កម្ពុជា​នឹង​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ភូមា​ក្នុង​ការ​នាំ​អង្ករ​ចេញ

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា អាច​ប្រឈម​នឹង​ការ​បាត់​បង់​ចំណែក​ទីផ្សារ​អង្ករ​នៅ​លើ​ពិភពលោក។ ការ​បាត់​​ចំណែក​ទីផ្សារ​នោះ ដោយសារ​តែ​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា ដែល​មាន​សមត្ថភាព​ផលិត​ស្រូវ​ខ្ពស់​បាន​ហក់​ចូល​​ទៅ​ទីផ្សារ​ពិភពលោក​​​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ប្រទេស​នេះ បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​អន្តរជាតិ​​ប្រមាណ ៥០​ឆ្នាំ​មក​ហើយ​នោះ។

0:00 / 0:00

បច្ចុប្បន្ន​ ការ​នាំ​ចេញ​​អង្ករ​របស់​មីយ៉ាន់ម៉ា បាន​ទទួល​ការ​អនុគ្រោះ​ច្រើន​ពី​ប្រទេស​បញ្ជា​ទិញ​អង្ករ​លើ​ពិភពលោក​ ដោយសារ​ប្រទេស​​នេះ បាន​ធ្វើ​កំណែ​ទម្រង់​ស្ថានភាព​សេដ្ឋកិច្ច​និង​នយោបាយ។

នៅ​ពេល​ដែល​​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា កំពុង​កើន​ឡើង​​ អ្នក​ជំនាញ​ខាង​ផ្នែក​ស្រូវ​អង្ករ​បាន​អះអាង​ថា អង្ករ​កម្ពុជា នឹង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​ជាមួយ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ កាល​ពី​ខែ​​មិថុនា ឆ្នាំ​២០១៣​ សហគមន៍​អឺរ៉ុប បាន​យល់​ព្រម​ឡើង​វិញ អនុញ្ញាត​ឲ្យ​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង​ពី​ដោយ​​អនុគ្រោះ​ពន្ធគយ។ ការ​លើក​លែង​ពន្ធ​ដោយ​សារ​ប្រទេស​ភូមា បាន​ធ្វើ​កំណែទម្រង់​នយោបាយ​ និង​សេដ្ឋកិច្ច​ដែល​កំពុង​​អនុវត្តន៍​នៅ​ក្នុង​ប្រទេស​នោះ។ ការ​ផ្លាស់ប្ដូរ​នេះ នឹង​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​នានា​របស់​វិស័យ​កែច្នៃ​អង្ករ​របស់​ភូមា ដែល​មាន​សមត្ថភាព​ផលិត​អង្ករ​ខ្ពស់​នៅ​លើ​ពិភពលោក។

ការ​​ហក់​ចូល​ក្នុង​ទីផ្សារ​អង្ករ​ពិភពលោក​របស់​ភូមា នឹង​ធ្វើ​ឲ្យ​អ្នក​នាំ​ចេញ​អង្ករ​របស់​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ។ ការ​ព្រួយ​បារម្ភ​នោះ មិន​ត្រឹម​​តែ​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទីផ្សារ​ដទៃ​ទៀត ដូច​ជា​ទីផ្សារ​អង្ករ​​អាស៊ាន​​ដែរ។

របាយការណ៍​ត្រួត​ពិនិត្យ​អង្ករ​ពិភពលោក​របស់​​អង្គការ​​ចំណី​អាហារ និង​កសិកម្ម​របស់​ សហប្រជាជាតិ ដែល​កាត់​ថា អ្វេស.អេ.អូ (FAO) បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា មាន​សមត្ថភាព​ផលិត​ស្រូវ​ប្រមាណ ៩​លាន​តោន ក្នុង​នោះ​អង្ករ​សល់​ពី​តម្រូវការ​មាន​ប្រមាណ​ជិត ២​លាន​តោន។ ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា វិញ មាន​សមត្ថភាព​ផលិត​ស្រូវ​ ៣២​លាន​តោន​ ហើយ​​តាម​ការ​ប៉ាន់​ស្មាន​ អង្ករ​សល់​ពី​តម្រូវ​ការ​របស់​ប្រទេស​នេះ មាន​ប្រមាណ ៦​លាន​តោន។

ប្រទេស​ភូមា ធ្លាប់​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក​កាល​ពី ៥០​ឆ្នាំ​មុន។ ការ​បាត់​បង់​តំណែង​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ពិភពលោក ដោយសារ​ភូមា បាន​ប្រកាន់​យក​របប​កុម្មុយនិស្ត និង​ផ្ដាច់​ទំនាក់​ទំនង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។

ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ខ្មែរ ហ្វូត (Khmer Food) លោក​ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​ថា ការ​ហក់​ចូល​របស់​ប្រទេស​ភូមា ក្នុង​នាម​​ជា​​ប្រទេស​អ្នក​ផលិត​អង្ករ បាន​ធ្វើ​អ្នក​នាំ​ចេញ​​អង្ករ​កម្ពុជា មាន​ការ​ព្រួយ​បារម្ភ។ ការ​ព្រួយ​បារម្ភ​នោះ ដោយសារ​ការ​លក់​អង្ករ​របស់​ភូមា មាន​តម្លៃ​ថោក​ជាង​អង្ករ​កម្ពុជា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អង្ករ​កម្ពុជា នៅ​តែ​មាន​ភាព​ប្រជែង​​ខ្ពស់​ជាង​ភូមា ដោយសារ​អង្ករ​កម្ពុជា​ មាន​គុណភាព​ល្អ​ជាង។

លោក​ឧកញ៉ា គឹម សាវុធ៖ «ដោយសារ​ខ្ញុំ​បាន​ទាក់ទង​ក្រុមហ៊ុន​ភូមា​ទៅ តម្លៃ​គាត់​ថោក​មែន ប៉ុន្តែ​គុណភាព​គាត់​ដែល​យើង​ហៅ​ថា Specification គុណភាព​អន់ មាន​ន័យ​ថា អង្ករ​ហ្នឹង​វា​មាន​គ្រាប់​លឿង គ្រាប់​ស គ្រាប់​ខ្មៅ​អី​ច្រើន​នៅ​ក្នុង​អង្ករ​ធម្មតា។ អ៊ីចឹង​ខ្ញុំ​គិត​ថា តម្លៃ​តែ​មួយ​មុខ វា​អត់​ទាន់​គ្រប់​គ្រាន់​សម្រាប់​អ្នក​ទិញ​ទេ វា​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​រួម​ផ្សំ​ដែល​ហៅ​ថា Specification ដែល​ជា​របាំង​មិន​មែន​ពន្ធគយ»

លោក​ឧកញ៉ា គឹម សាវុធ​ មាន​ប្រសាសន៍​ថា នៅ​ពេល​អនាគត ការ​នាំ​ចេញ​អង្ករ​​របស់​ភូមា នឹង​ឡើង​ថ្លៃ​ដោយ​សារ​តែ​ថ្លៃ​ផលិតកម្ម​មាន​តម្លៃ​ខ្ពស់។ ចំពោះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​វិញ ក៏​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​ដែល​កើត​មាន ដូច​ជា​តម្លៃ​អគ្គិសនី និង​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​​ជា​ដើម។បន្ថែម​លើ​នេះ អ្នក​នាំ​ចេញ​អង្ករ និង​​រដ្ឋាភិបាល ត្រូវ​មាន​វិធានការ​​សម​ស្រប​មួយ សម្រាប់​ដណ្ដើម​យក​ចំណែក​ទីផ្សារ​អង្ករ​នៅ​លើ​ពិភពលោក នៅ​ពេល​ដែល​សហគមន៍​​​មិន​បន្ត​លើក​លែង​ពន្ធ​អង្ករ​របស់​កម្ពុជា​នោះ។

ប្រធាន​ក្រុមហ៊ុន អែមរុ រៃស៍ (Amru Rice Cambodia) លោក សុង សារ៉ន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​អង្ករ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​អង្ករ​នៅ​សហគមន៍​អឺរ៉ុប ដើម្បី​ពង្រីក​ចំណែក​ទីផ្សារ​របស់​អង្ករ​កម្ពុជា។ ស្ថានភាព​នៃ​ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​សហភាព​អឺរ៉ុប កម្ពុជា​នៅ​តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ជា​អង្ករ​ភូមា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​អនាគត ការ​នាំ​អង្ករ​​របស់​ភូមា នឹង​​ធ្វើ​ឲ្យ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា ព្រួយ​បារម្ភ។

