របាយការណ៍ថ្មីមួយដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារអភិវឌ្ឍដាណឺម៉ាក និងអង្គការអុកស្វាម (Oxfam) បានបង្ហាញថា ការធ្លាក់ចុះធនធានត្រីនេះ បណ្ដាលមកពីកំណើនប្រជាជន និងការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ។ កត្តាទាំងពីរនឹងធ្វើឲ្យស្ថានភាពអសន្តិសុខស្បៀងនៅកម្ពុជា ឲ្យកាន់តែអាក្រក់នៅពេលអនាគត។
អសន្តិសុខស្បៀងជាបញ្ហាសំខាន់ដែលស្ថាប័នអភិវឌ្ឍនានា និងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដោយសារតែបញ្ហានេះវាជះឥទ្ធិពលអាក្រក់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់ថា ប្រជាពលរដ្ឋម្នាក់មានសន្តិសុខស្បៀងបាន លុះត្រាតែគាត់ត្រូវបរិភោគអាហារជាមធ្យមប្រមាណ ២.១០០កាឡូរីក្នុងមួយថ្ងៃ។ បន្ថែមលើនេះ សន្តិសុខស្បៀងកំណត់ដោយកត្តាពីរផ្សេងទៀត ដូចជាភាពមានស្បៀងប្រើប្រាស់ពេញមួយឆ្នាំ និងសុវត្ថិភាពស្បៀងជាដើម។
បើផ្អែកលើនិយមន័យនេះ ប្រទេសកម្ពុជាហាក់មានស្បៀងប្រើប្រាស់គ្រប់គ្រាន់ ដែលអាចផលិតស្រូវសល់ពីតម្រូវការ ៤លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋភាគច្រើនមិនអាចរកស្បៀងដែលសល់នោះមកប្រើប្រាស់គ្រប់គ្រាន់បានឡើយ។ ប៉ុន្តែក្នុងចំណោមប្រជាពលរដ្ឋដែលអាចរកស្បៀងមកប្រើប្រាស់បាននោះ ក៏មិនទាន់ចាត់ទុកថា មានសន្តិសុខស្បៀងដែរ។ កត្តានេះបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា បរិភោគចំណីអាហារច្រើន ប៉ុន្តែមិនទទួលកាឡូរីខ្ពស់ ដោយសារតែធនធានដែលផ្ដល់អត្ថប្រយោជន៍ច្រើន ដូចជាត្រីសាច់នោះបានបាត់បង់។
ការស្រាវជ្រាវដោយស្ថាប័នអភិវឌ្ឍរបស់អង្គការអុកស្វាម និងទីភ្នាក់ងារអភិវឌ្ឍដាណឺម៉ាក បានបង្ហាញថា ប្រទេសកម្ពុជាប្រឈមនឹងអសន្តិសុខស្បៀងកាន់តែខ្លាំងនៅពេលអនាគត ដោយសារតែបាត់បង់ធនធានជលផលដែលជាប្រភពធនធានសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា រួចចាកផុតពីបញ្ហាអសន្តិសុខស្បៀង។
ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ មានតម្រូវការបរិភោគត្រីប្រចាំឆ្នាំជាមធ្យមរបស់មានកម្រិតខ្ពស់ជាងគេលើពិភពលោក។ ប្រជាពលរដ្ឋប្រមាណ ៧៥% ពឹងលើធនធានត្រីជាប្រភពផ្ដល់ប្រូតេអ៊ីនរបស់ពួកគេ ដែលធ្វើប្រជាពលរដ្ឋទាំងនោះក្លាយជាគ្រួសារដែលមានសុវត្ថិភាពស្បៀងបាន។
មន្ត្រីទំនាក់ទំនងប្រចាំតំបន់នៃអង្គការអុកស្វាមអាមេរិក លោក ស៊ាង សុលក្ខណ៍ មានប្រសាសន៍ថា ស្ថាប័ននេះមានគម្រោងជាច្រើនដែលជួយបង្កើតស្បៀងប្រើប្រាស់គ្រប់គ្រាន់ ស្របពេលដែលប្រជាពលរដ្ឋប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងនៅពេលបច្ចុប្បន្ន។
ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ម៉ឺនគ្រួសារបានទទួលផលពីគម្រោងដែលផ្ដល់ហិរញ្ញប្បទានដោយអង្គការអុកស្វាម។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនផលិតមិនអាចសល់ពីតម្រូវការឡើយរៀងរាល់ឆ្នាំ ដែលកត្តានេះងាយនឹងធ្វើពួកគាត់ធ្លាក់ចុះនៅក្នុងគ្រួសារដែលប្រឈមនឹងអសន្តិសុខស្បៀង។
