កាកបាទ​ក្រហម​កម្ពុជា​​​បដិសេធ​​ការ​រិះគន់​របស់​សង្គម​ស៊ីវិល

អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ក្រុម​ដែល​មាន​ចំនួន ៤០​ស្ថាប័ន បាន​សំដែង​ការ​ខកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ខកខាន​មិន​បាន​ផ្ដល់​សេវា​ចាំបាច់​នានា​ដល់​ពលរដ្ឋ ដែល​ចូល​រួម​មហា​បាតុកម្ម ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ។

0:00 / 0:00

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ​បាន​រិះគន់​ថា សមត្ថកិច្ច​របស់​រដ្ឋ​បាន​បាត់​បង់​អព្យាក្រឹត និង​ខ្វះ​វិជ្ជាជីវៈ​ក្នុង​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​ប្រយោជន៍​ពលរដ្ឋ។ ស្រប​គ្នា​នោះ បាន​រិះ​គន់​ចំ​ៗ​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ថា បាន​ព្រងើយ​កន្តើយ មិន​អើ​ពើ​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ក្នុង​នាម​ខ្លួន​ជា​អង្គការ​មនុស្សធម៌។ យ៉ាង​ណា​ មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា អះអាង​ថា សមាគម​នេះ​ធ្វើ​ការ​តាម​តួនាទី​ដែល​បាន​កំណត់។

មន្ត្រី​កាក​បាទ​ក្រហម​កម្ពុជា ច្រាន​ចោល​ការ​ការ​រិះគន់​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ថា កាកបាទ​ក្រហម​បាន​ព្រងើយ​កន្តើយ​ក្នុង​ការ​ផ្ដល់​ការ​គាំពារ​ដល់​ពលរដ្ឋ​ដែល​ចូល​រួម​មហា​បាតុកម្ម​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បញ្ជាក់​ថា ស្ថាប័ន​នេះ​បំពេញ​ការងារ​តាម​តម្រូវ​ការ​របស់​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ។

មន្ត្រី​កាកបាទ​ក្រហម លោក អ៊ុយ សំអាត មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ថា កាកបាទក្រហម​ពុំ​មាន​តួនាទី​ណា​មួយ​ឡើយ ប្រសិន​បើ​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​ពុំ​បាន​ស្នើ​ឡើង​ទេ​នោះ។

ការ​បញ្ជាក់​របស់​មន្ត្រី​កាកបាទក្រហម គឺ​បន្ទាប់​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឃ្លាំ​មើល​ស្ថានការណ៍​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្លែង​ការណ៍​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ថា​រាជ​រដ្ឋាភិបាល រួម​ទាំង​កាកបាទ​ក្រហម​កម្ពុជា​ផង មិន​បាន​ផ្ដល់​សេវា​ចាំបាច់​ដល់​ក្រុម​បាតុករ​ឡើយ។ សេវា​ទាំង​នោះ​មាន​ដូចជា សេវា​ផ្ដល់​ព័ត៌មាន សេវា​ជំនួយ​សង្គ្រោះ​បន្ទាន់ សង្គ្រោះ​បឋម​ដល់​ជន​រងគ្រោះ​ជា​បាតុករ និង​ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ពី​ព្រឹត្តិការណ៍​ប្រឈម​នានា។ ពួក​គេ​បាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ហើយ​ពង្រឹង​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា កាកបាទ​ក្រហម​ ​ និង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ​ដទៃ​ទៀត​ គួរ​ជួយ​គាំពារ​ដល់​ពលរដ្ឋ​ដោយ​មិន​រើស​មុខ​ឡើយ។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​សរសើរ​ពី​សកម្មជន និង​អ្នក​ស្ម័គ្រ​ចិត្ត​ជាច្រើន​រយ​នាក់​របស់​អង្គការ សមាគម​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​ចូល​រួម​ផ្ដល់​សេវា​ដល់​ជន​រងគ្រោះ រួម​ទាំង​សេវា​ទាំង​សេវា​សង្គ្រោះ​បឋម ធ្វើ​យុទ្ធនាការ​អហិង្សា​ដើម្បី​សន្តិភាព និង​កិច្ច​សហការ​ជំនួយ​មនុស្សធម៌​ដល់​គ្រួសារ និង​ជន​រងគ្រោះ​ដោយ​គ្មាន​ការរើសអើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។