស់​កម្ពុជា ហើយ​ព្យាយាម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ថែម​ទៀត​នោះ។

ពលរដ្ឋ​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត លោក ម៉េង កន ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ថា វៀតណាម​បាន​ចូល​នេសាទ​ក្នុង​អធិបតេយ្យ​នៃ​ដែន​សមុទ្រ​របស់​កម្ពុជា ហើយ​ថែម​ទាំង​ប៉ុនប៉ង​ធ្វើ​ឃាត​​លោក​​ថែម​ទៀត។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៦ សីហា កន្លង​ទៅ ខណៈ​លោក​កំពុង​នេសាទ​ពេល​យប់ ភ្លាម​នោះ​ទូក​នេសាទ​របស់​វៀតណាម បាន​ចូល​នេសាទ​រំលោភ​ដែន​សមុទ្រ​មក​ក្នុង​ទឹកដី​របស់​កម្ពុជា។

លោក កន ដែល​មាន​មុខ​របរ​ជា​អ្នក​នេសាទ​នោះ និយាយ​ថា ក្រោយ​ពី​ចូល​នេសាទ​ក្នុង​សមុទ្រ​របស់​កម្ពុជា ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ហើយ​នោះ ជនជាតិ​វៀតណាម បាន​ព្យាយាម​ពន្លិច​ទូក​របស់​លោក និង​ព្យាយាម​សម្លាប់​រូប​លោក ប៉ុន្តែ​មិន​បាន​សម្រេច​ម្ដង​ជា​ពីរ​ដង៖ «ខ្ញុំ​ឥត​មាន​រឿង​អី​ផង ខ្ញុំ​កំពុង​តែ​អូសៗ​អ៊ីចឹង វា​មក​បុក​តែម្ដង។ វា​មក​បុក ខ្ញុំ​ក៏​ឃើញ​ផ្សែង​ខ្មៅ​មក​ពី​មុខ​មក ក៏​ខ្ញុំ​អត់​ដឹង​ថា វា​ចំ​ត្រង់​ណា​ដែរ ខ្ញុំ​កាត់​ខ្សែ​ឥត​ទាន់។ កាត់​ខ្សែ​រត់​ដែរ តែ​រត់​អត់​ទាន់ វា​បុក​យក បុក​ហើយ​រុញ​ពន្លិច​តែម្ដង។ ...ដល់​អ៊ីចឹង​វា​ហ្វា​ភ្លើង​មើល​ខ្ញុំ។ ហ្វា​ភ្លើង​មើល​ខ្ញុំ​រក​ឃើញ ខ្ញុំ​កំពុង​កាន់​ប៊ិន​មួយ ២​នាក់ ដល់​វា​ឃើញ ដល់​អ៊ីចឹង​វា​រត់​មក​សំពង​ខ្ញុំ​ពី​លើ។ ដល់​ខ្ញុំ​រុញ​ប៊ិន​ចេញ​ទៅ ដល់​ខ្ញុំ​ជ្រមុជ​ទឹក​បាត់​ទៅ ដល់​ពេល​អ៊ីចឹង​វា​មើល​ទៀត។ វា​ហ្វា​ភ្លើង​ឃើញ​ទៀត ដល់​ឃើញ​វា​រត់​ទូក​ទៅ​ទៀត»

ដូច​គ្នា​នេះ លោក អ៊ុង ម៉េង ឲ្យ​ដឹង​ថា លោក​ក៏​ធ្លាប់​មាន​ប្រវត្តិ​ត្រូវ​ជនជាតិ​វៀតណាម ដែល​នេសាទ​ឆ្លង​ចូល​ដែន​សមុទ្រ​របស់​កម្ពុជា ធ្វើ​ឃាត​ដែរ។ ស្ថិត​ក្នុង​វ័យ ៥០​ឆ្នាំ លោក ម៉េង បន្ត​ថា អ្វី​ដែល​ជា​សោកស្ដាយ គឺ​នៅ​ពេល​លោក​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​សកម្មភាព​របស់​អ្នក​នេសាទ​វៀតណាម ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​របស់​កម្ពុជា ច្រានចោល និង​ជំរុញ​ឲ្យ​ប្រគល់​សម្ភារៈ​នេសាទ​ដែល​ចាប់​បាន​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​វិញ។