លោក ស៊ាង សុលក្ខណ៍ មានប្រសាសន៍បន្ថែមទៀតថា អង្គការអុកស្វាម មានគម្រោងជាច្រើនដែលឧបត្ថម្ភថវិកាប្រទេសអភិវឌ្ឍជាច្រើននៅលើពិភពលោក ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនៅកម្ពុជា។
ទោះបីជាមានគម្រោងគាំទ្រដើម្បីលើកស្ទួយបញ្ហាអសន្តិសុខស្បៀងទាំងនេះក្ដី ប៉ុន្តែការរកឃើញរបស់អង្គការជាច្រើនបានបង្ហាញថា បញ្ហាអសន្តិសុខស្បៀងនេះ បណ្ដាលមកពីការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់ទន្លេមេគង្គ ដែលជាមូលហេតុចម្បងធ្វើឲ្យចំនួនប្រជាពលរដ្ឋរងគ្រោះពីភាពអត់ស្បៀងច្រើននៅប្រទេសកម្ពុជា។
របាយការណ៍សិក្សាពីផលប៉ះពាល់នៃកាអភិវឌ្ឍទំនប់វារីអគ្គិសនីដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារអភិវឌ្ឍរបស់ប្រទេសដាណឺម៉ាក និងអង្គការអុកស្វាម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍទំនប់វារីអគ្គិសនីបានជះឥទ្ធិពលអាក្រក់ដល់សន្តិសុខស្បៀង និងសុខភាពរបស់ប្រជាពលរដ្ឋនៅតំបន់ទន្លេមេគង្គដែលពួកគាត់ពឹងលើធនធានត្រីដើម្បីរស់នៅ។
របាយការណ៍ដដែលបានរកឃើញថា ការសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងទន្លេស្រែពក បានធ្វើឲ្យធនធានជលផលថយចុះប្រមាណ ១០%។
ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្ដារនិងអភិវឌ្ឍវិស័យកសិកម្មនិងជនបទនៃទីស្ដីការគណៈរដ្ឋមន្ត្រី ទទួលបន្ទុកសន្តិសុខស្បៀង លោក ស្រុន ដារិទ្ធិ មានប្រសាសន៍ថា គ្រួសារនៅជនបទមួយពិតជាមិនអាចផលិតស្បៀងដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់ខ្លួនឡើយ។ ប៉ុន្តែលោកបញ្ជាក់ថា អសន្តិសុខស្បៀងអាចបណ្ដាលមកពីការថយចុះធនធានត្រី ប៉ុន្តែការថយចុះធនធានទាំងនេះ មិនមែនមកពីទំនប់វារីអគ្គិសនីទាំងស្រុងដែរ។
លោក ស្រុន ដារិទ្ធិ មានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមតំបន់ទន្លេមេគង្គ តែងមានការសិក្សាអំពីផលប៉ះពាល់ និងផលចំណេញពីគម្រោងនោះ។ ដើម្បីឲ្យប្រទេសជឿនលឿនបានលុះត្រាតែមានការអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍត្រូវធានាឲ្យមានតុល្យភាពរវាងការអភិរក្ស។
របាយការណ៍សិក្សាពីផលប៉ះពាល់នៃកាអភិវឌ្ឍទំនប់វារីអគ្គិសនី បានបង្ហាញថា ការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតាមតំបន់ទន្លេមេគង្គ និងកំណើនប្រជាជនបានប៉ះពាល់ខ្លាំងដល់សន្តិសុខស្បៀង ចំណីអាហារនិងសុខភាព។ នៅក្នុងបរិបទនេះ ថ្នាក់ដឹកនាំទាំងអស់នៅតាមតំបន់ទន្លេមេគង្គ ត្រូវធ្វើការរួមគ្នា ដើម្បីបញ្ច្រាសបញ្ហាទាំងអស់នេះមុនពេលដែលវាកាន់តែអាក្រក់ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