លោក សុង សារ៉ន៖ «អ៊ីចឹង​រយៈ​ពេល​ខ្លី យើង​មិន​បារម្ភ តែ​​យើង​បារម្ភ​រយៈ​ពេល​វែង។ យើង​​បារម្ភ​ដែរ ដោយសារ ភូមា គឺ​ជា​ប្រទេស​ដែល​មាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម ដោយសារ​តែ​ផែ​គេ​វា​ស្រួល​ជាង​យើង ហេដ្ឋារចនាសម្ព័ន្ធ​ ដូច​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​អំណោយ​ផល​ជាង​យើង។ ដូច្នេះ​រយៈពេល​វែង យើង​ប្រឈម​នឹង​ភូមា»

លោក សុង សារ៉ន មាន​ប្រសាសន៍​បន្ថែម​ថា ដើម្បី​លើក​កម្ពស់​ផលិតភាព​ប្រកួត​ប្រជែង​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា នៅ​លើ​ទីផ្សារ​ពិភពលោក​ គឺ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​រថភ្លើង ការ​ពង្រីក​កំពង់ផែ និង​ចំនួន​ឡាន​ដឹក​​អង្ករ​មាន​តិច​​ជា​ដើម។

អ្នក​វិភាគ​កសិកម្ម​និង​ជា​ប្រធាន​ស្ដីទី​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា សម្រាប់​រយៈ​ពេល​​ពីរ​​បី​ឆ្នាំ​ខាង​មុខ​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ជាង​អង្ករ​របស់​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ព្រោះ​បច្ចេកវិទ្យា និង​មូលដ្ឋាន​កែច្នៃ​អង្ករ​របស់​ប្រទេស​ភូមា នៅ​មាន​អភិវឌ្ឍន៍​តិច​តួច​នៅ​ឡើយ។ បន្ថែម​លើ​នេះ អ្នក​បញ្ចា​ទិញ​អង្ករ​នៅ​លើ​ពិភពលោក​ មិន​ទាន់​ស្គាល់​អង្ករ​របស់​​​ភូមា នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ក្រៅ​ពី​បញ្ហា​ទាក់​ទង​នឹង​ផលិតកម្ម​កែច្នៃ​អង្ករ​នេះ ប្រទេស​ភូមា​ក៏​ប្រឈម​នឹង​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ និង​ផ្នែក​ដឹក​ជញ្ជូន​ជា​ដើម៖ «ហើយ​បើ​និយាយ​ពី​មូលដ្ឋាន​​ផលិតកម្ម ក្រៅ​ពី​បច្ចេកវិទ្យា យើង​និយាយ​ហើយ​ថា រចនាសម្ព័ន្ធ​ក៏​នៅ​មាន​កម្រិត​ដែរ ផ្នែក​ផ្លូវ ផ្នែក​ដឹក​ជញ្ជូន និង​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​ដើម។ នៅ​រយៈ​ពេល​វែង​ឆ្ងាយ​ទៀត​ដែល​ភូមា អាច​ក្លាយ​ជា​​អ្នក​ប្រកួត​ប្រជែង​ខ្លាំង​សម្រាប់​កម្ពុជា​ សម្រាប់​ភូមា សម្រាប់​វៀតណាម»

លោក ស្រី ចន្ធី មាន​ប្រសាសន៍​បន្ថែម​ថា ដើម្បី​រក្សា​កេរ្តិ៍​​ឈ្មោះ​អង្ករ​​ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​អង្ករ​កម្ពុជា នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​ការ​កែច្នៃ​អង្ករ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គុណភាព។

របាយការណ៍​របស់​ក្រុម​ការងារ​ផ្នែក​ស្រូវ អង្ករ នៃ​វេទិកា​ផ្នែក​រដ្ឋាភិបាល​និង​ឯកជន បាន​បង្ហាញ​ថា នៅ​រយៈពេល ៦​ខែ ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ ១៨​ម៉ឺន​តោន។ បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​ មាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​​ចំនួន​ ៦៥ ក្រុមហ៊ុន​ បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចំនួន ៤៩​ប្រទេស​ ក្នុង​នោះ​ប្រទេស​ដែល​ទិញ​អង្ករ​កម្ពុជា ច្រើន​ជាង​គេ គឺ​ប្រទេស​ ប៉ូឡូញ បារាំង ថៃ និង​ម៉ាឡេស៊ី។ ក្រុមហ៊ុន​នាំ​ចេញ​ខ្ពស់​ជាង​គេ​នៅ​ឆមាស​ទី​មួយ ឆ្នាំ​២០១៣ នេះ គឺ​ក្រុមហ៊ុន អែមរុ រៃស៍ ក្រុមហ៊ុន​ខ្មែរ ហ្វូត និង​ក្រុមហ៊ុន ហ្គោលដិន រៃស៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។