លោក​បន្ត​ថា៖ «អ្នក​ធំៗ អ្នក​ខ្មែរ​ហ្នឹង​ធានាៗ គឺ​យក​ទៅ​វិញ​ហើយ ឥត​ឲ្យ​ប៉ះពាល់​ប្រជាជន​គេ​ទេ។របស់​របរ​របស់​គេ​ឲ្យ​យក​ទៅ​វិញ​ទាំង​អស់ ខ្មែរ​យើង​ជា​អ្នក​ដោះស្រាយ​ឲ្យ។ ប៉ូលិស​ជើង​ទឹក​តែម្ដង មេ​ប៉ូលិស​ជើង​ទឹក​ហ្នឹង​ជា​អ្នក​ដោះស្រាយ​ឲ្យ ជលផល មេ​ប៉ូលិស​ជើង​ទឹក​ហ្នឹង អ្នក​ដោះស្រាយ​យក​ឥវ៉ាន់​គេ​ទៅ​វិញ​អស់ ហើយ​ដល់​ខ្មែរ​យើង​រងគ្រោះ អា​នេះ​បាន​ថា កន្លែង​ប៉ុស្តិ៍​វិទ្យុ​កំពត​នេះ គេ​វ៉ៃ​ខ្ញុំ​អ៊ីចឹង​ហើយ មាន​របួស យក​ស្លាកស្នាម ម្រាម​ដៃ​ខ្ញុំ​ទៅ​ហើយ ស្អែក​ឡើង​ចាក់​ផ្សាយ​ថា ខ្មែរ​យើង​ទៅ​ប្លន់​គេ​បាន​ជា​គេ​វ៉ៃ។ អ៊ីចឹង​បាន​ថា ខ្ញុំ​ចង់​ខ្លាច​តែម្ដង អ្នក​យក​ព័ត៌មាន​ហ្នឹង ចង់​ខ្លាច​ខ្មែរ។ ឥត​មាន​ជួយ​ប្រជាជន​ខ្មែរ គិត​ជួយ​ពី​ខាង​គេ​ទាំង​អស់»

ពលរដ្ឋ​កម្ពុជា ដែល​មាន​របរ​នេសាទ​ក្នុង​ខេត្ត​កំពត នៅ​តាម​សមុទ្រ​ចាត់​ទុក​ថា អ្នក​នេសាទ​ជន​ជាតិ​វៀតណាម បាន​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចូល​មក​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា ហើយ​អ្វី​ដែល​ជា​ការ​កត់សំគាល់ ពលរដ្ឋ​គិត​ថា នោះ​ព្រោះ​តែ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ ជា​ពិសេស​រដ្ឋបាល​ជលផល​ខេត្ត​កំពត ហាក់​មាន​ភាព​ធូររលុង​សម្រាប់​អ្នក​នេសាទ​វៀតណាម ប៉ុន្តែ​បាន​រឹត​បន្តឹង​សម្រាប់​ពលរដ្ឋ​កម្ពុជា។

ពលរដ្ឋ​បន្ត​ថា៖ «បើ​យួន​ចូល​មក អូស​ទៅ​ដល់​បង្គោល​សារាយ បង្គោល​ផ្ទះ ដែល​ប៉ូលិស​ហ្នឹង ក៏​ប៉ូលិស​ឥត​មាន​ធ្វើ​ដឹង​ធ្វើ​ឮ​ដែរ។ ឥត​មាន​មុខ​របរ​អី​រក​ស៊ី មាន​តែ​សមុទ្រ​ហ្នឹង​មួយ​ទេ ហើយ​ដល់​ពេល​សមុទ្រ​រក​ស៊ី​ឥត​បាន​ទេ គឺ​ចប់​ហើយ។ វា​ដុនដាប​ខ្លាំង​ពេក ឥឡូវ​ប្រជាជន​វា​យ៉ាប់ ៥-៦ ឆ្នាំ​ហ្នឹង​គឺ​ដុនដាប​ខ្លាំង​មែន​ទែន ហើយ​បើ​សមត្ថកិច្ច​ខាង​ណា​មក​ក៏​គេ​ថា គេ​ខ្លាំង​ដែរ ចុង​បញ្ចប់​គ្មាន​បាន​កំណើត​អី​មួយ​ទេ...»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​​តំបន់​មក​ពី​អង្គការ​លីកាដូ (Licadho) ហៅ​ភាព​អសកម្ម​ក្នុង​ការ​អនុវត្ត​ច្បាប់​នេះ​ថា ទំនង​ជា​មាន​អំពើ​ពុក​រលួយ។

