របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០១៦ របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា បញ្ជាក់ថា កម្ពុជាមានអត្រាកំណើនខ្ពស់បំផុតនៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ក្នុងឆ្នាំ២០១៥ បើប្រៀបធៀបកាលពីឆ្នាំ១៩៩០។ កម្ពុជាបានធ្វើឲ្យប្រសើរឡើងលើវិស័យសុខាភិបាល ការអប់រំ និងស្តង់ដារនៃការរស់នៅរបស់ប្រជាជន ប៉ុន្តែបន្តមានបញ្ហាអវិជ្ជមានមួយចំនួន។
អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបញ្ជាក់ថា រវាងឆ្នាំ១៩៩០ និងឆ្នាំ២០១៥ អត្រាកំណើនប្រចាំឆ្នាំជាមធ្យមនៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជា ស្មើនឹង ១,៨៤% ខ្ពស់ជាងអត្រាកំណើនជាមធ្យមក្នុងតំបន់អាស៊ី និងអាស៊ីបូព៌ាដែលបច្ចុប្បន្នស្មើនឹង ១,៣៥%។ ជាលទ្ធផល កម្ពុជាក្លាយជាប្រទេសទី៧ ដែលមានអត្រាកំណើននៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សលឿនបំផុតក្នុងសកលលោក។
យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០១៥ លំដាប់សន្ទស្សន៍របស់ប្រទេសកម្ពុជា ឈរនៅលំដាប់ថ្នាក់ ១៤៣ ក្នុងចំណោម ១៨៨ប្រទេស ពោលគឺនៅទាបជាងប្រទេសជិតខាង រួមមានប្រទេសឡាវ ទី១៣៨ និងប្រទេសវៀតណាម ទី១១៥ ដែលស្ថិតក្នុងក្រុមប្រទេសអភិវឌ្ឍន៍មនុស្សកម្រិតមធ្យម។ ដោយឡែកប្រទេសថៃ ស្ថិតក្នុងលំដាប់ថ្នាក់ទី៨៧ ពោលគឺក្នុងចំណោមក្រុមប្រទេសអភិវឌ្ឍន៍មនុស្សកម្រិតខ្ពស់។
របាយការណ៍សង្កត់ធ្ងន់ថា បើទោះជាមានកំណើនគួរឲ្យកត់សម្គាល់បែបនេះក៏ដោយ កម្ពុជានៅតែប្រឈមនឹងការលំបាកនានា នៃការកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅឡើយ ហើយថា កម្ពុជាត្រូវធានាថា ការអភិវឌ្ឍមនុស្សត្រូវបានចែកចាយដោយសមធម៌ ហើយត្រូវតែមានការគិតគូរអំពីស្ត្រីផងដែរ។

សម្រាប់អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត មាស នី លោកថ្លែងទទួលស្គាល់ថា របាយការណ៍នេះពិតជាឆ្លុះបញ្ចាំងការពិតនៃការអភិវឌ្ឍមនុស្សនៅកម្ពុជា ពីទស្សវត្សរ៍១៩៩០ ក្នុងចំណុចទាបបំផុតមកទល់នឹងបច្ចុប្បន្ននេះមែន។ ក៏ប៉ុន្តែលោកថា កម្ពុជានៅជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក្នុងកិច្ចការអភិវឌ្ឍន៍មនុស្សនេះ តួយ៉ាងដូចជា សម្រាប់វិស័យអប់រំ កម្ពុជាផលិតធនធានមនុស្សបានច្រើនត្រឹមតែចំនួន តែខ្វះគុណភាព មានការកើនឡើងខ្ពស់ចំនួនក្មេងបោះបង់ចោលសាលារៀន បញ្ហាចំណាកស្រុក និងការធ្វើការងារខុសជំនាញជាដើម។ ដោយឡែកសម្រាប់វិស័យសុខាភិបាល សេវាកម្មសុខភាពនៅតែមានតម្លៃខ្ពស់ដែលប្រជាពលរដ្ឋក្រីក្រ ពិបាកនឹងទទួលបានសេវាកម្មនេះ ហើយថាពលរដ្ឋនៅតែមានកង្វះទំនុកចិត្តលើប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា នៅឡើយ តាមរយៈការជ្រើសរើសទៅព្យាបាលសុខភាពនៅក្រៅប្រទេសជាដើម។ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ លោកបណ្ឌិត មាស នី បញ្ជាក់ថា ពលរដ្ឋនៅតាមតំបន់ជនបទនៅជំពាក់បំណុលខ្ពស់គួរឲ្យព្រួយបារម្ភនៅឡើយ។ កត្តានេះបង្ហាញថា ជីវភាពរបស់ពួកគេតាមតំបន់ជនបទកំពុងប្រឈមនឹងការលំបាក។