លោក យន់ ផល្លី អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កំពត ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​គួរ​ពង្រឹង​ច្បាប់​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ដើម្បី​ប្រាកដ​ថា អំពើ​ពុករលួយ​ត្រូវ​កាត់​បន្ថយ។ លោក​គិត​ថា វា​ជា​មធ្យោបាយ​ងាយ​ស្រួល​ក្នុង​ការ​កាត់បន្ថយ​លើ​ផ្នែក​នេះ នោះ​គ្រាន់​តែ​ពង្រឹង​ការ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និង​វៀតណាម។

លោក​បន្ត​ថា៖ «ទាក់ទិន​ក្នុង​ករណី​នេះ ខាង​អាជ្ញាធរ​គួរ​តែ​ពង្រឹង និង​មាន​វិធានការ​ចំពោះ​ជនជាតិ​វៀតណាម​ហ្នឹង ដែល​បាន​នេសាទ​ខុស​ច្បាប់។ អ៊ីចឹង​យើង​ត្រូវ​មាន​ការ​ទប់ស្កាត់ ឬ​ក៏​បង្ក្រាប ឬក៏​ធ្វើ​ការ​ទាក់ទង​ប្រទេស​ក្នុង​នាម​ជា​អ្នក​ជិត​ខាង ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆ្លង​នេសាទ​ខុស​ច្បាប់ ដែន​សមុទ្រ​ខុស​ច្បាប់»

ចំណែក​មន្ត្រី​របស់​រដ្ឋាភិបាល​សំខាន់ៗ ទទួល​បន្ទុក​រដ្ឋបាល​ជលផល មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​ទូរស័ព្ទ​ចូល រួច​ព្យាយាម​កាត់​​ផ្ដាច់​ទៅ​វិញ នៅ​ពេល​លើក​សំណួរ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេសាទ​នេះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ មន្ត្រី​រដ្ឋបាល​ជលផល​របស់​កម្ពុជា ត្រូវ​បាន​ជនជាតិ​វៀតណាម បាញ់​សម្លាប់ ខណៈ​កំពុង​ល្បាត​នៅ​តាម​ដែន​សមុទ្រ​ក្នុង​អធិបតេយ្យ​របស់​កម្ពុជា។ លើស​ពី​នេះ​ទៀត ទូក​នេសាទ​របស់​ពលរដ្ឋ​ខ្មែរ​ត្រូវ​ជន​ជាតិ​វៀតណាម ពន្លិច និង​គំរាម​សម្លាប់​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

បើ​ទោះ​ជា​បែប​ណា ពលរដ្ឋ​ដែល​មាន​របរ​ជា​អ្នក​នេសាទ​នៅ​ក្នុង​សមុទ្រ​អះអាង​ថា នេះ​ពុំ​មែន​ទើប​តែ​លើក​​ទី​មួយ​ឡើយ​ដែល​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​តែង​ច្រាន​ចោល​សំណើ​សុំ​កិច្ច​អន្តរាគមន៍​របស់​ពួក​គេ។ ក្នុង​ន័យ​នេះ ប្រជាពលរដ្ឋ​ថ្លែង​ថា អ្វី​ដែល​ស្នើ​ឡើង​ដើម្បី​ឲ្យ​ជួយ​រក​ដំណោះស្រាយ​នោះ តែង​ត្រូវ​បាន​បដិសេធ​ជា​ដរាប៖ «មិន​មែន​កាន់​ជើង​ទេ ខ្លាច​មិន​ហ៊ាន​ធ្វើ​អី​គេ។ មិន​ខ្លាច​ទេ ដក​មេ​ចេញ ...ដក​ចេញ​រឹត​តែ​ខ្លាំង​ទៀត ដល់​ឡើង​តំណែង​ឡើង​រឹត​តែ​ខ្ពស់​ទៀត។ អ្នក​ទូក​នេសាទ​នាំគ្នា​ចាប់​​អា ៣០ ហើយ​អា ៤០ ហ្នឹង...»

យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​ដែល​ប្រកប​របប​នេសាទ​នៅ​តាម​សមុទ្រ ចង់​ឃើញ​​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ជាង​អ្វី​ដែល​ត្រូវ​គេ​រក​ឃើញ​ថា មន្ត្រី​ជំនាញ​ហាក់​មាន​ភាព​ធូររលុង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។