ក្រៅពីនេះ លោកបណ្ឌិត មាស នី សង្កត់ធ្ងន់ថា កម្ពុជានៅមានគម្លាតឆ្ងាយរវាងអ្នកមាន និងអ្នកក្រ៖ «បើយើងមើលទៅ រឿងនេះគឺយើងនៅមានភាពខ្វះខាតច្រើនមែនទែន។ ឥឡូវនេះវាហាក់ដូចជាគម្លាតរវាងអ្នកមាន និងអ្នកក្រមិនបានថមថយទេ។ វាដូចជាឃ្លាតគ្នាកាន់តែខ្លាំងទៅៗ ហើយអ្នកក្រទោះបីជារស់នៅក្រោមបន្ទាត់ក្រីក្របានថយជិត ៥០% មកនៅសល់ត្រឹម ១៩ ឬ ២០ភាគរយក៏ដោយ ប៉ុន្តែយើងឃើញថា ពលរដ្ឋខ្មែរប្រមាណជាជាង ៥០% ឬក៏ ៦០% អត់ទាន់បានដើរទៅណាឆ្ងាយពីលើបន្ទាត់ក្រីក្រនោះទេ បានន័យថា នៅក្បែរៗបន្ទាត់ក្រីក្រហ្នឹង...។ អ៊ីចឹងភាពងាយរងគ្រោះហ្នឹងគឺងាយណាស់ ងាយនឹងធ្លាក់មកក្រោមបន្ទាត់វិញ»។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មិនបានបដិសេធចំពោះបញ្ហាគម្លាត ឬអតុល្យភាពរវាងអ្នកក្រ និងអ្នកមាននៅកម្ពុជា នេះទេ។ លោកក៏បានថ្លែងទទួលស្គាល់ផងដែរពីបញ្ហាប្រឈមនានាដែលកម្ពុជា កំពុងជួបប្រទះក្នុងកិច្ចការអភិវឌ្ឍន៍មនុស្ស រួមមានក្នុងវិស័យអប់រំ និងសុខាភិបាលជាដើម។

លោក សុខ ឥសាន៖ «មានគម្លាតគ្នារវាងអ្នកក្រ និងអ្នកមាន វាពិតជាមានក្នុងសង្គមណាក៏ដូចសង្គមណា វាមិនបានដូចម្រាមដៃដែលយើងអភិវឌ្ឍឲ្យបានស្មើរៗគ្នាទេ។ បើស្មើគ្នាគេថា កុម្មុយនិស្តទៀតហើយ។ អាហ្នឹងចែកគ្នារស់។ ការដែលយើងប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស មិនមែនចែកគ្នារស់ទេ គឺប្រជែងគ្នាដើម្បីរស់។ ប្រឡងប្រណាំងគ្នា ដណ្តើមគ្នារស់ ដែលជាចរិតនៃរបបប្រជាធិបតេយ្យសេរី»។
យ៉ាងណាក៏ដោយ នាយកប្រចាំប្រទេសកម្ពុជា របស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លោក Nick Beresford បានថ្លែងអបអរចំពោះកំណើនដែលកម្ពុជា សម្រេចបាន ប៉ុន្តែលោកថា លោកនឹងបន្តសម្លឹងមើលវិធីជាយុទ្ធសាស្ត្រនៅពេលខាងមុខ ក្នុងការដោះស្រាយការប្រឈមនានាដែលនៅសេសសល់ ដែលរារាំងការអភិវឌ្ឍមនុស្សនៅកម្ពុជា។ លោកបន្តថា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ចំណុចសំខាន់គឺត្រូវប្រាកដថា គ្មានពលរដ្ឋណាម្នាក់នឹងត្រូវបានគេបោះបង់ចោលឡើយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់ធ្វើឲ្យប្រាកដថា ក្នុងបណ្តាឆ្នាំខាងមុខនេះ ប្រជាជនកម្ពុជា កាន់តែច្រើនឡើង បានឃើញការប្រែប្រួលសំខាន់ៗចំពោះសុខុមាលភាពរបស់ខ្លួន ហើយការអភិវឌ្ឍមនុស្ស ពិតជាសម្រាប់មនុស្សគ្រប់គ្នា»។
របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០១៦ កំណត់និយមន័យថា ការអភិវឌ្ឍមនុស្សគឺសំដៅលើអ្វីៗទាំងអស់ពាក់ព័ន្ធនឹងសេរីភាពរបស់មនុស្ស ពោលគឺសេរីភាពក្នុងការសម្រេចបានសក្ដានុពលពេញលេញនៅក្នុងជីវិតមនុស្សម្នាក់ៗ មិនមែនសម្រាប់តែក្រុមមនុស្សខ្លះ ឬបុគ្គលមួយចំនួននោះឡើយ ប៉ុន្តែសម្រាប់គ្រប់ជីវិតមនុស្សទាំងអស់។ ដើម្បីធានាបាននូវការអភិវឌ្ឍមនុស្សសម្រាប់គ្រប់គ្នា របាយការណ៍គូសបញ្ជាក់ថា ដោយគ្រាន់តែកំណត់ស្ថានភាពអត្តសញ្ញាណ និងមូលហេតុដែលបណ្ដាលឲ្យមានទុរគតភាពនៃក្រុមមនុស្សដែលត្រូវបានគេបោះបង់ចោលក្នុងសង្គម គឺមិនគ្រប់គ្រាន់ឡើយ។ ទិដ្ឋភាពសំខាន់ៗដទៃទៀតនៃការអភិវឌ្ឍមនុស្សដែលរដ្ឋាភិបាលនានា ចាំបាច់ត្រូវយកមកគិតគូរជាចម្បងដើម្បីដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍មនុស្ស រួមមាន បញ្ហាសិទ្ធិ និងសន្តិសុខមនុស្ស សំឡេង និងស្វ័យភាពបុគ្គល សមត្តភាពធ្វើការរួមគ្នា និងភាពអាស្រ័យគ្នាទៅវិញទៅមកនៃជម្រើសបុគ្គលម្នាក់ៗ។ ដូចគ្នានេះដែរ រដ្ឋាភិបាលត្រូវគិតគូរផ្តោតលើគុណភាពជាជាងបរិមាណនៃការអភិវឌ្ឍមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
